មន្រ្តីជំនាញ​ជលផលខេត្តកែប​ បង្រ្កាបបទល្មើសនេសាទចំនួន​ ១១ករណី ឃាត់ខ្លួនជនល្មើស​ ១០នាក់ បញ្ជូនទៅតុលាការ​ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះ!

ចែករំលែក៖

ខេត្ត​កែប​៖​ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានឱ្យដឹងថា​ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥ មន្រ្តីជំនាញ​រដ្ឋបាលជលផល​ បានចុះបង្រ្កាបបទល្មើសនេសាទចំនួន​ ១១ករណី និងបានឃាត់ខ្លួនជនល្មើស​ ១០នាក់ បញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ផងដែរ។

លោកប្រធានមន្ទីរកសិកម្មរូបនេះ បានឱ្យដឹងទៀតថា ខេត្តកែបក្រោមការដឹកនាំរបស់លោក សោម ពិសិដ្ឋ
ចាប់ពីខែមករា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ កម្លាំងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប ​បានអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសជលផលក្នុងដែន​នេសាទ​សមុទ្រខេត្តកែប សរុបបាន១១ករណី ដោយបានរិបអូសទូកនេសាទល្មើសចំនួន៣គ្រឿង រួមជាមួយឧបករណ៍ឆក់៦គ្រឿង និងខ្សែភ្លើងមួយចំនួនត្រូវបានដកហូត ខណៈដែលអ្នកប្រព្រឹត្តបទ​ល្មើស ១០នាក់ មាន៥នាក់ជាជនជាតិខ្មែរ និង៥នាក់ទៀតជាជន​ជាតិបរទេស ត្រូវបានបញ្ជូនទៅ​សាលាតំបូងខេត្តកែប​ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។

ជាក់ស្ដែង​កម្លាំង​សមត្ថកិច្ចជំនាញ នៅក្នុងការចុះបង្ក្រាប​បទល្មើស​ចំនួន​ ១១ករណីនោះ ក៏បានពិន័យអន្តរការណ៍ចំនួន០២ករណី បានអនុវត្តវិធានការអប់រំណែនាំបាន​ចំនួន០៦ករណី ធ្វើកិច្ចសន្យាដល់អ្នកនេសាទ​សរុបចំនួន ០៦នាក់ ដកហូតឧបករណ៍ឆក់សរុបចំនួន០៦គ្រឿង​ អួនអូសមានភ្ជាប់ខ្សែភ្លើងចំនួន០៦ចូរ។

ប្រធាន​មន្ទីរ​រូបនេះ​ បានគូសបញ្ជាក់ថា ក្នុងការបង្រ្កាបបទល្មើសជលផលនេះ​ មិនមានការលើកលែងនោះទេ ទោះជនជាតិណាក៏ដោយ ឱ្យតែនេសាទដោយល្មើសច្បាប់ ក្នុងដែនសមុទ្ររបស់ខេត្តកែប៕ដោយ​៖តារា​

...

រូបភាព​៖BTV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print