ភ្នំពេញ ៖ ចំពោះវិធានការការពារអ្នកទេសចរណ៍ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់ទិសដៅឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវមានវិធានការការពារដោយហ្មត់ចត់នូវរាល់ គោលដៅទេសចរណ៍ទាំងអស់ដែលស្ថិតក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ ត្រូវបែងចែកតំបន់ដែល មានការប្រមូលផ្តុំទេសចរណ៍ច្រើន កំណត់ចរិតអាទិភាព ដើម្បីផ្តល់សេវាការពារ ព្រមទាំងត្រូវធ្វើការសិក្សា កំណត់គោលដៅភូមិសាស្ត្រផ្សេងៗទៀតដែលមានអ្នកទេសចរណ៍បរទេស ដើម្បីមានផែនការគ្រប់ជ្រុង ជ្រោយ មិនទុកឱ្យមានភាពចន្លោះប្រហោង។
-ការពារឱ្យបានដាច់ខាតនូវសុវត្ថិភាពផ្ទាល់ខ្លួនរបស់វិនិយោគិនបរទេស បុគ្គលិករដ្ឋបាល អ្នក បច្ចេកទេស និងអ្នកទេសចរណ៍បរទេស ក្នុងរយៈពេលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនទុកឱ្យឧក្រិដ្ឋជន ឬជនទុច្ចរិតបង្កឱ្យមានគ្រោះថ្នាក់ដោយប្រការណាមួយឡើយ។
-រក្សាឱ្យបានសុវត្ថិភាពរាល់ទីតាំងវិនិយោគ រាល់ទ្រព្យសម្បត្តិស្របច្បាប់ និងរាល់គោលដៅទេសចរណ៍ ទាំងអស់ មិនទទួលរងនូវការបំផ្លិចបំផ្លាញ ឬរំលោភបំពានដោយប្រការណាមួយ។
-នគរបាលទេសចរណ៍ត្រូវបង្កើតបញ្ជារទទួលពាក្យបណ្ដឹងចល័តនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីទទួលបណ្ដឹង និងដោះស្រាយបញ្ហារបស់វិនិយោគិន និងអ្នកទេសចរណ៍បរទេសបានទាន់ពេលវេលា។
-រាល់ការចេញលិខិតបញ្ជាក់ទទួលស្គាល់ពាក្យបណ្ដឹង និងលិខិតបដិសេធពាក្យបណ្ដឹង ជូន ភ្ញៀវទេសចរណ៍ ជាសមត្ថកិច្ចរបស់នាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕
ដោយ ៖ សិលា