ក្រសួងអប់រំ យុវជន និងកីឡា រៀបចំពិធីបើកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំពិធីបើកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម័យប្រឡង៖ ២៦ មេសា ២០២៥ ក្រោមអធិបតីភាពបណ្ឌិត សភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពី អភិបាល រង នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម លោក ជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គណៈ កម្មការ មេប្រយោគ លោកគ្រូ អ្នកគ្រូ និងបេក្ខជនប្រឡងនជ្រើសរើសសិស្សពូកែមកពី ២៥រាជធានី-ខេត្ត នៅមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។

តាមរយៈរបាយការណ៍ស្វាគមន៍របស់ បណ្ឌិត ហួ ឈុនគ្រី អគ្គាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនដែលបានចូលរួមប្រឡងជ្រើសរើសសិស្សពូកែឆ្នាំ ២០២៥នេះ មានចំនួនសរុប ២៤០នាក់ ស្រី ១២៦នាក់ មកពី១៦២គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជន (ថ្នាក់ទី៩ និងថ្នាក់ទី១២)។ ដំណើរការប្រឡងសិស្សពូកែឆ្នាំ២០២៥ នេះប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ទាំងដំណើរការសំណេរ កំណែ ស្រង់ បូកពិន្ទុ និងកម្មវិធីបើក-បិទ ដំណើរការវិញ្ញាសាសរសេរប្រព្រឹត្តទៅ ចំនួន២ពេល គឺ ព្រឹកថ្ងៃទី២៧ ទី២៨ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ បានផ្ដាំផ្ញើដល់គ្រប់សមាសភាពគណៈមេប្រយោគគ្រប់រូប ត្រូវបំពេញ ការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីការងារប្រឡងប្រព្រឹត្តទៅប្រកបដោយលទ្ធផលវិជ្ជមាន ព្រម ទាំងបានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សជាបេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡង ហើយខិតខំយកអស់សមត្ថភាព ដើម្បីដណ្ដើមជ័យលាភីកិត្តិយសជូនក្រុមគ្រួសារ សាលារៀន រាជធានី និងខេត្តរៀងៗខ្លួន ដោយប្រកាន់ខ្ជាប់នូវសុទិដ្ឋិនិយមចំពោះការប្រឡង។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយសីលធម៌ និងចំណេះដឹងខ្ពស់ លើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រអាចបញ្ចេញអស់សមត្ថភាព បង្ហាញសក្ដានុពលរៀងខ្លួន។

...

ក្នុងដំណើរការប្រឡងសិស្សពូកែ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ត្រូវម្ចាស់ការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដើម្បីដណ្តើមជ័យលាភីថ្នាក់រាជធានី-ខេត្ត តាមមុខវិជ្ជា តាមកម្រិតថ្នាក់ តាមចំនួនកំណត់ក្នុងតារាងបែងចែកជូនភ្ជាប់ រួចបញ្ជូនបេក្ខភាពមកចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស។ ពិធីបិទ និងការប្រកាសលទ្ធផលប្រឡងសិស្សពូកែនឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print