ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានបដិសេធរបាយការណ៍ដែលថាទីក្រុងប៉េកាំងស្ថិតនៅក្នុងកិច្ចពិភាក្សាពន្ធគយ និងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។
នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី 26 ខែមេសា ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានអះអាងថា “មិនទាន់មានការពិគ្រោះ ឬការចរចារវាងចិននឹងអាមេរិកលើបញ្ហាពន្ធគយទេ ទុកតែកិច្ចព្រមព្រៀងមួយ”។
ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍ដែលថាកិច្ចពិភាក្សាពន្ធគយកំពុងធ្វើឡើងរវាងចិននឹងអាមេរិក គឺជា “ព័ត៌មានមិនពិតទាំងស្រុង” ប៉ុន្តែមិនបានលើកឡើងពីប្រធានាធិបតីអាមេរិក Donald Trump ឬសេចក្តីថ្លែងការណ៍របស់គាត់អំពី “ការហៅទូរស័ព្ទជាមួយប្រធានាធិបតីចិន Xi Jinping” នោះទេ។
សារបង្ហោះបាននិយាយថា “សង្រ្គាមពាណិជ្ជកម្មត្រូវបានផ្តួចផ្តើមដោយសហរដ្ឋអាមេរិក។ ប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់ដោះស្រាយបញ្ហាតាមរយៈការសន្ទនាជាដំបូង ត្រូវតែកែកំហុសរបស់ខ្លួន បញ្ឈប់ការគំរាមកំហែង និងដាក់សម្ពាធអ្នកដទៃ និងលុបបំបាត់ទាំងស្រុងនូវរាល់វិធានការពន្ធឯកតោភាគីប្រឆាំងនឹងប្រទេសចិន” ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong ធ្លាប់បានធ្វើសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះ ដោយអះអាងថា “អ្នកណាដែលចងចំណងត្រូវតែស្រាយវាចេញ”។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ក៏បាននិយាយផងដែរថា របាយការណ៍នៃកិច្ចចរចារវាងទីក្រុងប៉េកាំង នឹងទីក្រុងវ៉ាស៊ីនតោន “គឺសុទ្ធតែមិនពិត”៕ ដោយធីរីណា
រូបថត: AFP