សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៦ ខែមេសា បានផ្សាយថា នៅថ្ងៃសៅរ៍នេះ កងទ័ពឥណ្ឌានិងប៉ាគីស្ថាន បានបន្តបាញ់កាំភ្លើងតបតទៅមករយៈពេល២ថ្ងៃជាប់គ្នា ស្របពេលដែលទំនាក់ទំនងរវាងប្រទេសមានអាវុធនុយក្លេអ៊ែរទាំងពីរ បានធ្លាក់ដុនដាបខ្លាំង ក្រោយការវាយប្រហារលើអ្នកទេសចរដែលបានផ្តាច់ជីវិតមនុស្ស២៦នាក់ នៅផ្នែកនៃតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា ហើយការវាយប្រហារនោះ ត្រូវបានទម្លាក់កំហុសលើក្រុមសកម្មប្រយុទ្ធប៉ាគីស្ថាន។
យោធាឥណ្ឌាបានប្រាប់ថា ទាហានរបស់ខ្លួនបានបាញ់ឆ្លើយតបចំពោះការបាញ់កាំភ្លើងចេញមកពីប៉ុស្តិ៍យោធាមួយចំនួនរបស់ប៉ាគីស្ថាន ដែលបានចាប់ផ្តើមកាលពីអំឡុងយប់រំលងអធ្រាត្រ ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ នៅតាមបណ្តោយព្រំប្រទល់ប្រវែង៧៤០គីឡូម៉ែត្រ ដែលខណ្ឌចែកផ្នែករបស់ឥណ្ឌានិងផ្នែករបស់ប៉ាគីស្ថាន នៅតំបន់ Kashmir។ យោធាឥណ្ឌាបានបន្ថែមថា ខាងកងទ័ពប៉ាគីស្ថាន ក៏បានបាញ់កាំភ្លើងមកលើខ្លួន កាលពីអំឡុងយប់រំលងអធ្រាត្រថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រផងដែរ។ បើតាមយោធាឥណ្ឌា មិនមានរងរបួសឬបាត់បង់ជីវិតទេ អំឡុងការបាញ់ប្រហារដាក់គ្នាទាំងនេះ នៅខាងឥណ្ឌា។ ដោយឡែក ពុំទាន់មានការអត្ថាធិប្បាយពីខាងយោធាប៉ាគីស្ថាននៅឡើយ។
ឥណ្ឌាបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើង៣នាក់ ក្នុងនោះ២នាក់ជនជាតិប៉ាគីស្ថាន ដែលបានធ្វើសកម្មភាពវាយប្រហារកាលពីថ្ងៃទី២២ ខែមេសា។ ប៉ាគីស្ថានបានចេញមុខបដិសេធ ការជាប់ពាក់ព័ន្ធណាមួយ ហើយរដ្ឋមន្រ្តីការពារជាតិប៉ាគីស្ថាន បានអំពាវនាវឱ្យមានការស៉ើបអង្កេតលក្ខណៈអន្តរជាតិ លើករណីវាយប្រហារនេះ។ ក្រោយការវាយប្រហារ ឥណ្ឌានិងប៉ាគីស្ថាន បានចេញវិធានការផ្សេងៗប្រឆាំងគ្នា រួមមានប៉ាគីស្ថានបិទដែនអាកាសសម្រាប់អាកាសចរណ៍ឥណ្ឌា រីឯឥណ្ឌាផ្អាកសន្ធិសញ្ញាចែករំលែកទឹកទន្លេ។ អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យភាគីទាំងពីរ អនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីធានាកុំឱ្យស្ថានការណ៍វិវត្តកាន់តែអាក្រក់ ហើយដោះស្រាយបញ្ហាដោយសន្តិវិធី។
ឥណ្ឌានិងប៉ាគីស្ថាន មានកិច្ចព្រមព្រៀងឈប់បាញ់អាយុកាលរាប់ទសវត្សរ៍ ជុំវិញតំបន់ Kashmir ដែលមានបញ្ហាវិវាទ ប៉ុន្តែកងទ័ពទាំងពីរ នៅតែបាញ់ប្រហារដាក់គ្នាម្តងម្កាល។ ប្រទេសជិតខាងទាំងពីរ បានទាមទារកាន់កាប់ទាំងស្រុងដូចគ្នាលើតំបន់ Kashmir ហើយធ្វើសង្រ្គាម២លើក ក្នុងចំណោមសង្រ្គាមទាំង៣លើក ដោយសារតែតំបន់នេះ៕ ដោយធីរីណា
រូបថត: Reuters