សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ នៅព្រឹក​ថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ២០២៥នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៥។

ពិធីនេះ ប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបជិត ៦ពាន់នាក់ មកពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហព័ន្ធសហជីព សហជីពមូលដ្ឋាន ក្រុមហ៊ុន រោងចក្រ សហគ្រាស។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានបង្ហាញក្ដីរីករាយដោយនៅថ្ងៃនេះបានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈជិត ៦ ពាន់នាក់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។

-សម្ដេចធិបតី ថ្លែងថា​ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ កម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានអ្នកស្នើចុះ ឈ្មោះចូលរៀនប្រមាណ ១១.៣ ម៉ឺននាក់, សិស្សកំពុងសិក្សា និងបញ្ចប់ការសិក្សាប្រមាណ ៧,២ ម៉ឺននាក់, និងសិស្សទទួលបានការងារធ្វើប្រមាណ ១.៦ម៉ឺននាក់។

-សម្ដេចធិបតី ថ្លែងថា​ បច្ចុប្បន្នរោងចក្រសហគ្រាសដែលបានចុះបញ្ជីមានចំនួនសរុបជាង ៤៥០០០ សហគ្រាស ក្នុងនោះចំនួនកម្មករនិយោជិតកើនឡើងដល់ជាង ១,៨៥ លាននាក់។

-សម្ដេចធិបតី ថ្លែងថា​ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំ២០២៥នេះ បណ្ដារោងចក្រមួយចំនួននឹងមានការរៀបចំការរាំលេងកម្សាន្តសប្បាយជូនបងប្អូនកម្មករកម្មការិនី នៅតាមបណ្ដារោងចក្រ សហគ្រាសនានា។

-សម្ដេចធិបតី ថ្លែងថា​ ដោយសារកត្តាការសាមគ្គីភាព និងសុខសន្ដិភាពរបស់កម្ពុជា ក្នុងឆ្នាំ២០២៥នេះ សម្ដេចសង្ឃឹមថា កម្ពុជានឹងទទួលបានការវិនិយោគិនថ្មីៗជាច្រើនបន្ថែមទៀត។

-សម្ដេចធិបតី​ ថ្លែងថា​ ពីដើមឡើយការងារនៅតាមរោងចក្រមានការផលិតតែសំលៀកបំពាក់ប៉ុន្តែបច្ចុប្បន្នតាមរោងចក្រមានផលិតផលគ្រប់​ប្រភេទរួមទាំងគ្រឿងបង្គំ​រថយន្តដែល​បានផលិតនៅកម្ពុជាផ្ទាល់ជាមោទនភាពរបស់ប្រទេសយើង។

-សម្ដេចធិបតី ថ្លែង​ជំរុញ និងលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ជំរុញការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ឱ្យមកចុះឈ្មោះចូលរៀនឱ្យបានច្រើនដើម្បីពលរដ្ឋអាចទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ខ្លួនឯង។

-សម្ដេចធិបតី ថ្លែងថា​ ចំពោះការដំឡើងប្រាក់ឈ្នួល រាជរដ្ឋាភិបាលបន្ថែមតួលេខ ២ដុល្លារ លើតួលេខ ២០៦ដុល្លារ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ កើនដល់ចំនួន ២០៨ ដុល្លារអាម៉េរិក និងបានកំពុងអនុវត្តដោយជោគជ័យ។ ខណៈប្រសិនបើបូកបន្ថែមប្រាក់អត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗទៀត កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលទាបបំផុតចន្លោះពី ២២៥ ដុល្លារអាម៉េរិក ដល់ ២៣៦ ដុល្លារអាម៉េរិកក្នុងមួយខែ។

-សម្ដេចធិបតី ថ្លែងថា​ នៅលើពិភពលោកនេះគ្មានប្រទេសណាដែលមិនបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសនោះទេ។ រាជរដ្ឋាភិបាលបានគិតគូទាំងសុខភាព និងការងារដើម្បីបើកច្រកឱកាសការងារជូនបងប្អូនកម្មករ។

-សម្ដេចធិបតី ថ្លែងសម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខចំពោះពលករខ្មែរដែលរងគ្រោះដោយសារករណីបាក់រលំអគារនៅប្រទេសថៃដោយសារគ្រោះរញ្ជួយដីកាលពីពេលកន្លងទៅនេះ ក្នុងនោះមានពលករខ្មែរពីរនាក់បានស្លាប់ និងពីរនាក់ទៀតបានបាត់ខ្លួន។

-សម្ដេចធិបតី ថ្លែងថា​ ទោះបីជាសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់ជាបន្តបន្ទាប់ហើយប្រទេសមួយចំនួនមិនបានដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជាបានបន្តដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតជានិច្ចទោះបីតិច ឬច្រើនក៏ដោយ។

-សម្ដេចធិបតី ថ្លែងថា​ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានខិតខំគិតគូរផលប្រយោជន៍បន្ថែមទៀតលើសុខភាពចំពោះអ្នកធ្វើការងារក្រៅប្រព័ន្ធ អ្នកស្វ័យនិយោជ ដើម្បីលើកកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋ។

-សម្ដេចធិបតី​ ថ្លែងថា​ ការដែលចង់ឲ្យបងប្អូនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធគឺមិនមែនដើម្បីបង់ពន្ធនោះទេគឺដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល។

-សម្ដេចធិបតី ថ្លែងថា​ រដ្ឋាភិបាលបានគិតគូរទាំងអស់គ្រប់ជ្រុងជ្រោយដល់កម្មករនិយោជិតទាំងតម្លៃការស្នាក់នៅ តម្លៃជិះរថយន្តដឹកជញ្ជូន និងតម្លៃប្រើប្រាស់ទឹកភ្លើង ដើម្បីឲ្យបងប្អូន ចំណាយកាន់តែតិចនេះជាការចូលរួមរបស់រាជរដ្ឋាភិបាល។

-សម្ដេចធិបតី ថ្លែងថា ការកង្វះអាហារូបត្ថម្ភ បញ្ហានេះគឺរាជរដ្ឋាភិបាលបានគិតគូរខ្លាំងណាស់ ក្នុងនោះសូម្បីតែស្រ្ដីដែលជាជនជាប់ឃុំមានផ្ទៃពោះ ឬមានកូនតូចក៏រាជរដ្ឋាភិបាលបានគិតគូរដល់ពួកគាត់ គឺគិតគូរទាំងម្ដាយ និងកូន។

-សម្ដេចធិបតី ថ្លែងថា​ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រី មានផ្ទៃពោះមុនពេលសម្រាលកូន និងក្រោយពេលសម្រាលកូនរហូតដល់កូនអាយុ ២ឆ្នាំ ចំនួន ១៤ លើក ដោយមួយលើក ទទួលបានថវិកាចំនួន ៨ ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភពេលសម្រាល កូនចំនួន ៨០ម៉ឺនរៀលបានចំណាយថវិកាប្រមាណ ៣៣០ ពាន់លានរៀល ដោយមានស្ត្រីជាម្តាយចំនួនជាង ៦៤ ម៉ឺននាក់ និងកូនជាង ៦៦ ម៉ឺននាក់បានទទួលផលពីកម្មវិធីនេះ។

-សម្ដេចធិបតី ថ្លែងថា​ ចំពោះវិវាទការងារ សូមកុំឱ្យមានជនទី៣លូកដៃចូលធ្វើឱ្យរាំងស្ទះដល់ការដោះស្រាយ។ ចំណែក អង្គការ ឬសហជីពត្រូវធ្វើជាតំណាងរបស់កម្មករនិយោជិត និងអនុវត្តទៅតាមច្បាប់ និងវិជ្ជាជីវៈដែលបានអនុលោម កុំឱ្យមានការពាក់ព័ន្ធទៅរឿងផ្សេង។

-សម្ដេចធិបតី ថ្លែង​អំពាវនាវបងប្អូនអង្គការសហជីពអង្គការវិជ្ជាជីវៈត្រូវធ្វើតាមវិជ្ជាជីវៈអនុវត្តអនុលោមតាមច្បាប់បើយើងទាមទារហួសពីច្បាប់ដែរអនុញ្ញាតមិនអាចដោះស្រាយបាននោះទេ វាអាចចូលក្នុងអន្ទាក់នយោបាយក្រុមណាមួយនោះ។ រាជរដ្ឋាភិបាលខិតខំដោះស្រាយដោយតម្លាភាពដើម្បីប្រយោជន៍ទាំងអស់គ្នាកុំឲ្យផ្ទះយើងរោងចក្រយើងឆេះនាំឲ្យបាត់បង់ផលប្រយោជន៍ទាំងអស់គ្នា។

-សម្ដេចធិបតី ថ្លែងអំពាវនាវដល់ម្ចាស់រថយន្តបើកបរដឹកកម្មករនិយោជិត ត្រូវគិតគូរពីគុណភាពយានយន្ត និងបើកបរគោរពច្បាប់ ដើម្បីធានាសុវត្ថិភាពជូនកម្មករ-កម្មការិនី។

-សម្ដេចធិបតី ថ្លែង​អបអរសាទរ ដែលរាជធានីភ្នំពេញ របស់ប្រទេសកម្ពុជាបានជាប់លេខ២ ជាក្រុងលំហែកាយពេលស្រមោលរាត្រីដ៏ទាក់ទាញបំផុតនៅលើពិភពលោក។ សម្ដេចជំរុញឱ្យចូលរួមផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជាបន្ថែមទៀតទៅកាន់ពិភពលោក។

-សម្ដេចធិបតី ថ្លែងថា​ បើបរិស្ថានការងាររបស់បងប្អូននៅតាមរោងចក្របានល្អនោះរាជរដ្ឋាភិបាលនឹងខិតខំទាក់ទាញអ្នកវិនិយោគឲ្យកាន់តែច្រើនថែមទៀត។ ប្រសិនបើមានបាតុកម្មកើតឡើងនោះអ្នកវិនិយោគិននឹងមិនមកដាក់ទុនវិនិយោគនៅកម្ពុជាយើងនោះទេ។

-សម្ដេចធិបតី ថ្លែងថា សាច់គោ ឬស្ពៃ អត់បញ្ហា សំខាន់មានម្ហូបឱ្យកូនចៅខ្ញុំហូបនៅផ្ទះ។ ប្រទេសណាក៏កម្ពុជាយកសំខាន់មានការងារ និងការវិនិយោគ ដើម្បីប្រជាពលរដ្ឋកម្ពុជា និងសេដ្ឋកិច្ចកម្ពុជា។

-សម្ដេចធិបតី ថ្លែង​បន្តអំពាវនាវដល់ពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ខណៈរយៈពេល១៩ខែនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំធ្វើកិច្ចការងារច្រើនណាស់ ដើម្បីការពារអត្ថប្រយោជន៍ និងសេដ្ឋកិច្ចជាតិ។ សម្ដេចថ្លែងថា ការលំបាក អាចលំបាក តែមិនស្លាប់ទេ ប៉ុន្ដែការលំបាកតិចតួចធ្វើឱ្យយើងរឹងមាំ។

-សម្ដេចធិបតី ថ្លែងថា៖ «ឃើញគោលនយោបាយស្រក់ទឹកមាត់ ប៉ុន្ដែពេលឃើញការអនុវត្តស្រក់ទឹកភ្នែក»! សម្ដេចធិបតីឱ្យតាមដានជាប់ជាប្រចាំចំពោះការអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញចៀសវាងការអនុវត្តផ្ទុយពីគោលនយោបាយ ដើម្បីអនុគ្រោះដល់ការវិនិយោគ ឬវិស័យផ្សេងៗ។

-សម្ដេចធិបតី ថ្លែងថា​ តើកម្ពុជាជាប្រទេសតែមួយដែលជាប់ពន្ធពីអាមេរិក ឬយ៉ាងណា? គឺមិនមែនដាក់តែកម្ពុជានោះទេ គឺមានប្រទេសជិត ២០០ បានជាប់ការអនុវត្តពន្ធថ្មីរបស់អាមេរិក ហើយនេះជាការដាក់ពន្ធសាកល ដោយសារប្រធានាធិបតីអាមេរិកគិតថា ប្រទេសផ្សេងគេងចំណេញពីអាមេរិកច្រើន ហើយការដាក់ពន្ធនេះ គឺដើម្បីចរចាពន្ធថ្មីរបស់អាមេរិកឱ្យស្នើភាព។

-សម្ដេចធិបតី ថ្លែងថា​ ៩៧% គឺជាភាពលំអៀងនៃឱនភាពពាណិជ្ជកម្ម មិនមែនជាការ ដាក់ពន្ធចំពោះអាមេរិកនោះទេ។ ពន្ធដែលកម្ពុជាដាក់ចំពោះអាមេរិកច្រើនបំផុត ៣០% ក្នុងនោះមានដូចជាទំនិញលើស្រាជាដើម ហើយក៏មានទំនិញមួយចំនួនជាប់ពន្ធសូន្យភាគរយផងដែរដូចជាគ្រឿងបម្លាស់ទូរស័ព្ទមួយចំនួន។ ចំណែកអាមេរិកដាក់ពន្ធ ៤៥% មកលើកម្ពុជាគឺអាមេរិកយក ៩៧% ចែកនឹងពីរ។

-សម្ដេចធិបតី ថ្លែងថា​ អ្នកនយោបាយជ្រុលនិយមមួយចំនួននៅក្រៅប្រទេស អួតថាស្រឡាញ់កម្មករនិយោជិតណាស់ ប៉ុន្ដែអង្គុយតែរិះគន់រាជរដ្ឋាភិបាល និងអំពាវនាវឱ្យបរទេសកាត់ជំនួយ កុំឱ្យមកវិនិយោគនៅកម្ពុជា និងឱ្យដាក់ពន្ធមកលើកម្ពុជា។ តើនេះឬការស្រឡាញ់កម្មករនិយោជិត?

-សម្ដេចធិបតី ថ្លែងថា​ ទីផ្សារអាមេរិក រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំចរចាបន្តទៀត ខណៈនៅខែក្រោយនេះសម្ដេចធិបតីនឹងអញ្ជើញទៅប្រទេសជប៉ុន ក្នុងឱកាសនោះសម្ដេចនឹងទាក់ទាញវិនិយោគិន វិស័យទេសចរណ៍ និងពាណិជ្ជកម្មនានាបន្ថែមទៀតសម្រាប់ផ្ដល់ឱកាសការងារឱ្យបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន។

-សម្ដេចធិបតី ថ្លែង​បន្តអំពាវនាវដល់ពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ខណៈរយៈពេល១៩ខែនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំធ្វើកិច្ចការងារច្រើនណាស់ ដើម្បីការពារអត្ថប្រយោជន៍ និងសេដ្ឋកិច្ចជាតិ។ សម្ដេចថ្លែងថា ការលំបាក អាចលំបាក តែមិនស្លាប់ទេ ប៉ុន្ដែការលំបាកតិចតួចធ្វើឱ្យយើងរឹងមាំ។

-សម្ដេចធិបតី ថ្លែងថា​ ហួសចិត្តដែលតាម្នាក់នៅក្រៅប្រទេសនៅតែបបួលពលរដ្ឋផ្ដួលរំលំរាជរដ្ឋាភិបាល។

-សម្ដេចធិបតី​ ថ្លែង​បញ្ជាក់ថា រាជរដ្ឋភិបាលមិនអាចឱ្យមានករណីដូចជាចលនាកាលពីថ្ងៃទី១៨ សីហា កើតឡើងបានឡើយ។ យើងត្រូវចងចាំអតីតកាល សង្គ្រាមដែលកម្ពុជាបានឆ្លងកាត់ ដើម្បីចៀសវាងកុំឱ្យប្រវត្តិសាស្រ្ដដ៏ជូរចត់នេះកើតឡើងវិញម្ដងទៀត ហើយបែរមករួមគ្នាថែរក្សាសាមគ្គីភាព ឯកភាពជាតិ និងសុខសន្ដិភាពរបស់កម្ពុជា។

នាឱកាស​នោះ​ដែរ​ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ​ បានឱ្យដឹងថា​ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ក្រសួងការងារបានបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានអ្នកស្នើចុះ ឈ្មោះចូលរៀនប្រមាណ ១១.៣ ម៉ឺននាក់, សិស្សកំពុងសិក្សា និងបញ្ចប់ការសិក្សាប្រមាណ ៧,២ ម៉ឺននាក់, និងសិស្សទទួលបានការងារធ្វើប្រមាណ ១.៦ម៉ឺននាក់។

លោក ហេង សួរ បន្តថា ក្រសួងការងារបានពង្រីករបបថែទាំសុខភាពជូនអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងបុគ្គលស្វ័យនិយោជន៍ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងផ្តើមចេញពីបុគ្គលស្វ័យនិយោជន៍ ដោយ គិតត្រឹមខែមីនា ឆ្នាំ២០២៥នេះ បានចុះបញ្ជីកាជូនអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ប្រមាណ ១,៨ ម៉ឺននាក់ និងបុគ្គលស្វ័យនិយោជន៍ប្រមាណ ៤.៩ម៉ឺននាក់។

លោករដ្ឋមន្ត្រីក្រសួងការងារ​ បានឱ្យដឹងទៀតថា បច្ចុប្បន្នក្រសួងបានជំរុញឱ្យវិស័យឯកជនទទួលយកសិស្ស និស្សិតហាត់ការនៅកន្លែងការងារ និងបានជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ដោយគិតត្រឹមខែមីនា ឆ្នាំ២០២៥នេះ បានហ្វឹកហ្វឺន កូនជាងសរុបប្រមាណជាង ៦ម៉ឺននាក់។

លោក ហេង សួរ បន្ថែមថា ក្រសួងការងារបានដាក់ឱ្យអនុវត្តនូវការជ្រើសរើសពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្ត មួយ” ប្រចាំឆ្នាំ២០២៥ ដោយផ្អែកលើលក្ខណវិនិច្ឆ័យអនុលោមភាពចំនួន ៨ និងកំណត់យក ថ្ងៃទី១ ខែឧសភា ជាថ្ងៃប្រគល់ពានរង្វាន់ជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០២៥នេះ គឺជាឆ្នាំដំបូង នៃការប្រគល់ពានរង្វាន់ ដោយមានសហគ្រាសចំនួន ៣៦ ដែលត្រូវបានវាយតម្លៃ និងជ្រើសរើសឱ្យទទួលបានពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”។

លោក ហេង សួរ បានបញ្ជាក់ថា​ បច្ចុប្បន្នក្រសួងការងារបានស្វែងរកយន្តការផ្លាស់ប្តូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋាន និងផាសុកភាពជាងមុន ដោយបានសហការជាមួយក្រុមហ៊ុនផលិតរថយន្តនៅក្នុងស្រុក ដើម្បីផលិតរថយន្តដឹកកម្មករនិយោជិតថ្មី ដែលមានលក្ខណៈស្របតាមបច្ចេកទេស និងមានភាពសុវត្ថិភាពជាងមុន។

...

លោក ហេង សួរ បានបញ្ជាក់បន្ថែមថា​ មកដល់បច្ចុប្បន្នក្រសួងបានពង្រឹងប្រសិទ្ធភាពនៃយន្តការផ្តល់សេវាស្វែងរកការងារ និងការរៀបចំវេទិកាការងារ ដោយបានចុះឈ្មោះអ្នកស្វែងរកការងារសរុបចំនួន ៧១,៨ ម៉ឺននាក់, បញ្ជូនទៅនិយោជកចំនួន ១១.៥ ម៉ឺនដង/នាក់ និងជួយស្វែងរកការងារជូនប្រជាពលរដ្ឋបាន ១.៥ម៉ឺននាក់ ខណៈក្រសួងបន្តផ្សព្វផ្សាយអំពីវេទិកាការងារជារៀងរាល់សប្ដាហ៍ផងដែរ៕ ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print