រឿងនិទានខ្លី (ប្រចាំថ្ងៃអាទិត្យ)រឿង កណ្ដុរនិងម្ចាស់ចម្ការដំឡូង

ចែករំលែក៖

រដូវទទួលផលដំឡូងឈើ បានមកដល់ ធ្វើឲ្យពពួកសត្វកណ្ដុរសប្បាយនឹងគាស់កាយស៊ីមើមដំឡូងស្ទើរហិនហោច។
ពេលឃើញដូច្នេះ ម្ចាស់ចម្ការ ប្រឹងដាក់អង្គប់ និងរាយខ្សែលួសដើម្បីឆក់សម្លាប់សត្វកណ្ដុរស្ទើររាល់ថ្ងៃ ជាហេតុធ្វើឱ្យសត្វកណ្ដុរកាន់តែហោចទៅៗ ។
ថ្ងៃមួយ ហ្វូងសត្វកណ្ដុរដែលសល់ពីស្លាប់ ឮដំណឹងថាម្ចាស់ចម្ការបានស្លាប់លែងបានមកដាំដំឡូងទៀតហើយ។ ដំណឹងនេះធ្វើឲ្យហ្វូងសត្វកណ្ដុរនាំគ្នាត្រេកអរខ្លាំងណាស់ នាំគ្នាទះដៃហ៊ោកញ្ជ្រៀវ ព្រោះនឹកគិតថាចាប់ពីថ្ងៃនេះទៅ លែងមានអ្នកសម្លាប់ក្រុមខ្លួនទៀតហើយ។ ដូច្នេះពួកគេងាយស្រួលនឹងគាស់កាយស៊ីមើមដំឡូងបានយ៉ាងស្រួល។
លុះមួយឆ្នាំក្រោយមក ចម្ការដំឡូងនៅទីនោះ គ្មានម្ចាស់ចម្ការទៅដាំដំឡូងទៀតទេ ហេតុនេះហើយទើបធ្វើឱ្យហ្វូងសត្វកណ្ដុរទាំងនោះគ្មានអ្វីស៊ីជាចំណីចិញ្ចឹមជីវិត ធ្លាក់ខ្លួនស្គមនិងខ្លះទៀតស្លាប់ជាបណ្ដើរៗទៅហោង៕ ដោយ÷ ហុក បួន
*គតិអប់រំ÷ ថ្ងៃនេះមនុស្សជុំវិញអ្នក មើលមិនឃើញពីតម្លៃ របស់អ្នក តែថ្ងៃក្រោយគេនឹងដឹងពីគុណតម្លៃរបស់អ្នក ហើយគេនឹងស្ដាយក្រោយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print