សារព័ត៌មានយ៉នហាប់ របស់កូរ៉េខាងត្បូង បានផ្សាយថា កូរ៉េខាងជើង ទើបតែបាញ់មីស៊ីលចេញពីនាវាមុជទឹកនៅតំបន់សមុទ្រភាគខាងកើតប្រទេសនេះ។ ការបាញ់នោះធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៤ ខែសីហា នៅតំបន់សមុទ្រស្ថិតនៅក្នុងក្រុង Sinpo។
ការបាញ់មីស៊ីលខាងលើកើតឡើងក្រោយមួយថ្ងៃដែលកូរ៉េខាងជើង បានគំរាមកំហែងថានឹងវាយបកទៅលើការធ្វើសមយុទ្ធរវាងអាមេរិកនិងកូរ៉េខាងត្បូង ដោយទីក្រុងព្យុងយ៉ាងចាត់ទុកថា ការធ្វើសមយុទ្ធនោះជាការប៉ុនប៉ងឈ្លានពានទឹកដីកូរ៉េខាងជើង។
ទីក្រុងព្យុងយ៉ាង បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងពេលអាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធ និងដាក់ពង្រាយប្រពន្ធកាំជ្រួចមីស៊ីលនៅកូរ៉េខាងត្បូង ដើម្បីទប់ស្កាត់កាំជ្រួចមីស៊ីលរស់កូរ៉េខាងជើង ។
កាលពីខែកក្កដា កន្លងទៅ កូរ៉េខាងជើង ក៏បានសាកល្បងមីស៊ីលចេញពីនាវាមុជទឹកនៅតំបន់សមុទ្រភាគខាងកើតប្រទេសនេះផងដែរ ប៉ុន្តែការសាកល្បងនោះបរាជ័យ។ កាលពីខែមេសា ឆ្នាំ២០១៦ កូរ៉េខាងជើងក៏បានសាកល្បងមីស៊ីល បរាជ័យដោយមីស៊ីលបានផ្ទុះឆេះក្រោយហោះហើរបានប្រមាណ៣០គីឡូម៉ែត្រ ។ ចំណែកការបាញ់នៅថ្ងៃទី២៤ ខែសីហា នេះ មិនទាន់មានព័ត៌មានថា ទទួលបានជោគជ័យឬយ៉ាងណានោះទេ។
កាលពីថ្ងៃទី២២ ខែសីហា អាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រងទ្រាយធំដោយមានការចូលរួមពីកម្លាំងទាហ៊ានជាង ៧៥ពាន់នាក់ ក្នុងនោះមានទាហ៊ានកូរ៉េខាងត្បូង ៥ម៉ឺននាក់ ចំណែកទាហ៊ានអាមេរិកមាន២៥ពាន់នាក់។ ការធ្វើសមយុទ្ធនោះអូសបន្លាយរហូតដល់ថ្ងៃទី០២ ខែកញ្ញា ដើម្បីបង្កើនសម្ថភាពការពារ និងរក្សាសន្តិសុខស្ថេរភាពនៅឧប្បទ្វីបកូរ៉េ ។
ក្នុងថ្ងៃជាមួយគ្នានោះដែរ កូរ៉េខាងជើង បានប្រមានថានឹងបើកការវាយប្រហារ ឆ្លើយតបទៅនឹងការធ្វើសមយុទ្ធខាងលើ ដោយចោទប្រកាន់ថា ការធ្វើសមយុទ្ធនោះជាការឌឺដងសម្រាប់សង្គ្រាមបរមាណូ ប្រឆាំងកូរ៉េខាងជើង ។ ការគំរាមកំហែងបែបនេះរបស់កូរ៉េខាងជើងមិនមែនជាលើកទីមួយឡើយគឺរាល់ពេលអាមេរិកកូរ៉េខាងត្បូងធ្វើសមយុទ្ធកូរ៉េខាងជើងតែងតែគម្រាមកំហែងបែបនេះ។
ក្រៅពីធ្វើសមយុទ្ធយោធាជាទ្រង់ទ្រាយធំប្រទេសទាំងពីរក៏មានសមយុទ្ធប្រចាំឆ្នាំដែលមានឈ្មោះថា Ulchi Freedom Guardian ។ សមយុទ្ធនោះគឺហាត់សមនៅលើកុំព្យូទ័រ ធ្វើដូចជាការវាយប្រហារពិតៗពីសំណាក់កូរ៉េខាងជើង ។ សមយុទ្ធហាត់សមរូមគ្នារវាងទាហ៊ានអាមេរិក និងកូរ៉េខាងត្បូងដែលមានគ្នាចំនួនទាំងអស់ ៨ម៉ឺននាក់ជារាងរាល់ឆ្នាំតែងតែបង្កើនកំដៅនៃភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ ជាពិសេសនៅឆ្នាំនេះតែម្តង ដែលស្ថានភាពនៅក្នុងតំបន់បានធ្លាក់ចុះដុនដាប។
ម្យ៉ាងទៀតបន្ទាប់ពីព្យុងយ៉ាង បានបាញ់សាកល្បងគ្រាប់មីស៊ីលរបស់ខ្លួនជាបន្តបន្ទាប់គ្នារហូតមកដល់លើកទីបួនកាលពីខែមករា កន្លងទៅ ក្រុមអ្នកជំនាញខ្លះជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរនេះកាន់តែតានតឹងខ្លាំងជាងមុនចាប់តាំងពីទសវត្សឆ្នាំ១៩៧០ ។ ទោះបីជាវ៉ាស៊ីនតោន និងសេអ៊ូល ខិតខំបញ្ជាក់អះអាងថា សមយុទ្ធរបស់ខ្លួនដែលមានគោលដៅដើម្បីបង្ការការពារខ្លួនដ៏សុទ្ធសាធក្តី ក៏ព្យុងយ៉ាងនៅតែមិនសុខចិត្តនិងនៅតែចាត់ទុកថា ជាការបង្កហេតុដដែល៕
ប្រែសម្រួល៖ ម៉ែវ សាធី