ខេត្តបាត់ដំបង៖ មានរឿងហេតុថ្មីមួយទៀតល្បិចបោកប្រាស់ពីសំណាក់បុរស២នាក់បានធ្វើសកម្មភាពបន្លំយកប្រាក់ពីម្ចាស់ផ្ទះវេរប្រាក់វីងបានសម្រេចមួយកន្លែងក្នុងក្រុងបាត់ដំបងចំនួន១៧០០ដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើល គ្រាដែលបុរសសង្ស័យ២នាក់នោះជិះម៉ូតូ១គ្រឿងចំណាយប្រាក់ ១៧ដុល្លារសុទ្ធតែក្រដាស់ប្រាក់១ដុល្លារឆ្ពិនភ្នែកម្ចាស់ហាងវេរប្រាក់វីង។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចប្រាប់ឱ្យដឹងថាៈ ម្ចាស់ហាងវេរប្រាក់វីងរងគ្រោះមានឈ្មោះ លឹម ជូរឈឹក ភេទស្រី អាយុ២៧ឆ្នាំនៅត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប្រាប់ឱ្យដឹងថាកាលពីវេលាម៉ោងប្រហែល២ រសៀល នាថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦ មានបុរស២នាក់ដែលមានវ័យចំណាស់ទៅហើយពាក់មួកសុវត្ថិភាពបានជិះម៉ូតូ១គ្រឿងឌុបគ្នាមកកន្លែងហាងវេរប្រាក់របស់គាត់។ដោយប្រាប់គាត់ថាមកវេរប្រាក់ផង មកបើកប្រាក់វីងផង និង មកដូរប្រាក់ថែមទៀត។សកម្មភាពពួកគេដោយធ្វើយ៉ាងណាឱ្យគាត់ម្ចាស់ហាងវេរដូរប្រាក់រងគ្រោះវក់វី និងបន្លំថាដូរប្រាក់១៧០០ដុល្លារយកប្រាក់ខ្មែរ នៅពេលនោះគេខ្ចប់ក្នុងក្រដាសត្រឹមត្រូវ ហើយរំពេចនោះដូចមានការឆ្ពឹនភ្នែកគាត់ពិនិត្យប្រាក់១៧០០ដុល្លារឃើញថាសុទ្ធតែក្រដាស់ប្រាក់១០០ដុល្លារ។ ម្ចាស់រងគ្រោះក៏បានផ្តល់ប្រាក់សរុបបានចំនួន៦លានរៀល និង ៩៧ម៉ឺនរៀល និងបានយកប្រាក់ដុល្លារ១៧០០ យកមកដាក់ក្នុងថតតុ ខណៈនោះពួកគេក៏ ធ្វើជាលេសថែមទៀតចង់ដូរប្រាក់បន្ថែម និងចង់វេរប្រាក់និងដកប្រាក់ផងទៀត។បន្ទាប់មកអ្នកទាំង២នាក់នោះក៏ជិះម៉ូតូចេញបាត់។ លុះមួយសន្ទុះក្រោយមកម្ចាស់ហាងវេរប្រាក់យកប្រាក់ទាំងនោះចេញពីក្នុងថតតុយកមករាប់ឡើងវិញក៏ស្រាប់តែឃើញក្រដាស់ប្រាក់១៧០០ដុល្លារសុទ្ធតែក្រដាស់ប្រាក់១ដល្លារចំនួន១៧ដុល្លារទៅវិញ ឃើញបែបនោះម្ចាស់វេរប្រាក់រងគ្រោះ រន្ធត់ចិត្តស្ទើរតែសន្លប់ទាំងជំហរ។ ភ្លាមៗនោះដែរ កំលាំងកងអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះទៅកាន់ទីតាំងកើតហេតុដើម្បីត្រួតពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពនិងពិនិត្យលើរូបភាពដើម្បីកំណត់មុខសញ្ញាឆបោកនេះផង។ ករណីនេះដែរស្ថិតក្នុងការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចដោយមិនទាន់ហ៊ានអះអាងនិងសន្និដ្ឋានអ្វីនោះឡើយ រងចាំសមត្ថកិច្ចស្រាវជ្រាវកំណត់និងស្វែងរកចាប់ខ្លួនមុខសញ្ញាជនសង្ស័យទាំង២នាក់ដែលកាមរ៉ាសុវត្ថិភាពថតបាននោះសិន៕
ដោយសំ វិច្ឆិកា