សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ គោលនយោបាយរបស់រដ្ឋាភិបាល គឺដើម្បីប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា គោលការណ៍ដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបន្ដមកដល់អាណត្ដិទី៧ គោលនយោបាយរបស់រដ្ឋាភិបាលដាក់ចេញ គឺសំដៅបម្រើផលប្រយោជន៍ដល់បងប្អូនកម្មករ កម្មការិនី។

ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី មានប្រសាសន៍ថា អត្ថប្រយោជន៍ដែលបងប្អូនទទួលបាន មានទាំងផ្នែកសិទ្ធិ ការតម្លើងប្រាក់បៀវត្ស ផ្ដល់ជូននៅ ប.ស.ស.  ការរៀបចំនូវសុវត្ថិភាពដឹកជញ្ជូន ការរៀបចំទារកឋាន ដើម្បីតែបម្រើផលប្រយោជន៍ដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ ដែលនេះជាគោលការណ៍របស់រដ្ឋាភិបាល។

សម្ដេចធិបតី បានបញ្ជាក់ថា ការបង្កើតការងារ គឺមិនមែនបង្កើតតែបរិមាណនោះទេ ប៉ុន្ដែពង្រឹងទាំងគុណភាពផងដែរ ដូចជា ប្រាក់បៀវត្សរបស់បងប្អូនកាន់តែកើន និងការគោរពច្បាប់ការងារ ដោយថៅកែមិនអាចមកជិះជាន់កម្លាំងពលកម្មរបស់បងប្អូនបាននោះទេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រយៈពេលជិត២ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានឆ្លងកាត់វិញ្ញាសារលំបាកៗច្រើន តែរដ្ឋាភិបាលកម្ពុជាមិនស្លាប់ ហើយអ្វីដ៏ដោយដែលមិនធ្វើឱ្យយើងស្លាប់ យើងនឹងរឹងមាំ។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «កន្លែងណាដែលខ្សោយគេនាំគ្នារំលេច កន្លែងណាល្អគេមិនរំលេច អ្នកធ្វើចង់ដាច់ខ្យល់ហើយបងប្អូនអើយ ពេលឆ្នាំទៅស្រូវឡើងថ្លៃ អត់មានពីណាស្រែកជេររដ្ឋាភិបាលរឿងស្រូវ តែទៅថតព្រលានយន្តហោះសៀមរាបថាអសមត្ថភាព អត់មានទេសចរ, ដល់ឆ្នាំនេះទេសចរមកឡើងណែន គេមិនទៅថតទេសចរនៅសៀមរាប គេ(បែរ)មកថតរឿងស្រូវម្ដង។ ដើមរដូវប្រមូលផលស្វាយចន្ទី ថ្លៃធ្លាក់សល់៤០០០រៀល គេនាំគ្នាស្រែកជេររដ្ឋាភិបាល ប៉ុន្មានអាទិត្យក្រោយឡើងដល់ជាង៥០០០ អត់មាត់មួយម៉ាត់ តែបើជ្រុលជេរពេលល្អសសើរផង..»។
ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានថ្លែងបន្តថា នៅពេលដែលរោងចក្របិទបងប្អូនធ្វើបាតុកម្ម កូដកម្ម គេខំទៅស្រែកផ្សាយពីរឿងហ្នឹងភ្លុកទឹកភ្លុកដី នៅពេលដែលរោងចក្រថ្មីបើក គេអត់ទៅផ្សាយទេ..។
ការណ៍នេះ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្ដេចមិនហាមឃាត់សិទ្ធិនរណាចំពោះការផ្សព្វផ្សាយទេ ប៉ុន្តែសូមឱ្យបងប្អូនជឿទុកចិត្តរឿងពាណិជ្ជកម្មជាមួយអាមេរិក រឿងដោះស្រាយការងារ រឿងពង្រីក រដ្ឋាភិបាលតែងតែគិតគូរ និងខិតខំការពារអត្ថប្រយោជន៍សម្រាប់បងប្អូនជានិច្ច៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print