មានការរញ្ជួយដីនៅភាគកណ្តាលនៃប្រទេសអ៊ីតាលី នាព្រឹកថ្ងៃទី២៤ ខែសីហា បណ្តាលឲ្យអគារជាច្រើនបាក់ស្រុត និងមានមនុស្សជាច្រើនជាប់គាំនៅក្នុងអគារបាក់បែក។ ដោយសារតែភ័យខ្លាចពលរដ្ឋនៅក្នុងទីក្រុងជាច្រើនក៏នាំគ្នារត់ចេញទៅកណ្តាលផ្លូវខ្លាចអគារបាក់សង្កត់ពីលើ។
សារព័ត៌មានរ៉យទ័រ បានដកស្រង់ប្រភពព័ត៌មានពីក្រុមស្រាវជ្រាវស្តីពីការរញ្ជួយដីអាមេរិក បានឲ្យដឹងថា ការរញ្ជួយដីខាងលើមានគម្រិត ៦,២រិចទ័រ ស្ថិតនៅក្នុងស្រុក Norcia តំបន់ Umbria ប្រទេសអីតាលី នៅវេលាម៉ោង៣និង ៣៦នាទី ម៉ោងក្នុងតំបន់។
លោក Sergio Pirozzi អភិបាលស្រុក Amatrice ដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយរញ្ជួយដីបានឲ្យដឹងថា ស្រុកនេះរងការបំផ្លាញយ៉ាងដំណំ អគារពាក់កណ្តាលស្រុកបានបាក់ស្រុត ហើយអាចមានមនុស្សជាច្រើនជាប់នៅក្រោមអគារបាក់បែកទាំងនោះ។
មកទលពេលនេះគែមិនទាន់ដឹងពីតួលេខច្បាស់ស្តីពីអ្នកស្លាប់និងរងរបួស ឬបាត់ខ្លួននៅឡើយ ប៉ុន្តែសារព័ត៌មាន RAI របស់អ៊ីតាលីបានផ្សាយថា មានមនុស្ស៦នាក់ស្លាប់ក្នុងហេតុការណ៍នេះ។ មន្ត្រីអ៊ីតាលីបានប្រកាសថា នេះជាការរញ្ជួយដីទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន។ ស្រុកដែលរងផលប៉ះពាល់ខ្លាំងជាងគេនោះគឺស្រុក Accumoli, Amatrice , Postaនិង Arquata Del Tronto ។ ពេលនេះក្រុមជួយសង្គ្រោះបានបញ្ជូនឧទ្ធម្ភាគចក្រ គ្រឿងចក្រជាច្រើនទៅជួយស្វែងរកពលរដ្ឋជាប់គាំងក្រោមអគារបាក់បែក។
អ្នកស្រី Lina Mercantini ដែលរស់នៅក្នុងតំបន់កើតហេតុបានឲ្យដឹងថា «រញ្ជួយដីយ៉ាងខ្លាំង គ្រែដេករបស់ខ្ញុំដូចជាចងខ្សែយោលអីចឹង»។
ចំណែកពលរដ្ឋនៅទីក្រុងរ៉ូម វិញដែលមានចម្ងាយពីកន្លែងកើតហេតុដល់ទៅ ១៧០គីឡូម៉ែត្រ ក៏ទទួលរងរំញ័រ ផងដែរធ្វើសម្ភារនៅក្នុងផ្ទះធ្លាក់ចុះដី។ ក្រោយមកមួយម៉ោងក៏មានការរញ្ជួយដីមួយផ្សេងទៀតគម្រិត ៥,៥ រិតទ័រ នៅកន្លែងដដែល។
អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Renzi បានបញ្ចាក់ថា រដ្ឋាភិបាលបានសហការជាមួយក្រុមការងាតាមដានរាល់សកម្មភាពប្រែប្រួលនៅកន្លែងកើតហេតុដើម្បីជួយដល់ពលរដ្ឋទាន់ពេលវេលា។
រញ្ជួយដីសម្លាប់មនុស្សច្រើនបំផុតនៅអ៊ីតាលីគឺកើតឡើងនៅឆ្នាំ២០០៩ ស្ថិតនៅភាគកណ្តាលនៃប្រទេសនេះសម្លាប់មនុស្សរហូតដល់ទៅជាង ៣០០នាក់៕
ប្រែសម្រួល៖ ម៉ែវ សាធី