ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុចក្នុងបុរី ឡាយ គង់ ផ្ទះលេខ១០សេ៣Eo សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានោះលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងសង្គ្រោះអគ្គិភ័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។ ក្នុងនោះកម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន០៤គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០៤ម៉ែត្រគូប។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មបេតុង ទំហំ (៥ម៉ែត្រ x ១៨ម៉ែត្រ) ឆេះខូចខាតគ្រឿងសំណង់បន្តិចបន្តួច និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ១និង០៥នាទីរសៀលនាថ្ងៃខែឆ្នាំដដែរ។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះឡើយ៕ដោយ ៖ ភារ៉ា ដង្កោ