ក្រសួងអប់រំ យុវជន និងកីឡាបើកកិច្ចប្រជុំស្តីពី ការពិនិត្យពិភាក្សាអំពីវឌ្ឍនភាពគម្រោងអប់រំ ជាមួយប្រតិភូមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា CIESF

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យពិភាក្សាអំពីវឌ្ឍនភាពនៃគម្រោងអប់រំ ជាមួយប្រតិភូមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា CIESF ដឹកនាំដោយលោក OKUBO Hideo ស្ថាបនិកមូលនិធិ CIESF អគ្គនាយកក្រុមហ៊ុន Forval Corporation និងជាអនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មតូក្យូ SMEs Overseas Investment និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។

ក្នុងជំនួបនេះ ស្ថាបនិកមូលនិធិ CIESF បានបង្ហាញពី

របាយការណ៍សង្ខេបនៃវឌ្ឍនភាព គម្រោងគាំទ្រការអប់រំអន្តរជាតិកម្ពុជាCIESF រួមមាន គម្រោងសៀវភៅព័ត៌មានត្រឡប់ ,ការគាំទ្រដល់ការធ្វើកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ (វគ្គ MEA) ថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់ជំនាញគ្រប់គ្រងអប់រំ, គម្រោងបណ្ដុះបណ្ដាលសហគ្រិនភាព, ការប្រែក្លាយវិទ្យាស្ថានភាពជាអ្នកដឹកនាំ CLA ទៅជាសាលាអន្តរជាតិ ដែលមានកម្មវិធីសិក្សារួមបញ្ចូលគ្នារវាងការអប់រំជប៉ុន និងកម្ពុជា, ការបម្លែងជាភាសាខ្មែរសម្រាប់អេប SuRaLa (កម្រិតបឋមសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី៣) ដែលនឹងត្រូវរៀបចំការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង CLA ជាមួយក្រសួងអប់រំ យុវជន និងកីឡា , និង ការបកប្រែសៀវភៅ «ការណែនាំអំពីវិទ្យាសាស្ត្រ» សម្រាប់ថ្នាក់ទី៥ ដែលសូមស្នើឱ្យមានការពិនិត្យ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឈានទៅបោះពុម្ព និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ជាការឆ្លើយតបបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានពិនិត្យ និងឯកភាពលើសំណើរបស់ភាគី CIESF ពាក់ព័ន្ធនឹងសៀវភៅ «ការណែនាំអំពីវិទ្យាសាស្ត្រ» និង ការចុះMOU រវាង CLA ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងអនុវត្តគម្រោងអេប SuRaLa ដើម្បីជំរុញការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សាដោយស្វ័យសិក្សា ក៏ដូចជាសម្របសម្រួលការបណ្ដុះបណ្ដាលគ្រូបង្រៀនពីការប្រើប្រាស់អេប និងផ្សព្វផ្សាយការប្រើប្រាស់អេបនេះទៅកាន់អាណាព្យាបាលសិស្ស និងសហគមន៍។ 

ទន្ទឹមនឹងនេះបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោងសៀវភៅព័ត៌មានត្រឡប់ ដែលបានបង្កើតទំនាក់ទំនងល្អរវាងសាលារៀន អាណាព្យាបាល និងសិស្ស សំដៅបង្កើនប្រសិទ្ធភាពក្នុងការកែលម្អការសិក្សាសិស្ស ពិសេសសម្រាប់សិស្សថ្នាក់ទី១ ព្រមទាំងបានបង្ហាញការគាំទ្រលើកទឹកចិត្តដល់ការបន្តអនុវត្ត និងពង្រីកគម្រោងបណ្ដុះបណ្ដាលសហគ្រិនភាព។ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសៀវភៅ «ការណែនាំអំពីវិទ្យាសាស្ត្រ» ដោយរំលេចពីការបញ្ជ្រាបនូវជំនាញដោះស្រាយបញ្ហា និងគិតពិចារណាស៊ីជម្រៅតាមរយៈសំនួរគន្លឹះ ស្របតាមបរិបទនៃការសិក្សាបែបថ្មី ដែលឆ្លើយតបយ៉ាងប្រសើរទៅនឹងយុទ្ធសាស្ត្រលើកកម្ពស់លទ្ធផលការធ្វើតេស្តអន្តរជាតិ (PISA និង SEA-PLM) ក្នុងចំណោមសិស្សកម្ពុជា។

តាងនាមក្រសួងអប់រំ យុវជន និងកីឡាបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា CIESF ដែលបន្តគាំទ្រ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដោយបានបញ្ជាក់នូវការរំពឹងទុកថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តពង្រឹងនិងពង្រីកជាដរាប ជាពិសេសការបណ្ដុះបណ្ដាលគ្រូបង្រៀន ការផ្តល់ឱកាសចុះកម្មសិក្សាដល់គរុនិស្សិត និងការបង្កើតសៀវភៅសិក្សាបន្ថែមទៀតដើម្បីជាជំនួយដល់ការរៀន និងបង្រៀន ព្រមទាំងបានផ្តល់អនុសាសន៍ ឱ្យរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេស ដើម្បីបន្តបណ្ដុះបណ្ដាលវិធីសាស្ត្របង្រៀនថ្មីៗឆ្លើយតប នឹងចក្ខុវិស័យនៃកំណែទម្រង់វិស័យអប់រំ ក៏ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ២០៥០៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print