រឿង ប្រឡាយទឹកភ្នែក

ចែករំលែក៖

ព្រះទិនករគោចរមិនបង្អង់តម្រង់ទៅទិសខាងលិច ហាក់ពាំនាំនូវភាពសោកសៅ ការឈឺចាប់ និងសេចក្តីព្រាត់ប្រាស់ឲ្យលិចបាត់តាមរស្មីព្រះអាទិត្យ ។ ប្រជាជនប្រុសស្រី ហាក់ត្រេកអរសប្បាយនិងពន្លកសន្តិភាពដែលកំពុងលូតលាស់ចេញជារូបរាងផុតពីរបបអវចី។ រយៈពេលត្រឹមតែ ៣ ឆ្នាំ ៨ ខែ ២០ថ្ងៃ គិតជាថ្ងៃដែលប្រជាជនខ្មែរពិបាកនឹងបំភ្លេចបាននូវទារុណកម្មក្នុងរបបប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅនៅក្នុងប្រទេសកម្ពុជា ដែលបានកើតឡើងចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។
ម្ដាយរបស់ខ្ញុំអង្គុយត្របោមក្បាលជង្គង់ផ្អែកនឹងងជញ្ជាំងស្លឹកត្នោតក្បែរបង្អួច។ កែវភ្នែករបស់គាត់សម្លឹងចំចង្កៀងប្រេងកាតដែលកំពុងតែឆេះហឹមៗរៀបរលត់ តែចិត្តវិញ្ញាណរបស់គាត់ហាក់រសាត់អណ្ដែតរកស្មានមិនត្រូវ។ម្ដាយរបស់ខ្ញុំនៅស្ងៀមហាក់មិនចង់និយាយស្ដីអ្វីសោះ។ យូរៗម្ដងគាត់បានយកម្រាមដៃកាំបុតរបស់គាត់ទៅជូតទឹកភ្នែកដែលកំពុងស្រក់ដោយមិនដឹងខ្លួនប្រកបដោយទឹកមុខស្រពាប់ស្រពោន។ ភាពសញ្ជប់សញ្ជឹងនោះបានកាត់ផ្ដាច់ចោល នៅពេលដែលឮសំឡេងបងប្រុសរបស់ខ្ញុំស្រែកហៅម៉ែក្បែរមាត់ជណ្ដើរក្រោមផ្ទះ។
ទឹកភ្នែកថ្មីៗនៅសើមជាប់ថ្ពាល់ជ្រីវជ្រួញរបស់ម្ដាយខ្ញុំ បានកញ្ឆក់យកដួងចិត្តបងប្រុសរបស់ខ្ញុំឲ្យក្រៀមក្រំទៅតាម។ រួចបងប្រុសរបស់ខ្ញុំបាននិយាយលួងលោមម្ដាយរបស់ខ្ញុំថា ម៉ែ! ម៉ែ គួរតែចែករំលែកប្រាប់ខ្ញុំនូវបញ្ហាដែលម៉ែបានជួបប្រទះ ទោះបីជាខ្ញុំជួយស្រោចស្រង់អ្វីវិញមិនបាន តែអាចធ្វើឲ្យម៉ែកាត់បន្ថយនូវភាពស្ងៀមស្ងាត់ ក្រសោបឳបទុក្ខតែម្នាក់ឯងបែបនេះដែរ។ ខ្ញុំដឹងថាការឈឺចាប់ ភាពព្រាត់ប្រាស់នោះវាមានទំហំធំធេង តើមានអ្វីទៀតនៅពីក្រោយការឈឺចាប់របស់ម៉ែដែលកូនមិនទាន់បានដឹង។ ខ្ញុំទើបដឹងថា ពុក និងយាយតា ត្រូវបានខ្មែរក្រហមសម្លាប់យ៉ាងព្រៃផ្សៃហើយឃាតករគឺជាពូម្នាក់ដែលរស់នៅជិតផ្ទះយើង។ គេគ្មានការឈឺចាប់ឬសោកស្ដាយអ្វីឡើយ។ គំនុំឈាមនេះត្រូវប្ដូរនឹងឈាមរបស់វាមកស្រោចស្រពបូជាព្រលឹងដូនតាយើងវិញ។
ឮដូច្នោះ ទឹកភ្នែកម្ដាយរបស់ខ្ញុំហូរស្រក់បន្តទៀត រួចគាត់បានបង្ហាញស្នាមញញឹមសោះកក្រោះហើយឆ្លើយតបទៅបងប្រុសរបស់ខ្ញុំវិញថា(នរៈ)កូននៅក្មេងណាស់។ គ្រប់យ៉ាងអង្គការជាអ្នករៀបចំ។ វាបានបញ្ចប់ទៅយ៉ាងល្អហើយ ហើយកូនខំគាស់កកាយមកធ្វើអ្វីទៀត។ បើការសម្លាប់សងសឹកមិនចេះចប់មិនចេះហើយនោះ តើពេលណាភ្នក់ភ្លើងសង្គ្រាមបានរលត់ផុតពីប្រទេសជាតិយើង។ បងប្រុសរបស់ខ្ញុំឆ្លើយតបទៅម្ដាយរបស់ខ្ញុំប្រកបដោយភ្លើងកំហឹងថា អង្គការ… អង្គការគ្រប់យ៉ាងសុទ្ធតែអង្គការជាអ្នកធ្វើតែមកដល់ពេលនេះ ខ្ញុំមិនទាន់ដឹងថាតើអង្គការជាអ្នកណា? អង្គការមានស្នាក់ការនៅកន្លែងណាខ្លះ? ហើយអង្គការបានទទួលទោសអ្វីខ្លះកំហុសដែលបានប្រព្រឹត្តទៅលើប្រជាជនខ្មែរ?គ្រប់យ៉ាងអង្គការជាអ្នកធ្វើ តែទង្វើគ្រប់យ៉ាង ខ្ញុំឃើញមនុស្សដែលគ្មានការតែងតាំងពីអង្គការជាអ្នកប្រព្រឹត្ត ដូចជាការស្លាប់របស់ពុកនិងយាយតារបស់ខ្ញុំជាដើម។ បើខ្ញុំមិនបានសងសឹក ជីវិតកូនប្រុសដូចខ្ញុំរស់នៅនាំទម្ងន់ផែនដីនេះទេ។ ខ្ញុំមិនខ្វល់ថា អង្គការជានរណានោះទេ ខ្ញុំគ្រាន់តែដឹងថាពូម្នាក់ហ្នឹងសម្លាប់ឪពុក និងយាយតារបស់ខ្ញុំ។ ឈាមត្រូវសងដោយឈាម។
ឃើញបងប្រុសរបស់ខ្ញុំមានកំហឹងពេញខ្លួនយ៉ាងនេះ ម្ដាយរបស់ខ្ញុំហាក់ដូចជាបារម្ភហើយបន្តនិយាយលួងលោមគាត់ថា កូនម្ដាយ! ភាពកតញ្ញូរបស់កូនធ្វើឲ្យម៉ែក្តុកក្តួលណាស់ កូនខឹង កូនស្អប់ កូនឈឺចាប់វាជារឿងត្រឹមត្រូវចំពោះរឿងដែលកូនបានជួបប្រទះ។ ប៉ុន្តែការសម្លាប់សងសឹកដើម្បីបង្ហាញភាពកតញ្ញូចំពោះអ្នកមានគុណវាជារឿងថោកទាបបំផុត។ កូនសម្លាប់គេហើយ តើខ្មោចយាយតាឯងរស់ឡើងវិញទេ? កូនសងសឹកហើយតើកូនមានសេចក្តីសុខ និងរស់នៅសុខស្រួលទេ? នៅពេលដែលកូនកំពុងហែលក្នុងរណ្ដៅភ្នំភ្លើងសង្គ្រាម កូនតែងតែស្រែកដង្ហើយហៅរកសន្តិភាព។ តែពេលនេះសន្តិភាពមានចំពោះមុខកូនហើយ តើពេលណា កូនបើកចិត្តទទួលយក? កូនមើលម្រាមដៃរបស់ម៉ែកំបុតស្នាមរបួសមិនទាន់ជាសះនៅឡើយ។ ម៉ែមិនឲ្យកូនបំភ្លេចរឿងរ៉ាវទាំងអស់នោះទេ តែម៉ែក៏មិនឲ្យកូនបំផ្លាញដែរ។គ្រប់យ៉ាងតែងតែមានហេតុផល។
ប្រទេសជាតិយើងហាក់ស្រស់បំព្រងឡើងវិញហើយ។គ្រប់យ៉ាងទុកពេលវេលាជាអ្នកដោះស្រាយទៅចុះ។ អតីតកាលដែលធ្វើឲ្យកូនឈឺចាប់ កូនបំភ្លេចវាចុះ ព្រោះការចងចាំនោះអាចជាអណ្ដាតភ្លើងដុតកម្លាំងខ្លួនប្រាណកូនវិញបាន។ ថ្ងៃលិចទៅហើយ ឲ្យវាលិចទៅចុះ សង្ឃឹមស្អែកថ្មីពិភពលោករបស់កូននឹងស្រស់ថ្លាសមនឹងយុវជនសម័យថ្មី។ កូនបោះចោលគំនុំ និងការសងសឹករបស់កូន ទៅងាកមកទាញប៊ិចនិងសៀវភៅត្រឡប់ទៅសិក្សាវិញ។ ទោះបីជាវាយឺតបន្តិចក្នុងការចាប់ផ្ដើម តែសេចក្តីបញ្ចប់របស់កូននឹងភ្លឺស្វាងត្រចះត្រចង់។ប្រទេសជាតិមានសង្គ្រាមគេត្រូវការអ្នកក្លាហាន រីឯប្រទេសជាតិសុខសាន្តត្រាណគេត្រូវការអ្នកមានចំណេះដឹង។ កូនត្រូវចាំថាគ្មាននរណាល្អឥតខ្ចោះនោះទេ។ កូនខឹងនឹងទង្វើគេដែលធ្វើមកលើឪពុក និងយាយតាឯងតែឯងមានចាប់ភ្លឹកនឹកដល់ទង្វើកូនដែលធ្វើទៅលើគេទេ? កូនបញ្ឈប់វាទៅកុំឲ្យគ្រប់យ៉ាងវាអាក្រក់ជាងនេះ។ ម៉ែបានបាត់បង់គ្រប់យ៉ាងហើយ ម៉ែមិនចង់បាត់បង់កូនម្នាក់ទៀតទេ។ បើពុកនិងយាយតារបស់កូននៅរស់ពួកគាត់នឹងចង់ឃើញកូនក្លាយជាមនុស្សល្អមានអធ្យាស្រ័យប្រកបដោយទំនួលខុសត្រូវ។

បន្ទាប់ពីម្ដាយរបស់ខ្ញុំនិយាយចប់ បងប្រុសរបស់ខ្ញុំ និងខ្ញុំ នាំគ្នាយំឱបម្តាយដោយភាពឈឺចាប់ រួចបងប្រុសខ្ញុំក៏អង្អែលមុខរបួសដៃម្ដាយរបស់ខ្ញុំថ្នមៗ ដើម្បីលួងលោមចំពោះការឈឺចាប់។ (នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print