សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គីឡូ​ម៉ែត្រ​

ចែករំលែក៖

ខេត្ត​តាកែវ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គីឡូ​ម៉ែត្រ​ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀតទៅកាន់ខេត្តជាប់​សមុទ្រ​ នាភាគនិរតីនៃប្រទេសកម្ពុជា ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានបង្ហាញក្ដីសោមនស្សរីករាយ ដែលបានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គ.ម។ ខណៈក្នុងខែមេសានេះ កម្ពុជា-ចិន បានចូលរួមសម្ពោធសមិទ្ធផលជាច្រើនជាមួយគ្នា ក្នុងនោះមានមូលដ្ឋានទ័ពជើងទឹករាម ផ្លូវជាតិនៅខេត្តត្បូងឃ្មុំ និងផ្លូវជាតិចំនួន៣ខ្សែនៅក្នុងខេត្តតាកែវ នាថ្ងៃនេះ។

-សម្ដេចធិបតី​ ថ្លែងថា​ តាមរយៈដំណើរទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន កាលពីពេលថ្មីៗនេះ គឺជាសារមួយបង្ហាញនូវទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជ-ចិន ដែលមានទំនាក់ទំនងនេះជាមួយគ្នាជាយូរអង្វែងតាំងពីព្រះករុណា ព្រះមរមរតនកោដ្ឋ និងសម្ដេចតេជោ ហ៊ុន សែន។

-សម្ដេចធិបតី​ ថ្លែងថា​ សមិទ្ធផលផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គ.ម គឺជាមូលដ្ឋានគ្រឹះក្នុងការបង្កើនការវិនិយោគនៅខេត្តតាកែវ ហើយអាចតភ្ជាប់ទៅដល់ខេត្តកំពត ខេត្តកែប រហូតដល់ខេត្តកោះកុងផងដែរ។

– សម្ដេចធិបតី​ ថ្លែងថា​ ខ្សែផ្លូវទាំង៣ខ្សែនេះ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដែលស្ថិតនៅក្នុងតំបន់ភាគកណ្តាល និងតំបន់ភាគនិរតីរបស់កម្ពុជា

-សម្ដេចធិបតី​ ថ្លែង​បញ្ជាក់​ថា​ ក្នុងនោះ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពត, ផ្លូវជាតិលេខ៣៣បាននិងកំពុងបន្តជំរុញវឌ្ឍនភាពការងារលើគ្រប់វិស័យជាអាទិភាព និងបន្តសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត ជាពិសេសការបន្តទាក់ទាញការវិនិយោគ និងទេសចរណ៍ រួមទាំងការបន្ត បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរ មធ្យោបាយ និងឡូជីស្លីក សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទេសចរណ៍នៅកម្ពុជា។

-សម្ដេចធិបតី ថ្លែង​ថា រយៈពេលមួយឆ្នាំមកនេះ សម្ដេចបានចុះហត្ថលេខាឱ្យវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពតពីរបីទៅហើយ ខណៈកាលពីពេលថ្មីៗនេះ ទើបតែបានសម្ពោធជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត និងកំពុងបន្តវិនិយោគលើរោងចក្រមួយចំនួនទៀត។

-សម្ដេចធិបតី​ ថ្លែងថា​ ការដាក់ចេញនូវគោលនយោបាយអាទិភាពផ្សេងៗ របស់​រាជរដ្ឋាភិបាល ទៅដល់វិនិយោគិននានាទាំងក្នុង និងក្រៅប្រទេសគឺបានទាក់ទាញ​កំណើន​វិនិយោគជាច្រើនមកដាក់ការវិនិយោគដោយផ្ទាល់នៅកម្ពុជាក្នុងរយៈពេលជាង១ឆ្នាំមកនេះ។

-សម្ដេចធិបតី ថ្លែងថា​ ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ កម្ពុជាបានវិវត្តរីកចម្រើនលើគ្រប់វិស័យ ហើយមិនមែនរីកចម្រើនតែនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្ដែបានរីកចម្រើននៅគ្រប់បណ្ដារាជធានី-ខេត្តដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធារជាងមុន។

-សម្ដេចធិបតី​ ថ្លែងថា​ ជីវិតពលរដ្ឋត្រូវការកត្តាសំខាន់ៗចំនួន៣ ក្នុងនោះទី១ កត្តាសុខភាព ទី២ កត្តាចំណេះដឹង និងទី៣ កតា្តជីវភាព តាមរយៈការផ្ដល់ឱកាសការងារទៅដល់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាលបានជំរុញខ្លាំងណាស់ លើគោលនយោបាយអាទិភាព និងវិធានគន្លឹះនានាដើម្បីធ្វើយ៉ាងណាផ្ដល់នូវអាទិភាពទាំងនេះទៅដល់ប្រជាពលរដ្ឋនៅគ្រប់កន្លែង និងចំគោលដៅ។

-សម្ដេចធិបតី​ ថ្លែងថា​ តាមរយៈការគិតគូរដល់ជីវភាពប្រជាពលរដ្ឋ និងមន្រ្ដីរាជរដ្ឋា កាលពីថ្ងៃទី២៨ ខែមេសា ម្សិលមិញនេះ សម្ដេចទើបតែចុះហត្ថលេខាលើ អនុក្រឹត្យ ស្តីពី ការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនចំនួន ២ ម៉ឺនរៀលបន្ថែមទៀត។

-សម្ដេចធិបតី​ ថ្លែងថា​ ប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនក្នុងការទិញរថយន្តជាលក្ខណៈគ្រួសារ ពីសំណាក់ប្រជាពលរដ្ឋមានការកើនឡើងច្រើន ក្រៅពីនេះការទិញអចលនទ្រព្យជាលក្ខណៈគ្រួសារក៏មានការកើនឡើងផងដែរ។ លទ្ធផលនេះបង្ហាញពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល និងស្ថិរភាពសេដ្ឋកិច្ចរបស់កម្ពុជា។

-សម្ដេចធិបតី​ ថ្លែងថា​ មិនថាឡើយសង្គ្រាមជាមួយកូវីដ-១៩ ឬសង្គ្រាមពាណិជ្ជកម្ម, រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន គឺនៅជាមួយប្រជាពលរដ្ឋជានិច្ច មិនដែលរត់ចោលពលរដ្ឋឡើយ។

-សម្ដេចធិបតី ថ្លែងថា​ នៅក្នុងឆ្នាំ២០២៥ នេះពន្ធគយទទួលបាន ចំណូលជិតម្ភៃលានដុល្លារក្នុងមួយថ្ងៃ។ ចំណូលពន្ធគយនេះមួយចំនួនបានមកពីពលរដ្ឋទិញរថយន្ត លក្ខណៈគ្រួសារយកទៅប្រើប្រាស់។ នេះបញ្ជាក់ឱ្យឃើញថា ពលរដ្ឋកម្ពុជាបន្តមានជីវភាពធូរធារ ហើយកម្ពុជាក៏បន្តមានកំណើនសេដ្ឋកិច្ចផងដែរ។

-សម្ដេចធិបតី​ ថ្លែងថា​ ផ្លូវគឺជាអាទិភាពទ២ ក្នុងយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនរហូតមកដល់អាណត្តិទី៧នេះហើយផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដូច្នេះការរៀបចំតភ្ជាប់ផ្លូវគឺជាយុទ្ធសាស្រ្ដសំខាន់ណាស់សម្រាប់ការពង្រាយសេដ្ឋកិច្ចនៅក្នុងសង្គមកម្ពុជា។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ការតភ្ជាប់ផ្លូវ គឺជាការបើកផ្លូវ និងលើកកម្ពស់ជីវភាព សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ មានផ្លូវមានសង្ឃឹម មានផ្លូវផ្ដល់ឱកាសដល់ពលរដ្ឋអាចទាញយកផលនៅមូលដ្ឋាន ដូច្នេះទើបរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពទី២ ក្នុងយុទ្ធសាស្រ្ដជាតិ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ផ្លូវលេខ៤៤ ដែលតភ្ជាប់ពីទីរួមខេត្តកំពង់ស្ពឺ ទៅភ្នំឱរ៉ាល់ នឹងត្រូវធ្វើឱ្យកាន់តែប្រសើរនៅពេលឆាប់ៗខាងមុខនេះ ដើម្បីភា្ជប់ពីទីរួមខេត្តកំពង់ស្ពឺ ទៅឱរ៉ាល់ ចេញពីឱរ៉ាល់ទៅកោះកុង។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ក្នុងអាណត្តិនេះ សម្ដេចបានប្រកាសមិនឱ្យបង្កើតពន្ធថ្មី ដើម្បីផ្ដល់ចំណូលទៅដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងថ្លៃសេវារដ្ឋផ្សេងៗ ដែលមិនបានកាត់ពន្ធ។

-សម្ដេចធិបតី ថ្លែងថា​ ប្រាក់កម្ចីដែលកម្ពុជាខ្ចីបុលពីប្រភពមួយចំនួន គឺរាជរដ្ឋាភិបាលយកមកវិនិយោគលើការកសាងហេដ្ឋារចនាសម្ពន្ធតភ្ជាប់នានាដែលមានដូចជា ស្ពាន និងផ្លូវជាដើម ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។

-សម្ដេចធិបតី​ ថ្លែង​បញ្ជាក់ថា កម្ចីទាំង នេះ គឺរាជរដ្ឋាភិបាលមិនយកមកប្រើខុសគោលដៅអភិវឌ្ឍន៍ ឬយកមកបើកប្រាក់ខែជូនមន្ត្រីរាជការ គ្រប់ប្រភេទនោះឡើយ។

-សម្ដេចធិបតី​ ថ្លែង​បន្ថែមថា សព្វថ្ងៃប្រាក់ខែមន្ត្រីរាជការ គឺរដ្ឋាភិបាលយកចំណូល ដែលបានមកពីពន្ធនានាបើកជូនមន្ត្រីរាជការទាំងនោះ។

-សម្ដេចធិបតី​ ថ្លែងជំរុញឱ្យវិស័យឯកជន អ្នកធុរកិច្ចស្វែងរកសក្ដានុពលវិនិយោគបន្ថែមនៅខេត្តទិសនីរតី ខណៈរាជរដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ធនានាមានទាំងផ្លូវគោក ផ្លូវទឹក ដែលបានផ្ដល់ឱកាសច្រើនដល់ការវិនិយោគនៅទីនេះ។

-សម្ដេចធិបតី ថ្លែង​អំពាវនាវដល់វិនិយោគិនទាំងអស់ សូម បង្កើនការវិនិយោគនៅតំបន់ភាគនិរតី(ទឹកដីស្ថិតនៅចន្លោះខេត្តកណ្ដាល, តាកែវ និងកំពង់ស្ពឺ)នៃ ប្រទេសកម្ពុជា ដោយសារតែតំបន់ភាគនិរតីបច្ចុប្បន្នមានប្រព័ន្ធហេដ្ឋារចនាសម្ពន្ធតភ្ជាប់គ្រប់គ្រាន់រួច ហើយក្នុងនោះមានដូចជា ផ្លូវ ស្ពាន ទឹកស្អាត និងអគ្គិសនីជាដើម។

-សម្ដេចធិបតី​ ថ្លែង​ប្រាប់ឱ្យម្ចាស់សត្វគោ ឆ្កែ គ្រប់គ្រងសត្វរបស់ខ្លួនឱ្យត្រឹមត្រូវ កុំឱ្យសត្វទាំងនោះ ដើរកាត់ផ្លូវ បង្កជាគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យបាត់បង់ជីវិតអ្នកធ្វើដំណើរ។

-សម្ដេចធិបតី​ ថ្លែង​ថា​ កុំឱ្យផ្លូវស្អាត ឆក់យកជីវិត! សម្ដេច ប្រាប់ឱ្យធ្វើដំណើរដោយប្រុងប្រយ័ត្ន កុំបើកលឿន គោរពច្បាប់ កុំបើកបរទាំងស្រវឹង។

នាឱកាសនោះដែរ​ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចូលរួមអបអរសាទរចំពោះការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គ.មនេះ។ ខណៈនេះផ្លូវនេះមិនត្រឹមតែផ្ដល់ការធ្វើដំណើរងាយស្រួលដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែក៏បានចូលរួមលើកកម្ពស់សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាផងដែរ។

លោក វ៉ាង វិនពីន បានថ្លែង​បន្តថា​ កាលពីពេលថ្មីៗនេះ លោក​ ស៊ី ជីនពីង ប្រធានាធិបតីចិនបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាប្រកបដោយជោគជ័យ។ លោកប្រធានាធិបតី​ បានថ្លែងអំណរគុណដល់ព្រះករុណាព្រះមហាក្សត្រ សម្ដេចតេជោ និងសម្ដេចធិបតី រួមនឹងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានទទួលស្វាគមន៍ លោកប្រធានាធិបតីប្រកបដោយភាពកក់ក្ដៅបំផុត ខណៈតាមរយៈដំណើរទស្សនកិច្ចនេះប្រទេសទាំងពីរបានប្ដេជ្ញាពង្រឹងទំនាក់ទំនងមិត្តភាពដែកថែប និងជំរុញទំនាក់ទំនងលើវិស័យផ្សេងៗជាច្រើនទៀត។

ដោយឡែក​ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានឱ្យដឹងថា​ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិទាំង៣ខ្សែនាពេលនេះក៏បានបង្ហាញឱ្យ ឃើញផងដែរអំពីវឌ្ឍនភាព និងសមិទ្ធផលថ្មីៗរបស់ជាតិ ដែលបានកើតចេញពីផ្លែផ្កានៃកិច្ចសហ ប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន ដែលតាមរយៈទំនាក់ទំនងមិត្តភាពដ៏រឹងមាំនេះបាននាំមកនូវ ការអភិវឌ្ឍរីកចម្រើនថ្មីៗជាច្រើនជាបន្តបន្ទាប់សម្រាប់កម្ពុជា ជាពិសេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានថ្លែងអំណរគុណតាមរយៈ លោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន ជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាលក្នុងនាម ជាមិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា មិត្តចិនតែងតែបានជួយកម្ពុជា ក្នុងគ្រប់កាលៈទេសៈ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាឱ្យកាន់តែ ល្អប្រសើរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print