លោកបណ្ឌិត កៅ មុយថង ៖ រោងចក្រដំឡើងរថយន្តចិន BYD គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត និងបច្ចេកវិទ្យាខ្ពស់ នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ មួយថ្ងៃក្រោយពេលដែល រោងចក្រដំឡើងរថយន្តចិន BYD ត្រូវបានបើកការដ្ឋានសាងសង់ នៅកម្ពុជា ជាផ្លូវការ លោកបណ្ឌិត កៅ មុយថង អ្នកវិភាគ បានប្រាប់ថា «ខ្ញុំយល់ថា ការបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនចិន BYD នៅកម្ពុជានេះ មិនថាក្នុងប្រភេទ CKD (Completely Knocked Down) ឬ បែបណា ក៏នេះជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត និងបច្ចេកវិទ្យាខ្ពស់នៅកម្ពុជា»។

លោកបណ្ឌិតបន្តថា «ទី១៖ យើងឃើញហើយថា វត្តមានរបស់ BYD នៅកម្ពុជា មានអត្ថប្រយោជន៍ដូចជា ការបង្កើតការងារជាច្រើនសម្រាប់ពលរដ្ឋខ្មែរ ដែលអាចរកការងារខាងផលិតកម្ម ដឹកជញ្ជូន បច្ចេកទេស និងការគ្រប់គ្រង។ ម្យ៉ាងទៀត កម្ពុជាអាចទទួលបានការផ្ទេរបច្ចេកវិទ្យាថ្មីៗ ក្នុងការផលិតរថយន្តអគ្គិសនីសុទ្ធ (EV-Electric Vehicle) និងអគ្គិសនី លាយជាមួយសាំង (PHEV-Plug-in Hybrid Electric Vehicle) ដែលជាឧស្សាហកម្មស្អាត នាពេលអនាគត។ មានការផលិតយានយន្តក្នុងស្រុកបាន គឺកម្ពុជាអាចកាត់បន្ថយការនាំចូលយានយន្តប្រើប្រេងឥន្ទនៈពីបរទេស និងជំរុញផលិតផលក្នុងស្រុក»។

លោកបន្តថា ក្រៅពីនេះ នេះក៏ជាការលើកកម្ពស់វិស័យឧស្សាហកម្ម និងសេដ្ឋកិច្ច ខណៈដែលគម្រោងនេះបង្ហាញពីភាពទាក់ទាញនៃបរិយាកាសវិនិយោគ នៅកម្ពុជា និងជួយដល់ការកើនឡើងនៃ GDP តាមរយៈឧស្សាហកម្មរថយន្ត និង បច្ចេកវិទ្យា ដែលគិតគូរពីបរិស្ថាន ជាសញ្ញាសម្គាល់ នៃការអភិវឌ្ឍឧស្សាហកម្មថ្មី សម្រាប់កម្ពុជា ឆ្ពោះទៅរកអនាគតបច្ចេកវិទ្យាស្អាត (green technology) ដែលជារូបមន្ត សម្រាប់ការចូលរួម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និង សេដ្ឋកិច្ចឌីជីថល ដែលនេះជាទិសដៅអភិវឌ្ឍដ៏សំខាន់ សម្រាប់ទសវត្សរ៍ក្រោយ»។

គួរបញ្ជាក់ថា BYD បានចាប់ផ្តើមសាងសង់រោងចក្រ តំឡើងរថយន្តអគ្គិសនី នៅក្នុងទឹកដី ខេត្តព្រះសីហនុ របស់កម្ពុជា កាលពីថ្ងៃចន្ទ។ ពិធីបើកការដ្ឋានសាងសង់ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រួមជាមួយលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា៕

...

ប្រភព ៖ «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print