ខេត្តតាកែវ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ជីវិតប្រជាពលរដ្ឋត្រូវការកត្តាសំខាន់ៗចំនួន៣ ក្នុងនោះទី១ កត្តាសុខភាព ទី២ កត្តាចំណេះដឹង និងទី៣ កតា្តជីវភាព តាមរយៈការផ្ដល់ឱកាសការងារទៅដល់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាលបានជំរុញខ្លាំងណាស់ លើគោលនយោបាយអាទិភាព និងវិធានគន្លឹះនានាដើម្បីធ្វើយ៉ាងណាផ្ដល់នូវអាទិភាពទាំងនេះ ទៅដល់ប្រជាពលរដ្ឋនៅគ្រប់កន្លែង និងចំគោលដៅ។
នៅក្នុងពិធី «សម្ពោធផ្លូវជាតិលេខ ៤១ ៣១ ៣៣ នៅស្រុកត្រាំកក់ ស្រុកជំគីរី ខេត្តតាកែវ» នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រយៈពេលជាង៤០ឆ្នាំមកនេះ កម្ពុជាបានវិវត្តរីកចម្រើនលើគ្រប់វិស័យ ហើយមិនមែនរីកចម្រើនតែនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្ដែគឺបានរីកចម្រើននៅគ្រប់បណ្ដារាជធានី-ខេត្ត ដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធារជាងមុន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ខិតខំដាក់ចេញគោលនយោបាយ ក៏ដូចជាយុទ្ធសាស្រ្តនានាដើម្បីធានាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលមិនរត់ចោលប្រជាពលរដ្ឋឡើយ។
ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែ តម្លៃ១៨៨លានដុល្លារ ដែលធ្វើឡើងនៅខេត្តតាកែវ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រៀបប្រដូចការរៀបចំបណ្ដាញសេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសសៃឈាមរបស់មនុស្ស គឺត្រូវតែរត់គ្រប់កោសិការទាំងអស់ ទើបរាងកាយរឹងមាំល្អ។
សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា «គ្រប់ខេត្ត គ្រប់ក្រុង គ្រប់ស្រុក គ្រប់ភូមិ ត្រូវតែរីកចម្រើន គ្រប់កោសិការទាំងអស់ទើបប្រទេសរីកចម្រើន មិនអាចរីកតែនៅរាជធានីភ្នំពេញនោះទេ មិនអាចចុះមកកប៉ាល់ហោះឃើញរាជធានីភ្នំពេញដូចតូក្យូ ស្រាប់តែចេញមកមិនទាន់បានប៉ុន្មានសុទ្ធតែផ្ទះខ្ទម គឺទៅមិនរួចទេ»។
ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រៀបប្រដូចការរៀបចំបណ្ដាញសេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសសៃឈាមរបស់មនុស្ស គឺត្រូវតែរត់គ្រប់កោសិការទាំងអស់ ទើបរាងកាយរឹងមាំល្អ ព្រោះសរីរាង្គ អវយវៈរបស់មនុស្សមានតួរនាទីខុសៗគ្នាដែលផ្គុំគ្នាជួយឲ្យពេញលក្ខណៈ ទើបមនុស្សអាចធ្វើចលនាបាន ចំណែកប្រទេសគឺដូចគ្នា គ្រប់ខេត្ត ក្រុង ស្រុក ខណ្ឌ ចាំបាច់ត្រូវតែអភិវឌ្ឍន៍ទាំងអស់ ទើបប្រទេសជាតិរីកចម្រើនទៅមុខបាន។
បើតាមប្រសាសន៍របស់សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត, នៅក្នុងរយៈពេល៤០ឆ្នាំមកនេះ ប្រទេសកម្ពុជាបានអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលគ្រប់ខេត្ត នៅតាមភូមិស្រុក មានផ្លូវខ្វាត់ខ្វែង និងជីវភាពប្រជាពលរដ្ឋមានភាពប្រសើរឡើង៕
ដោយ ៖ សិលា