ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ បន្ទាប់ពីរោងចក្រដំឡើងរថយន្តអគ្គិសនីសាងសង់រួចរាល់ ហើយដាក់ឱ្យប្រតិបត្តិការជាផ្លូវការ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥នេះដោយក្រុមហ៊ុន BYD នៅកម្ពុជា នឹងអាចដំឡើង រថយន្ដ ចន្លោះពី ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ក្រុមហ៊ុននឹងដំឡើងរថយន្តចំនួន ២ប្រភេទ គឺរថយន្ដ BYD EV ប្រើអគ្គិសនីសុទ្ធ និងរថយន្ដ BYD ដែលអាចប្រើប្រាស់ទាំងសាំង និងអគ្គិសនី។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការងារវិនិយោគ បានបន្តខិតខំជំរុញការកែលម្អ និងធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ជាពិសេស ការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្ដល់សេវាសាធារណៈ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្ថែមពីនេះ ក្នុងគោលបំណងបង្កើតបរិយាកាសធុរកិច្ចដែលឆ្លើយតបទៅនឹងតម្រូវការ និងក្តីកង្វល់របស់វិនិយោគិន រាជរដ្ឋាភិបាលបានបង្កើតយន្តការនានាជាច្រើន តួយ៉ាងគឺវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលបានរៀបចំឡើងចំនួន ១៩លើក និងកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន រួមមាន៖ កិច្ចសន្ទនាកម្ពុជា-ជប៉ុន, កម្ពុជា-កូរ៉េ , កម្ពុជា-អាម៉េរិក និងកម្ពុជា-អឺរ៉ុប ដែលរៀបចំឡើង ក្នុងគោលបំណង ដើម្បីជួយដោះស្រាយ បញ្ហាប្រឈម និងក្តីកង្វល់ដែលធុរជន និងវិនិយោគិនជួបប្រទះក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។ ជាមួយគ្នានេះ ក.អ.ក. បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management -cdcIPM) ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់អនុញ្ញាតឱ្យវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង ទាំងការដាក់ពាក្យ ការបង់កម្រៃសេវា និងការទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីគម្រោងជាទម្រង់ឌីជីថលផងដែរ និងឈានទៅដល់ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នាពេលខាងមុខ។
ពិធីបើកការដ្ឋានសង់រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃចន្ទទី២៨ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕
ដោយ ៖ សិលា