រដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីក្នុងកម្មវិធីអបអរសាទរ​ទិវាភពផែនដី​ ឆ្នាំ២០២៥​

ចែករំលែក៖

ភ្នំពេញ÷ នាព្រឹកថ្ងៃទី​២៩​ ខែមេសា​ ឆ្នាំ២០២៥​លោក ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជេីញជាអធិបតីក្នុងកម្មវិធី អបអរសាទរ​ទិវាភពផែនដី​ ឆ្នាំ២០២៥ ក្រោមប្រធានបទស្តីពី «ការ គ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព»​។ កម្មវិធីដែលរៀបចំធ្វើនៅសណ្ឋាគារសូហ្វីតែល​ ភ្នំពេញភូគីត្រានេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប​ប្រចាំ​កម្ពុជា​ និងលោកស្រី​ Rebekah Bell តំណាងអង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា។

ថ្លែងទៅកាន់អង្គពិធីលោករដ្ឋមន្រ្តី​ បានសម្តែងការស្វាគមន៍​យ៉ាងកក់ក្តៅ​ និងថ្លែងអំណរគុណចំពោះការ ចូលរួមកម្មវិធី «ទិវាភពផែនដី»។ លោករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា នាឆ្នាំនេះ ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ សម្រេចលើកយក​អនុវិស័យជលផលធ្វើជាប្រធានបទសំខាន់ ដោយសារធនធានជលផលជាប្រភពអាហារូបត្ថម្ភ​ និងប្រូតេអុីន​សម្រាប់ប្រជាជនកម្ពុជា។

នាឱកាសនេះ​ លោករដ្ឋមន្រ្តី​ បានកោតសរសេីរ​ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលជនផល​ ដែលបានខិតខំអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ សហការរួមគ្នាជាមួយ​ដៃគូអភិវឌ្ឍន៍នានា និងដាក់មធ្យោបាយរួម​ក្នុងការពង្រឹងច្បាប់​ លុបបំបាត់បទល្មេីសនេសាទខុសច្បាប់​ និងចូលរួមអភិរក្សធនធានជលផលទឹកសាប​ និងសមុទ្រ​ ទទួលបានលទ្ធផលជាច្រេីនគួរជាទីគាប់ចិត្ត​។ លោករដ្ឋមន្ដ្រីមានប្រសាសន៍លេីកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀតជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព​ និងនិរន្តរភាព។

...

តាងនាមក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទលោករដ្ឋមន្រ្តី​ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប​ អង្គការ FAO អង្គការ UNIDO ទីភ្នាក់ងារ AFD និងអង្គការ GIZ ជាដើម ដែលជាដៃគូសំខាន់ក្នុងការចូលរួមគាំទ្រអនុវត្តការងារប្រកបដោយភាពជោគជ័យគួរឱ្យកត់ សម្គាល់​។ នាចុងបញ្ចប់ លោករដ្ឋមន្ដ្រីបានជូនពរដល់អង្គពិធីទាំងមូល ទទួលបានសុខសិរីសួស្តី​ និងសុភមង្គលក្រោមម្លប់សុខសន្តិភាព៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print