អន្តរជាតិ៖ លោក Dan Steinbock ប្រធានការិយាល័យសិក្សាស្រាវជ្រាវពាណិជ្ជកម្មអន្តរជាតិនៃវិទ្យាស្ថានសិក្សាឥណ្ឌា ចិននិងអាមេរិកនៃធនាគារគំនិតអាមេរិកបានចុះផ្សាយអត្ថបទ កាលពីថ្ងៃទី២៨ ខែមេសាម្សិលមិញនេះថា៖ ដូចជាថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនអ៊ីចឹងដែរ ថ្ងៃឈប់សម្រាក “១ឧសភា”ដែលជិតចូលមកដល់នឹងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ចរបស់ចិន ។ ឆ្លើយតបនឹងផលប៉ះពាល់ពីពន្ធគយ ការក្តាប់ជាប់ឱកាសថ្ងៃឈប់សម្រាក “១ឧសភា”ដើម្បីជំរុញការប្រើប្រាស់គឺមានសារសំខាន់ណាស់ ។
អត្ថបទបានលើកឡើងថា ពិតមែនតែមិនអាចចៀសវាងផលប៉ះពាល់ពីសង្គ្រាមពន្ធគយរបស់អាមេរិកនោះក៏ដោយ ក៏ប៉ុន្តែសេដ្ឋកិច្ចចិននៅតែបន្តមាននិន្នាការទៅរកភាពល្អប្រសើរឡើងវិញ ។ បើប្រៀបធៀបនឹងប្រការនេះ សភាពការណ៍សេដ្ឋកិច្ចរបស់អាមេរិកគឺកាន់តែគួរឱ្យព្រួយបារម្ភ ។
អត្ថបទនេះបានគូសបញ្ជាក់ថា ពិតមែនតែប្រឈមមុខនឹងកម្លាំងរារាំងដ៏ធំពីខាងក្រៅក្តី ប៉ុន្តែរដ្ឋាភិបាលចិននៅតែបានកំណត់គោលដៅ GDP ឆ្នាំ២០២៥នៅចន្លោះប្រហែល៥ភាគរយ ដែលបង្ហាញពីជំនឿចិត្តដែលផាត់ទាត់ផលប៉ះពាល់ពីសង្គ្រាមពន្ធគយតាមរយៈភាពធន់នៃសេដ្ឋកិច្ចដ៏គ្រប់គ្រាន់ ។
អត្ថបទបានលើកឡើងបន្តទៀតថា តាមទិន្នន័យថ្មីបំផុតដែលអង្គការ IMF បានប្រកាសឱ្យដឹងថា ការដែលសហរដ្ឋអាមេរិកបង្កសង្គ្រាមពន្ធគយប្រហែលនឹងបណ្តាលឱ្យល្បឿនកំណើននៃសេដ្ឋកិច្ចរបស់ខ្លួនធ្លាក់មកនៅត្រឹម១,៨ភាគរយ ហើយលទ្ធភាពធ្លាក់ក្នុងភាពថមថយខាងសេដ្ឋកិច្ចក៏កើនឡើងដល់៤០ភាគរយ ។ ល្បឿនកំណើនសេដ្ឋកិច្ចទូទាំងពិភពលោកប្រហែលនឹងធ្លាក់ចុះដល់២,៨ភាគរយ វាគឺគ្មានអំណោយផលដល់អង្គភាពសេដ្ឋកិច្ចទន់ខ្សោយនៃ “ប្រទេសសកលខាងត្បូង”នោះដែរ ៕ដោយ៖តារា