កសិករប៉ាគីស្ថាន Homla Thakhur បាញ់ថ្នាំសម្លាប់សត្វល្អិតលើវាលបន្លែរបស់គាត់ក្បែរទន្លេ Indus ដោយបារម្ភពីហានិភ័យដែលឥណ្ឌាកាត់ទឹកនៅខាងលើ។ វាលស្រែជិតពីរហិកតារបស់ Thakhur នៅ Latifabad ក្នុងខេត្ត Sindh ភាគអាគ្នេយ៍ប៉ាគីស្ថាន ជាកន្លែងដែលទន្លេ Indus ហូរកាត់។
ទន្លេ Indus មានប្រភពដើមនៅតំបន់ទីបេនៃប្រទេសចិន ហូរកាត់ឥណ្ឌា និងចូលប៉ាគីស្ថាន មុនពេលហូរចូលទៅក្នុងសមុទ្រអារ៉ាប់។ ថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌាបានប្រកាសផ្អាកសន្ធិសញ្ញាទឹក Indus ឆ្នាំ 1960 (IWT) ខណៈដែលភាពតានតឹងជាមួយប៉ាគីស្ថានកាន់តែកើនឡើង។
ទំនាក់ទំនងរវាងទីក្រុងអុីស្លាម៉ាបាដ និងទីក្រុងញូវដេលីស្ថិតក្នុងកម្រិតទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធលើរមណីយដ្ឋានមួយនៅកាស្មៀរ ដែលបានសម្លាប់មនុស្ស 26 នាក់ រួមទាំងជនជាតិឥណ្ឌា 25 នាក់កាលពីសប្តាហ៍មុន។ ញូវដែលីបាននិយាយថា ជនសង្ស័យពីរនាក់នៅក្នុងការបាញ់ប្រហារគឺជាជនជាតិប៉ាគីស្ថាន ខណៈដែលទីក្រុងអុីស្លាម៉ាបាដបានបដិសេធការជាប់ពាក់ព័ន្ធ និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យ។
ការផ្អាកសន្ធិសញ្ញា IWT គឺជាទង្វើមួយក្នុងចំណោមចលនាជាច្រើនដែលប្រទេសទាំងពីរបានធ្វើប្រឆាំងនឹងគ្នាទៅវិញទៅមកបន្ទាប់ពីការបាញ់ប្រហារ។ ប្រទេសប៉ាគីស្ថានក៏បានបណ្តេញមន្ត្រីឥណ្ឌា និងបិទដែនអាកាសរបស់ខ្លួនទៅកាន់ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសជិតខាងផងដែរ។
រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Muhammad Asif កាលពីថ្ងៃទី 29 ខែមេសា បានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពដែលយោធាឥណ្ឌាចាប់ផ្តើមប្រតិបត្តិការប្រឆាំងនឹងប្រទេសនេះ ដោយបង្ខំឱ្យទីក្រុង Islamabad ធ្វើ “ការសម្រេចចិត្តជាយុទ្ធសាស្ត្រមួយចំនួន” ប៉ុន្តែមិនបានផ្តល់ភាពជាក់លាក់នោះទេ។ លោកបានសង្កត់ធ្ងន់ថា ប៉ាគីស្ថានកំពុងរក្សាការប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរតែក្នុងករណីមាន “ការគំរាមកំហែងដោយផ្ទាល់ដល់ការរស់រានមានជីវិតរបស់ប្រទេស”៕ ដោយធីរីណា
រូបថត: vnexpress