ខេត្តកណ្តាល ៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ សហការជាមួយក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តមកពីប្រទេសបារាំង បាន ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ដោយមិនយកកម្រៃ។
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយ លោក ម៉ម ប៊ុននាង ជាប្រធានក្រុម លោកស្រីបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុម និងអមដំណើរដោយទីប្រឹក្សា ជំនួយការខុទ្ទកាល័យ លោក អនុប្រធានទី១ព្រឹទ្ធសភា ព្រមជាមួយក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តបារាំង Solidarity Mission និងបុគ្គលិកក្រុមហ៊ុន Laboratoire Bioderma បានអញ្ជើញចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមណ្ឌលសុខភាពប្រាសាទ។
នាឱកាសនោះ លោក ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរសព្វសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏ដូចជាថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរខេត្ត មន្ត្រីរាជការ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល។
សូមបញ្ជាក់ថា ជាលទ្ធផល ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តបារាំង បានពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋមកពីឃុំប្រាសាទ ឃុំតាលន់ និងឃុំត្រើយស្លា ក្នុងស្រុកស្អាងសរុបបានចំនួន ៥៤១នាក់៕
ដោយ ៖ សិលា