ចិនអនុញ្ញាតឱ្យប្រទេសកម្ពុជានាំចូល«ផ្លែទុរេនស្រស់» របស់ខ្លួនចូលទៅកាន់ទីផ្សាររបស់ប្រទេសចិន

ចែករំលែក៖

ភ្នំពេញ  ៖ គយនៃប្រទេសចិន នៅថ្ងៃទី ២៨ មេសា បានចេញនូវសេចក្តីសម្រេចអនុញ្ញាតឱ្យប្រទេសកម្ពុជានាំចូល«ផ្លែទុរេនស្រស់» របស់ខ្លួនចូលទៅកាន់ទីផ្សាររបស់ប្រទេសចិន។

គយនៃប្រទេសចិន បានគូសបញ្ជាក់ថា ផ្លែទុរេន នាំចូលត្រូវមានប្រភពផលិតពីតំបន់ដែលបានកំណត់ដោយក្រសួងកសិកម្មកម្ពុជា ហើយចំការទុរេន និង រោងចក្រវេចខ្ចប់ ត្រូវមុននាំចេញត្រូវចុះឈ្មោះដោយស្ថាប័ននៃប្រទេសទាំងពីរ។

យោងតាមប្រភព សុីសុីថេមស៍ ! មុននាំចេញ ត្រូវអនុវត្តបទដ្ឋានកសិកម្មល្អ (GAP) និង ការគ្រប់គ្រងសត្វល្អិត (IPM),ហើយ ត្រូវធ្វើការត្រួតពិនិត្យអាជ្ញាធរកម្ពុជា។ ផលិតផល ត្រូវមានស្លាកសញ្ញា “នាំចេញទៅប្រទេសចិន” និង មានវិញ្ញាបនបត្រផ្នែកកសិកម្ម។ពេលទំនិញមកដល់ច្រកចូលប្រទេសចិន នឹងត្រូវពិនិត្យបន្ថែម។

គយចិនសង្គត់ធ្ងន់ថា “ទំនិញមិនគ្រប់ស្ដង់ដារ គយចិននឹងត្រូវបានបដិសេធ ឬបំផ្លាញចោល ការអនុវត្តវិធានថ្មីនេះ នឹងជំរុញពាណិជ្ជកម្មផលិតផលកសិកម្មរវាងកម្ពុជា និង ចិនឱ្យមានកំណើនបន្ថែម។

គួរបញ្ជាក់ថា អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម កាលពីថ្ងៃទី ២២ មេសាថ្មីៗនេះ បានអំពាវនាវដល់ម្ចាស់ចម្ការទុរេន សហគមន៍កសិកម្មទុរេន និង ម្ចាស់រោងចក្រកែច្នៃ និង វេចខ្ចប់ផ្លែទុរេនស្រស់ មានបំណងផលិតនិងកែច្នៃវេចខ្ចប់ នាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និង រោងចក្រកែច្នៃនិងវេចខ្ចប់ ផ្លែទុរេនស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិននៅអគ្គនាយកដ្ឋានកសិកម្ម។

ការអំពាវនាវនេះ ធ្វើឡើងក្រោយពីកម្ពុជា និងចិន នៅថ្ងៃទី ១៧ មេសា ក្នុងដំណើរទស្សនកិច្ច លោក ស៊ី ជីងពីន បានចុះពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។

ក្នុងសេចក្តីជូនដំណឹង បន្ទាប់ពីទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ត្រីជំនាញចុះណែនាំ និង វាយតម្លៃស្របតាម នីតិវិធីបច្ចេកទេសដូចមានកំណត់ក្នុងពិធីសារ។ អគ្គនាយកដ្ឋានកសិកម្ម គ្រោងនឹងបញ្ចូនបញ្ជីឈ្មោះចម្ការ និងរោងចក កែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ទៅកាន់ភាគីចិននៅអំឡុងខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីភាគីចិនពិនិត្យនិង វាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ៕

ដោយ ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print