លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក លើកទី៣

ចែករំលែក៖

ភ្នំពេញ​៖​ លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងជាអនុប្រធាន ក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិក (ក.ប.យ.អ.) តំណាង​ លោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានក.ប.យ.អ. ផ្នែករាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ក.ប.យ.អ. លើកទី៣​ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះ​ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាសហប្រធានពីផ្នែកឯកជនចំនួន២រូប៖ លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA (CAMBODIA) PLC.សហប្រធានតំណាងវិស័យយានយន្ត និងលោក Kensuke Watanabe​ តំណាងលោក Yoshihiro Sakanushi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន MINEBEA (CAMBODIA) CO., LTD. ជាសហប្រធានតំណាងវិស័យអេឡិចត្រូនិក រួមនឹងសមាជិក សមាជិកា ជាតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ, គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងវិស័យឯកជន សរុបចំនួន ១០៥ រូប។

កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ទី១-ពិភាក្សាលើលទ្ធផលគន្លឹះបឋមនៃរបាយការណ៍វាយតម្លៃវឌ្ឍនភាព ២ឆ្នាំ ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និង អេឡិចត្រូនិកកម្ពុជា, ទី២-ពិភាក្សាលើស្ថានភាពបច្ចុប្បន្ន, បញ្ហាប្រឈម និងសំណូមពរក្នុងវិស័យទាំងពីរ ទី៣-កាលានុវត្តភាពក្នុងការអភិវឌ្ឍវិស័យទាំងពីរ និង ទី៤-កំណត់ទិសដៅការងារបន្ត។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការ សហប្រធានអង្គប្រជុំ បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យឯកជន ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាថ្ងៃនេះ និងបានជម្រាបជូនអំពីរបៀបវារៈនៃកិច្ចប្រជុំ ស្ថានភាពវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា ជាពិសេសនៅក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក ព្រមទាំងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលនៃសភាពការណ៍ ពាណិជ្ជកម្មពិភពលោក ដែលអាចប៉ះពាល់ដល់បរិយាកាសវិនិយោគនៅកម្ពុជា។

បន្ថែមលើនេះទៀត លោកអគ្គលេខាធិការ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ដែលជាយុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ចថ្មី ក្នុងការឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ និងចក្ខុវិស័យកម្ពុជា២០៥០ ហើយនៅក្នុងគោលនយោបាយនេះផងដែរ វិស័យយានយន្ត និងអេឡិចត្រូនិក ត្រូវបានចាត់ទុកជាវិស័យអាទិភាព និងជាកម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួមជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងមានតម្លៃបន្ថែមខ្ពស់។

បន្ទាប់មក សហប្រធានផ្នែកឯកជនទាំង ២ បានថ្លែងមតិស្វាគមន៍ ដោយបានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមាននូវកិច្ចប្រជុំ ក.ប.យ.អ. លើកទី៣ នេះឡើង ព្រមទាំងបានបង្ហាញពីឆន្ទៈក្នុងការសហការយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមផ្តល់ ជាធាតុចូលសំខាន់ៗនានា សម្រាប់ពិចារណាធ្វើការកែលម្អការអនុវត្ត សំដៅលើកកម្ពស់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។

ដើម្បីជាមូលដ្ឋានក្នុងកិច្ចពិភាក្សា លោក នុត អ៊ុនវ័ណរ៉ាអគ្គលេខាធិការរង គ.វ.ក. ប្រធានលេខាធិការដ្ឋាន IDP នៃ ក.អ.ក. និងជាប្រធានក្រុមការងារពន្លឿន វិស័យយានយន្ត និងអេឡិចត្រូនិក បានធ្វើបទបង្ហាញដោយផ្តោតលើលទ្ធផលនៃកិច្ចប្រជុំ ក.ប.យ.អ. លើកទី២,វឌ្ឍនភាពការងារដែល ក.អ.ក. សម្រេចបានក្នុងក្របខណ្ឌ ក.ប.យ.អ. និងលទ្ធផលគន្លឹះបឋមនៃរបាយការណ៍វាយតម្លៃវឌ្ឍនភាព ២ឆ្នាំ(២០២៣-២០២៤) ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។ បន្ទាប់មក សហប្រធានផ្នែកឯកជនទាំងពីរ ក៏បានធ្វើបទបង្ហាញស្តីពីស្ថានភាពបច្ចុប្បន្ន, និន្នាការសំខាន់ៗ បញ្ហាប្រឈម និងសំណូមពរ នានា ព្រមទាំងបានរំលេចពីការចូលរួមរបស់ផ្នែកឯកជនក្នុងការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។

នៅក្នុងបទបង្ហាញនោះ បញ្ហាប្រឈមមួយចំនួនត្រូវបានលើកឡើងដូចជា៖ បញ្ហាកង្វះកម្លាំងពលកម្មជំនាញ បញ្ហាពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាបន្ទុកផ្នែកបទប្បញ្ញត្តិ ជាដើម។ បន្ថែមលើនេះទៀត តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ជំនាញ ក៏បានធ្វើបទបង្ហាញខ្លី ស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា និងការសហការជាមួយវិស័យឯកជន ដោយផ្តោតសំខាន់លើកាលានុវត្តភាពក្នុងការអភិវឌ្ឍរួមគ្នានូវកម្មករជំនាញ, កម្មវិធីបណ្តុះបណ្តាលជំនាញរួមគ្នារវាងរាជរដ្ឋាភិបាល,សហគ្រាសនៃវិស័យឯកជន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល សំដៅធ្វើឱ្យប្រសើរឡើងនូវកម្លាំងពលកម្មជំនាញក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក។

កិច្ចប្រជុំខាងលើ បានប្រព្រឹត្តទៅដោយមានការចូលរួមមតិយោបល់យ៉ាងផុលផុស ពីសមាជិក សមាជិកាអង្គប្រជុំ និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ នៅក្នុងដំណើរការនៃកិច្ចប្រជុំ ក៏មានការស្ទង់មតិអំពីការយល់ឃើញរបស់វិស័យឯកជនលើការរៀបចំ, ផលជះ និងប្រសិទ្ធភាព នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជាផងដែរ។ ចំពោះទិសដៅការងារបន្តក.ប.យ.អ. នឹងពិនិត្យលើការធ្វើបច្ចុប្បន្នភាពសមាជិកឡើងវិញ ហើយគ្រោងនឹងរៀបចំកិច្ចប្រជុំលើកទី៤ នៅក្នុងអំឡុងពេល ៦ ខែបន្ទាប់ខាងមុខ។

...

ថ្លែងក្នុងកិច្ចបិទអង្គប្រជុំ លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្តែងនូវការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមយ៉ាងសកម្មពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាពិសេសវិស័យឯកជន ដែលនាំឱ្យដំណើរការនៃកិច្ចប្រជុំបានបញ្ចប់ទៅដោយរលូន ប្រកបដោយជោគជ័យ និងទទួលបាននូវលទ្ធផលល្អ តាមការរំពឹងទុក៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print