ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងជាអនុប្រធាន ក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិក (ក.ប.យ.អ.) តំណាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានក.ប.យ.អ. ផ្នែករាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ក.ប.យ.អ. លើកទី៣ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាសហប្រធានពីផ្នែកឯកជនចំនួន២រូប៖ លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA (CAMBODIA) PLC.សហប្រធានតំណាងវិស័យយានយន្ត និងលោក Kensuke Watanabe តំណាងលោក Yoshihiro Sakanushi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន MINEBEA (CAMBODIA) CO., LTD. ជាសហប្រធានតំណាងវិស័យអេឡិចត្រូនិក រួមនឹងសមាជិក សមាជិកា ជាតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ, គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងវិស័យឯកជន សរុបចំនួន ១០៥ រូប។
កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ទី១-ពិភាក្សាលើលទ្ធផលគន្លឹះបឋមនៃរបាយការណ៍វាយតម្លៃវឌ្ឍនភាព ២ឆ្នាំ ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និង អេឡិចត្រូនិកកម្ពុជា, ទី២-ពិភាក្សាលើស្ថានភាពបច្ចុប្បន្ន, បញ្ហាប្រឈម និងសំណូមពរក្នុងវិស័យទាំងពីរ ទី៣-កាលានុវត្តភាពក្នុងការអភិវឌ្ឍវិស័យទាំងពីរ និង ទី៤-កំណត់ទិសដៅការងារបន្ត។
ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការ សហប្រធានអង្គប្រជុំ បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យឯកជន ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាថ្ងៃនេះ និងបានជម្រាបជូនអំពីរបៀបវារៈនៃកិច្ចប្រជុំ ស្ថានភាពវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា ជាពិសេសនៅក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក ព្រមទាំងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលនៃសភាពការណ៍ ពាណិជ្ជកម្មពិភពលោក ដែលអាចប៉ះពាល់ដល់បរិយាកាសវិនិយោគនៅកម្ពុជា។
បន្ថែមលើនេះទៀត លោកអគ្គលេខាធិការ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ដែលជាយុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ចថ្មី ក្នុងការឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ និងចក្ខុវិស័យកម្ពុជា២០៥០ ហើយនៅក្នុងគោលនយោបាយនេះផងដែរ វិស័យយានយន្ត និងអេឡិចត្រូនិក ត្រូវបានចាត់ទុកជាវិស័យអាទិភាព និងជាកម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួមជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងមានតម្លៃបន្ថែមខ្ពស់។
បន្ទាប់មក សហប្រធានផ្នែកឯកជនទាំង ២ បានថ្លែងមតិស្វាគមន៍ ដោយបានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមាននូវកិច្ចប្រជុំ ក.ប.យ.អ. លើកទី៣ នេះឡើង ព្រមទាំងបានបង្ហាញពីឆន្ទៈក្នុងការសហការយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមផ្តល់ ជាធាតុចូលសំខាន់ៗនានា សម្រាប់ពិចារណាធ្វើការកែលម្អការអនុវត្ត សំដៅលើកកម្ពស់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
ដើម្បីជាមូលដ្ឋានក្នុងកិច្ចពិភាក្សា លោក នុត អ៊ុនវ័ណរ៉ាអគ្គលេខាធិការរង គ.វ.ក. ប្រធានលេខាធិការដ្ឋាន IDP នៃ ក.អ.ក. និងជាប្រធានក្រុមការងារពន្លឿន វិស័យយានយន្ត និងអេឡិចត្រូនិក បានធ្វើបទបង្ហាញដោយផ្តោតលើលទ្ធផលនៃកិច្ចប្រជុំ ក.ប.យ.អ. លើកទី២,វឌ្ឍនភាពការងារដែល ក.អ.ក. សម្រេចបានក្នុងក្របខណ្ឌ ក.ប.យ.អ. និងលទ្ធផលគន្លឹះបឋមនៃរបាយការណ៍វាយតម្លៃវឌ្ឍនភាព ២ឆ្នាំ(២០២៣-២០២៤) ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។ បន្ទាប់មក សហប្រធានផ្នែកឯកជនទាំងពីរ ក៏បានធ្វើបទបង្ហាញស្តីពីស្ថានភាពបច្ចុប្បន្ន, និន្នាការសំខាន់ៗ បញ្ហាប្រឈម និងសំណូមពរ នានា ព្រមទាំងបានរំលេចពីការចូលរួមរបស់ផ្នែកឯកជនក្នុងការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។
នៅក្នុងបទបង្ហាញនោះ បញ្ហាប្រឈមមួយចំនួនត្រូវបានលើកឡើងដូចជា៖ បញ្ហាកង្វះកម្លាំងពលកម្មជំនាញ បញ្ហាពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាបន្ទុកផ្នែកបទប្បញ្ញត្តិ ជាដើម។ បន្ថែមលើនេះទៀត តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ជំនាញ ក៏បានធ្វើបទបង្ហាញខ្លី ស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា និងការសហការជាមួយវិស័យឯកជន ដោយផ្តោតសំខាន់លើកាលានុវត្តភាពក្នុងការអភិវឌ្ឍរួមគ្នានូវកម្មករជំនាញ, កម្មវិធីបណ្តុះបណ្តាលជំនាញរួមគ្នារវាងរាជរដ្ឋាភិបាល,សហគ្រាសនៃវិស័យឯកជន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល សំដៅធ្វើឱ្យប្រសើរឡើងនូវកម្លាំងពលកម្មជំនាញក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក។
កិច្ចប្រជុំខាងលើ បានប្រព្រឹត្តទៅដោយមានការចូលរួមមតិយោបល់យ៉ាងផុលផុស ពីសមាជិក សមាជិកាអង្គប្រជុំ និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ នៅក្នុងដំណើរការនៃកិច្ចប្រជុំ ក៏មានការស្ទង់មតិអំពីការយល់ឃើញរបស់វិស័យឯកជនលើការរៀបចំ, ផលជះ និងប្រសិទ្ធភាព នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជាផងដែរ។ ចំពោះទិសដៅការងារបន្តក.ប.យ.អ. នឹងពិនិត្យលើការធ្វើបច្ចុប្បន្នភាពសមាជិកឡើងវិញ ហើយគ្រោងនឹងរៀបចំកិច្ចប្រជុំលើកទី៤ នៅក្នុងអំឡុងពេល ៦ ខែបន្ទាប់ខាងមុខ។
ថ្លែងក្នុងកិច្ចបិទអង្គប្រជុំ លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្តែងនូវការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមយ៉ាងសកម្មពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាពិសេសវិស័យឯកជន ដែលនាំឱ្យដំណើរការនៃកិច្ចប្រជុំបានបញ្ចប់ទៅដោយរលូន ប្រកបដោយជោគជ័យ និងទទួលបាននូវលទ្ធផលល្អ តាមការរំពឹងទុក៕
ដោយ៖តារា