រឿង ប្រឡាយទឹកភ្នែក(ត)

ចែករំលែក៖

* យប់១២ រោចចុងឆ្នាំ ១៩៧៦÷
រាត្រីព្រាត់ដួងខែមេឃប្រែស្រអាប់។ យប់នេះជាយប់ ១២ រោច ចុងឆ្នាំ ១៩៧៦ ដែលប៉ុលពតប្លន់ដណ្ដើមទឹកដីប្រទេសកម្ពុជាមកគ្រប់គ្រងអស់រយៈពេលយូរគួរសមដែរហើយ។ ក្រោមការគ្រប់គ្រង ពួកមេដឹកនាំទាំងនោះបានបែងចែកជាភូមិភាគ ថ្នាក់តំបន់ និងសហករណ៍ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងប្រជាជន។ ប្រជាជនទាំងថ្មីទាំងចាស់ខិតខំធ្វើការឡើងហួសកម្លាំងពេញមួយថ្ងៃៗ ព្រោះត្រូវមកចូលរួមប្រជុំធំក្នុងថ្ងៃនេះ។ នៅក្នុងអង្គប្រជុំនោះ អង្គការបានអញ្ជើញកម្មាភិបាលខ្មែរក្រហមឲ្យមានមតិសំណេះសំណាលណែនាំនូវគោលនយោបាយខ្លះៗ។ កម្មាភិបាលនោះនិយាយថា អង្គការធ្វើបែបនេះគឺដើម្បីឲ្យប្រជាជនមានសិទ្ធិនិងការរស់នៅស្មើៗគ្នា។ អង្គការចង់លុបបំបាត់ពួកមូលធននិយម ដែលចូលចិត្តកេងប្រវ័ញ្ចអ្នកក្រឲ្យក្លាយជាទាសកររបស់ខ្លួន ហើយអង្គការលើកតម្កើងពួកអធនឲ្យរស់នៅមានសមភាពគ្នា។ ពុកម៉ែបងប្អូនមើលដែកដែលនៅលើដី វានឹងមានច្រែះជាមិនខាន។ ដែកនោះនឹងចាប់ផ្ដើមស៊ីច្រែះឡើងពេញតួខ្លួនរបស់វា ច្រែះមិននៅស្ងៀមថែមទាំងប្រឹងបៀមជញ្ជក់ដែករហូតដាច់ដោចក្លាយជាដី។ ដែកស៊ីច្រែះហើយ ច្រែះក៏ត្រូវស៊ីដែកវិញ។ បងប្អូនទាំងអស់គ្នាត្រូវប្រឹងបន្តដើម្បីអង្គការយើងទាំងមូល។ យើងហូបបបរមែន តែកុំឲ្យទន់ជ្រាយដូចបបរ។ យើងត្រូវខិតខំធ្វើការងារកុំខ្ជិលច្រអូសហើយត្រូវស្មោះត្រង់នឹងអង្គការ។ជយោ! អង្គការមហាអស្ចារ្យមហាលោតផ្លោះ! ជយោ!ជយោ!ជយោ! អង្គប្រជុំត្រូវបានបញ្ចប់បន្ទាប់ពីឮសូរស័ព្ទស្រែកកងរំពង។សំឡេងនោះមិនទាន់បាត់ផង ក៏មានសំឡេងស្រែកបន្តថា ធ្វើស្រែប្រវាស់មេឃស៊ីបាយ ធ្វើស្រែប្រវាស់ប្រឡាយស៊ីបបរ។ សំឡេងនោះក៏ស្ងប់ស្ងាត់បាត់ទៅតាមហ្វូងមនុស្ស។ តែមេក្រុម មេកង ហាក់សម្លឹងតាមរកប្រភពសំឡេងនោះមិនបង្អង់សោះ។
សំឡេងមាន់រងាវចាប់ផ្ដើមបន្លឺឡើង។ ដុំភ្លើងចាប់ផ្ដើមឆេះសន្ធោសន្ធៅនៅទិសបូព៌ា។មនុស្សម្នាចាប់ផ្ដើមធ្វើការដើម្បីអង្គការយើង។ ពេលនោះខ្ញុំពពោះជាង ៨ ខែប៉ុន្តែនៅតែទៅធ្វើការដូចប្រជាជនផ្សេងៗទៀត។ ជាធម្មតាការងាររបស់ខ្ញុំតែងតែមានគេជួយ តែអ្នកជួយថ្ងៃនេះហាក់បាត់ទៅតាមពាក្យសម្ដីដែលគាត់និយាយពេលប្រជុំជាប់នោះទៅហើយ។ ថ្ងៃត្រង់ណាស់ទៅហើយសំឡេងជ្រូកស្រែកពីក្នុងព្រះវិហារស្ថិតក្នុងវត្តកោះខ្សាច់ដែលស្រែកខ្លាំងៗប្រណាំងនឹងពោះរបស់ខ្ញុំកំពុងតែកូរឃ្លានដូចគ្នា។ ក្នុងរោងបាយប្រជុំដោយហ្វូងមនុស្សជាច្រើន។ សម្លៀកបំពាក់ដែលកខ្វក់សុទ្ធតែភក់នៅឡើយ។ ស្លាបព្រាមួយនៅជាប់នឹងខ្លួន ត្រូវដកមកហូបបបររកគ្រាប់អង្ករស្ទើរតែមិនគ្មាន។ យើងមិនទាន់ហូបហើយស្រួលបួលផង មេកងស្រែកហៅយើងឱ្យទៅជីកប្រឡាយបន្តទៀត។ សំឡេងប្រកូកប្រកាសនោះមិនទាន់សាបរលាបផងមានសំឡេងមួយទៀតស្រែកថា បន្តិចទៀតទៅដល់ឧស្សាហកម្មសម័យនឹងមានម៉ាស៊ីនបញ្ចុកបាយ ពួកយើងលែងហត់ដួសហូបដោយខ្លួនឯងហើយ។ ហូបបបរប៉ុណ្ណឹងម៉េចឆ្អែត ផឹកទឹកទៅឆ្អែតល្មម។
ព្រះសុរិយាហាក់ឈឺផ្សានឹងទារុណកម្មអមនុស្សធម៌នេះ បានជះកំដៅដុតកម្លោចផែនដីនេះឲ្យក្រៀមស្វិតដោយមិនអាណិតសត្វលោកឡើយ។ ព្រះពាយហាក់អត់ទ្រាំពុំបាន ក៏ច្រានដុំពពកខ្មៅឲ្យបានបិទពន្លឺនោះទៅ។ ព្រះពិរុណនៅស្ងៀមបៀមទុក្ខ ក្លាហានបង្ហូរទឹកភ្លៀងដូចគេហែកមេឃដើម្បីបន្ថយនូវភាពឈឺចាប់។ ខ្ញុំធ្វើការក្រោមកម្ដៅថ្ងៃពេញមួយថ្ងៃឥឡូវក្រោមដំណក់ទឹកភ្លៀងដ៏ខ្លាំងថែមទៀត។ រាងកាយរបស់ខ្ញុំទាំងមូលមិនអាចទ្រាំទ្រនឹងរបត់អាកាសធាតុនេះបានឡើយ។ ដៃខ្ញុំស្ពឹក ជើងខ្ញុំញ័រ ហើយត្រចៀកខ្ញុំខ្ទរស្ដាប់អ្វីលែងបាន។ ចប និងបង្គីរបស់ខ្ញុំបានធ្លាក់ទៅមួយចំហៀងខ្លួន រួចខ្ញុំដួលទៅម្ខាងទៀត។ អ្នកនៅក្បែរនោះបានជួយរឹតគក់ច្របាច់ឲ្យខ្ញុំ។ មេកងមកដល់ក៏និយាយថា គ្រុនញាក់គ្រុនញ័រ គ្រុនអាត្រាក់ទ័រ គ្រុនឡាន គ្រុនបាយបាន មិត្តឯងត្រូវតែកែចេញ កុំលាក់កម្លាំងពលកម្មបែបហ្នឹងទៀតប្រយ័ត្នអង្គការយកទៅរៀនសូត្រ។
* បង្កើតកូនលើខ្នងប្រឡាយ÷
ខ្ញុំឈ្មោះ ស៊ីលាភ។ ថ្ងៃនោះទឹកភ្នែករបស់ខ្ញុំហូរស្រក់ប្រណាំងនឹងទឹកភ្លៀងប្រកបដោយភាពឈឺចាប់ក្រៃលែង។ កម្លាំងកាយរបស់ខ្ញុំហាក់មិននៅសេសសល់ទៀតទេ តែចិត្តដែលខឹងសម្បាររបស់ខ្ញុំបានធ្វើឲ្យខ្ញុំប្រឹងប្រែងធ្វើការងារបន្តទៀត។ មនុស្សម្នាស្រូតរូតធ្វើដំណើរប្រញាប់ទៅផ្ទះរៀងៗខ្លួន។ ខ្ញុំប្រឹងឱបពោះដើរលើខ្នងប្រឡាយដែលរអិលដូចលាបខ្លាញ់។ ទារកក្នុងផ្ទៃរបស់ខ្ញុំហាក់ចង់ឃើញពន្លឺព្រះអាទិត្យហើយ។ទោះខ្ញុំខំប្រយ័ត្នប្រយែងដើរលើខ្នងប្រឡាយយ៉ាងណា ក៏មិនអាចទប់ខ្លួនដើរលើផ្លូវខ្នងអណ្ដើកនោះបានដែរ។ ខ្ញុំដួលបោកពោះលើផ្លូវធ្លាក់ចូលទៅក្នុងប្រឡាយ។ ខ្ញុំខំកាយ ខំលូន ដើម្បីរកទីទួលសម្រាកឲ្យផុតពីទឹកដែលដក់ក្នុងប្រឡាយនោះ។ ពោះរបស់ខ្ញុំកាន់តែឈឺឡើងៗ មេឃក៏កាន់តែងងឹតទៅៗ។ ចំណែកឯខ្លែងស្រាក់ចាប់ផ្ដើមយំបន្លឺសំឡេងឡើងរំពងពេញព្រៃហាក់ផ្ដល់សញ្ញាអ្វីមួយទៅកាន់បរិវា។ ថ្ងៃនោះខ្ញុំធ្វើការធ្ងន់ពេញមួយថ្ងៃមិនបានសម្រាកទាល់តែសោះ។ តើមានកម្លាំងឯណានឹងបង្កើតកូន? រួចខ្ញុំប្រឹងប្រែងយ៉ាងឈឺចាប់ ដើម្បីឲ្យឆ្លងផុតការបង្កើតកូនរបស់ខ្ញុំបានដោយសុវត្ថិភាព។ ភ្លាមៗនោះសំឡេងរបស់ទារកយំកងរំពងពេញព្រៃ។ ខ្ញុំបានបង្ហាញស្នាមញញឹមទាំងទឹកភ្នែកហូរ រួចត្របកភ្នែកទាំងគូរបស់ខ្ញុំចាប់ផ្ដើមបិទសន្សឹមៗ ។(នៅមានត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print