ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋស្រុកល្វា ឯមកាលពីពេលថ្មីៗនេះបានចោទប្រកាន់ ក្រុមហ៊ុនស៊ិញដាយថាបានប្រើប្រាស់គ្រឿងចក្រដោយបំពានច្បាប់ឈូសឆាយយកដីព្រៃលិចទឹកជាង៤ពាន់ហិកតា នៅចំណុច កំពង់រងាខាងត្បូង ស្ថិតក្នុងភូមិខ្នោការ ឃុំបារ៉ុង ស្រុកល្វាឯម ខេត្តកណ្ដាល ធ្វើជា កម្មសិទ្ធិ ។
ប្រជាពលរដ្ឋនិងអាជ្ញាធរបានឲ្យដឹងថា ចំណុចខាងលើ គឺជាដីព្រៃលិចទឹកសម្រាប់ត្រីពងកូន, ប៉ុន្តែបែរជាក្រុមហ៊ុនស៊ិញដាយ ប្រើប្រាស់ត្រាក់ទ័រជាច្រើនគ្រឿងឈូសរាប ធេងយកធ្វើជាកម្មសិទ្ធិ ដែលវាបានក្លាយ ជាក្ដីបារម្ភជយ៉ាងខ្លាំងចំពោះការថមថយចុះនៃពូជមច្ឆជាតិ ខណៈដែលដីព្រៃលិច ទឹកចេះតែ រួញខើចជាបណ្ដើៗ ដោយសារតែមានការច្បាមយកពីសំណាក់ពួកអ្នក មានលុយមានអំណាចនោះ ។
មិនអាចទាក់ទងសុំការបំភ្លឺពីលោកស្រី សុខ ចាន់លី ប្រធានក្រុមហ៊ុនស៊ិញដាយ បាននៅឡើយទេ ដោយសារតែទូរស័ព្ទរបស់លោកស្រីបិទការហៅចូល ។ ប៉ុន្តែបុរស ម្នាក់ឈ្មោះ អ៊ួន ឈឺន ដែលគេស្គាល់ថា ជាមេការក្រុមហ៊ុនបាននិយាយយ៉ាងក្រអឺតក្រទមថាផ្ទៃដីបឹងជាង៤ពាន់ហិកតាខាងលើ គឺលោកស្រី សុខ ចាន់លី បានទិញពី ប្រជាពលរដ្ឋស្របច្បាប់ ។ ការលើកឡើង បែបនេះបានទាក់ទាញឲ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋដោយថា គ្មានពលរដ្ឋណាម្នាក់ថ្លើមធំហ៊ានលក់ដីបឹង របស់រដ្ឋនោះទេ ហើយបើមានក៏អាជ្ញាធរមិនចេញលិខិតទិញលក់ឲ្យពួកគាត់ដែរ ។
លោក ថោង មុត មេឃុំបារ៉ុងបានអះអាង ថា ពិតជាមានគ្រឿងចក្រជាច្រើនគ្រឿង មកឈូសឆាយដីព្រៃលិចទឹកខាងលើមែន ឯការឈូសឆាយនេះ គឺម្ចាស់ក្រុមហ៊ុនមិនបានទាក់ទងមកលោក ឬក៏មានឯកសារ ណាបញ្ជាក់មានច្បាប់ឬ គ្មានច្បាប់នោះទេ ។ លោកមេឃុំបន្ដថា ដីជាង៤ពាន់ហិកតាខាង លើ គឺជាទ្រព្យសម្បត្តិរដ្ឋពិតមែន ហើយមិន ដឹងថា ក្រុមហ៊ុនមានអំណាចឥទ្ធិពលអ្វីទេ បានជាគេហ៊ានដាក់គ្រឿងចក្រមកធ្វើការឈូសឆាយតាមរបៀបឆៅៗ ដូច្នេះ ។
លោក វិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជល ផលខេត្តកណ្ដាលបានឲ្យដឹងថា ការឈូស ឆាយដីព្រៃលិចទឹកនៅចំណុចខាងលើ ដោយក្រុមហ៊ុនស៊ិញដាយ គឺជាទង្វើខុស ច្បាប់ ហើយលោកបានដាក់កម្លាំងចុះទៅឃាត់ជាច្រើនដងរួចមកហើយ តែក្រុមហ៊ុននៅតែលួចបន្ដធ្វើសកម្មភាពដដែល ។ លោកបន្ថែមថា ដោយសារកម្លាំងរបស់លោកមានគ្នាតិចតួច ដូច្នេះទើបក្រុមជន ល្មើស មានឱកាសច្បាមយកដីបឹងរបស់រដ្ឋបានស្ទើរតែគ្រប់ទីកន្លែងបែបនេះ ៕
ដោយ៖ ហេង នរិន្ទ្រ