ភ្នំពេញ ៖ ភាគីចិនប្តេជ្ញាសហការជាមួយភាគីកម្ពុជា អនុវត្តយ៉ាងម៉ឺងម៉ាត់នូវសមិទ្ធិផលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ Xi Jinping នៅកម្ពុជា។ សង្គមស៊ីវិលបង្ហាញមោទនភាពជាខ្លាំងចំពោះការលើកឡើងនេះ។
ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា «យើងនឹងសហការជាមួយភាគីកម្ពុជា អនុវត្តយ៉ាងម៉ឺងម៉ាត់ នូវសមិទ្ធិផលនៃដំណើរទស្សនកិច្ច របស់លោក Xi Jinping ប្រធានាធិបតីចិន មកកាន់ប្រទេសកម្ពុជា សាងសង់ផ្លូវមិត្តភាព ចិន-កម្ពុជា កាន់តែច្រើន និងកសាងស្ពានកិច្ចសហប្រតិបត្តិការចិន-កម្ពុជា កាន់តែច្រើន»។
លោកបានអះអាងទៀតថា ផ្លូវដែលភាគីចិនជួយសាងសង់ត្រូវបានពង្រីក ទៅមុខជាបន្តបន្ទាប់ ដែលជានិមិត្តរូប នៃការអភិវឌ្ឍនៃមិត្តភាពចិន-កម្ពុជា ឥតឈប់ឈរ។
ជុំវិញការលើកឡើងនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងប្រាប់ នៅថ្ងៃទី៣០ ខែមេសា ប្រកបដោយមោទនភាពជាខ្លាំងថា «បន្ថែមលើសមិទ្ធផលឥតគណនាដែលមិត្តចិនបានគាំទ្រដល់កម្ពុជា ជាពិសេសក្នុងរយ:ពេលជាង១ទសវត្សរ៍កន្លងមកនេះ ផ្លូវជាតិចំនួន៣ខ្សែ នៅខេត្តតាកែវ ភ្ជាប់កំពតនិងកំពង់ស្ពឺ ដែលទើបនឹងសម្ពោធ កាលពីពេលថ្មីៗនេះ ជាការកត់បញ្ចូលទំព័រទី១ នៅក្នុងក្រាំងនៃសហគមន៍ ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ដូចទៅនឹងអារម្មណ៍របស់ប្រជាជាតិកម្ពុជា ទាំងមូល ក្នុងនាមសង្គមស៊ីវិលមួយក្នុងប្រទេសកម្ពុជា.. ខ្ញុំមានមោទកភាពនៃកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្លា រវាងប្រទេសយើងទាំងពីរ ហើយសមិទ្ធផលនេះ បានបន្ថែមទំនុកចិត្ត ជំនឿចិត្ត កម្លាំងចិត្ត និងសមានចិត្ត កាន់តែខ្លាំងក្លាដល់មិត្តភាពដែកថែប រវាងប្រទេសយើងទាំងពីរ ព្រមទាំង ជាគម្រូដ៏ប្រសើរផ្តល់ទាំងទម្រង់និងខ្លឹមសារប្រកបដោយអត្ថន័យ រស់រវើកដល់ការបន្តវេននៃអ្នកពូនជ្រុំថែមជីជាតិកាន់តែប្រពៃ ដល់ភាពអមត:នៃកល្យាណមិត្ត កម្ពុជា-ចិន»៕
ប្រភព ៖ «CCFR China state-controlled media »