ថ្ងៃនេះក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង ចាប់ផ្តើមកាយដីដែលចាក់ចូលទន្លេចេញវិញហើយ​

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បាន​សុខ​ចិត្ត​កាយដីដែលខ្លួនបានចាក់កាលពីជាង១ខែមុន ចេញពីចំណុចភូមិទី១ សង្កាត់ខ្សាម និង​ភូមិ​ចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយប្រើ​គ្រឿង​ចក្រ​អេស្កា​វ៉ាទ័រ​១​គ្រឿង និងឡានដឹកដី២គ្រឿង។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីលោក អឿ សារឿន ប្រធានមន្ទីរធនធានទឹក នៅវេលាម៉ោង១និង១៥នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

ករណីចាក់ដីចូលទន្លេសាបរាប់រយឡាននេះ បានកើត ឡើងតាំងអំឡុងខែមីនា និងដើមខែមេសា ឆ្នាំ២០២៥ ដោយមិនមានអ្នកហាមឃាត់នោះទេ។ រហូតដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៥(ប្រជុំលើកទី១) ទើបក្រសួង ធនធានទឹក អាជ្ញាធរទន្លេសាប អាជ្ញាធរខេត្តកំពង់ឆ្នាំងបានចុះមកពិនិត្យ និងប្រាប់ឱ្យក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីកន្លែងចាក់ដីចូលទន្លេសាប ហើយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រសួង ធនធានទឹក និងអាជ្ញាធរទន្លេសាប បានមកប្រជុំម្តងទៀត(លើកទី២) ដោយខាងក្រុមហ៊ុនសុំរយៈពេល១៥ ដើម្បីកាយដីដែលចាក់ចូលទន្លេសាបចេញវិញឲ្យស្អាត តែខាងក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ទុកពេលឱ្យត្រឹមតែ៧ថ្ងៃប៉ុណ្ណោះក្នុងការយកអាចម៍ដីទាំងអស់ចេញពីទន្លេសាបដែលខ្លួនបានចាក់ចូល។ 

គួរបញ្ជាក់ថា ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បានចាក់ដីចូលចំណុចខាងលើ ចូល​ជ្រៅ​ទៅ​ក្នុង​ទន្លេសាបប្រមាណ៧០ម៉ែត្រ។ បន្ទាប់មកក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និង​ឧតុនិយម អាជ្ញាធរទន្លេសាប រួមនិងអាជ្ញាធរខេត្តកំពង់ឆ្នាំង បាន​កំណត់​អោយ​កាយ​ចេញ​ពី​ចំណុច​ខាង​លើឲ្យអស់ពីទន្លេសាបវិញ។ ការចាក់ដីចូលទន្លេសាបបែបនេះ គឺបាន​ធ្វើ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្តីពីការគ្រប់គ្រងទឹកក្នុងព្រះរាជាណាចក្រ​កម្ពុជា ត្រង់មាត្រា១២ និងមាត្រា៣៦ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print