ខេត្តកំពង់ឆ្នាំង៖ ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានសុខចិត្តកាយដីដែលខ្លួនបានចាក់កាលពីជាង១ខែមុន ចេញពីចំណុចភូមិទី១ សង្កាត់ខ្សាម និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយប្រើគ្រឿងចក្រអេស្កាវ៉ាទ័រ១គ្រឿង និងឡានដឹកដី២គ្រឿង។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីលោក អឿ សារឿន ប្រធានមន្ទីរធនធានទឹក នៅវេលាម៉ោង១និង១៥នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
ករណីចាក់ដីចូលទន្លេសាបរាប់រយឡាននេះ បានកើត ឡើងតាំងអំឡុងខែមីនា និងដើមខែមេសា ឆ្នាំ២០២៥ ដោយមិនមានអ្នកហាមឃាត់នោះទេ។ រហូតដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៥(ប្រជុំលើកទី១) ទើបក្រសួង ធនធានទឹក អាជ្ញាធរទន្លេសាប អាជ្ញាធរខេត្តកំពង់ឆ្នាំងបានចុះមកពិនិត្យ និងប្រាប់ឱ្យក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីកន្លែងចាក់ដីចូលទន្លេសាប ហើយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រសួង ធនធានទឹក និងអាជ្ញាធរទន្លេសាប បានមកប្រជុំម្តងទៀត(លើកទី២) ដោយខាងក្រុមហ៊ុនសុំរយៈពេល១៥ ដើម្បីកាយដីដែលចាក់ចូលទន្លេសាបចេញវិញឲ្យស្អាត តែខាងក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ទុកពេលឱ្យត្រឹមតែ៧ថ្ងៃប៉ុណ្ណោះក្នុងការយកអាចម៍ដីទាំងអស់ចេញពីទន្លេសាបដែលខ្លួនបានចាក់ចូល។
គួរបញ្ជាក់ថា ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បានចាក់ដីចូលចំណុចខាងលើ ចូលជ្រៅទៅក្នុងទន្លេសាបប្រមាណ៧០ម៉ែត្រ។ បន្ទាប់មកក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប រួមនិងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានកំណត់អោយកាយចេញពីចំណុចខាងលើឲ្យអស់ពីទន្លេសាបវិញ។ ការចាក់ដីចូលទន្លេសាបបែបនេះ គឺបានធ្វើផ្ទុយទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងទឹកក្នុងព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា១២ និងមាត្រា៣៦ ៕