មន្ត្រីភ្នាក់ងារទេសចរណ៍ជប៉ុនម្នាក់បានឱ្យដឹងថា ភ្នាក់ងារទេសចរណ៍ជប៉ុននឹងលើកលែងគ្រឿងស្រវឹងដែលផលិតឡើងក្នុងស្រុកដូចជា ស្រាសាកេ ចេញពីពន្ធស្រា សម្រាប់អ្នកទេសចរ។ នេះត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។
ទីភ្នាក់ងារនេះនឹងអំពាវនាវឱ្យមានការលើកលែង នៅពេលដែលក្រសួងហិរញ្ញវត្ថុទទួលបានសំណើពីមន្ត្រីរដ្ឋាភិបាលដែលចង់ឱ្យមានការផ្លាស់ប្តូរពន្ធប្រចាំឆ្នាំនៅក្នុងឆ្នាំសារពើពន្ធក្រោយដែលនឹងចាប់ផ្តើមនៅខែមេសានេះ។
វិធានការបែបនេះទំនងជាអនុញ្ញាតឱ្យអ្នកធ្វើដំណើរបរទេសទិញស្រាដែលផលិតឡើងនៅជប៉ុនវិញ។ ទីភ្នាក់ងារនេះបាន ចាត់ទុកថាការលើកលែងនេះនឹងចូលរួម ជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។
អ្នកទិញនឹងអាចទទួលបាននូវអ្វីដែលពួកគេទិញនៅកន្លែងនោះផ្ទាល់ ប៉ុន្តែដោយសារតែស្ថិតក្រោមប្រព័ន្ធហាងដែលគ្មាន ពន្ធប្រើប្រាស់សម្រាប់អ្នកទេសចរនោះពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យមានការផ្ទេរស្រាទេ ខណៈដែលពួកគេស្ថិតនៅក្នុង ប្រទេសជប៉ុននោះ។
ពន្ធស្រាមានភាពខុសប្លែកគ្នាទៅតាមប្រភេទស្រានិងកម្រិតនៃជាតិស្រវឹង។ ចំពោះពន្ធស្រាសាកេដែលមានចំណុះ ៧២០មិល្លីលីត្រក្នុងមួយដបគឺមានតម្លៃ ៨៦,៦យ៉េនស្រាដែលមានចំណុះ៥៥០ មិលី្លលីត្រក្នុងមួយដបមានតម្លៃ៦០យ៉េន ហើយស្រាបៀរដែលមានចំណុះ៣៥០ មិលី្លលីត្រមានតម្លៃ៧៧យ៉េន។
កាលពីខែតុលាឆ្នាំ២០១៤កន្លងទៅ រដ្ឋាភិបាលជប៉ុនបានបង្កើនឈ្មោះមុខ ទំនិញទៅលើបញ្ជីលើកលែងពន្ធរបស់ខ្លួនសម្រាប់ជនបរទេសដែលរួមមានទំនិញ ដូចជា ម្ហូបអាហារ ឱសថ គ្រឿងស្រវឹង គ្រឿងសម្អាង សម្លៀកបំពាក់ និងកាបូប ត្រូវបានលើកលែងចេញពីពន្ធប្រើប្រាស់ រួចរាល់ហើយ។
ជាលទ្ធផលការលក់អាហារនិងគ្រឿងសម្អាងត្រូវបានគេមើលឃើញថាកើនឡើងហើយជនបរទេសដែលចូលមកទស្សន កិច្ចនៅប្រទេសជប៉ុនដើម្បីដើរទិញអីវ៉ាន់នៅផ្សារនោះក៏កើនឡើងផងដែរ។ សម្រាប់ ឆ្នាំ២០១៥ ជប៉ុនបានមើលឃើញថាកំណើន ទេសចរបរទេសកើនឡើង១៩,៧៤លាន នាក់។
មន្ត្រីនោះបានបន្ថែមទៀតថាប្រសិនបើចំនួនភ្ញៀវទេសចរដែលទិញស្រាសាកេកើនឡើងនោះការនាំចេញនឹងកើនឡើងហើយភ្ញៀវបរទេសក៏នឹងកើនឡើងផងដែរ៕
ដោយ៖ រ័ត្ន