នៅក្នុងចំណោមក្រុមឈ្មួញរកស៊ីនាំត្រីឆ្តោ ត្រីរ៉ស់ពីប្រទេសវៀតណាមចូលប្រទេស កម្ពុជាបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគេសង្កេតឃើញថា ឈ្មួញវៀតណាម ឈ្មោះ តាន់ វណ្ណា ហៅតូម ជាអ្នកដែលបានកសាងគុណសម្បត្តិធំធេងក្នុងចំណោម មន្ត្រីរដ្ឋបាលជលផល ពីព្រោះមន្ត្រីរដ្ឋបាលជលផលនិយាយថា បើគ្មានឈ្មួញនាំចូលត្រីពីប្រទេសជិតខាងទេនោះប្រជាជនកម្ពុជាគ្មានអ្វីទទួលទានឡើយ ។ ដូច្នេះមានន័យ ថា បើឈ្មួញវៀតណាមមិននាំត្រីចូលទេប្រជាជនកម្ពុជាមុខជាគ្មានត្រី សាច់ទទួល ទានឡើយ។ ប៉ុន្តែមានអាថ៌កំបាំងអ្វីឬទេរវាងមន្ត្រីរដ្ឋបាលជលផលជាមួយនឹងឈ្មួញ វៀតណាមរកស៊ីដឹកត្រីទាំងនោះ ។
ក្នុងចំណោមឈ្មួញល្បីៗដូចជា ហុក ជ្រា, វ៉ាន់ ឈ្មួញ ឈ្មោះតូម ជាអ្នកដែលមានលទ្ធភាពយ៉ាងច្រើនក្នុងការនាំត្រីពីប្រទេសវៀតណាមតាមច្រកព្រំដែនខេត្តតាកែវ និង ខេត្តកណ្តាល ។ មិនថាត្រីរ៉ស់ ត្រីឆ្តោ ឬត្រីចាប ដែលច្បាប់ហាមដាច់ខាតនោះទេ ត្រី ផ្សេងៗទៀតក៏ឈ្មួញតូមនាំចូលបានដែរ ។ មន្ត្រីជលផលតាំងពីនៅច្រកព្រំដែនរហូតដល់រាជធានីភ្នំពេញ និងខេត្តមួយចំនួនដែលឈ្មួញតូមនាំត្រីយកទៅចែកចាយសុទ្ធតែបានថ្លែងអំណរគុណលោកតូមព្រោះតែបានខិតខំបែងចែកត្រីដល់មូលដ្ឋានរបស់ពួកគេដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ គេខ្សឹបខ្សៀវថា រដ្ឋបាលជលផលប្រុងបំពាក់មេដាយជូនក្រុមឈ្មួញវៀតណាមរកស៊ីនាំត្រីទាំងនោះទៀតផង ។
ត្រីចាបដែលជាប្រភេទត្រីច្បាប់ហាមឃាត់នាំចូលដាច់ខាតនោះ ប៉ុន្តែសម្រាប់ឈ្មួញ តូមពិតជាមិនត្រូវបានរំខានដោយសមត្ថកិច្ចអ្នកអនុវត្តច្បាប់នេះឡើយ ។ និយាយឲ្យខ្លី ក្រៅពីការកសាងគុណសម្បត្តិជាមួយរដ្ឋបាលជលផលហើយនោះក្រុមមន្ត្រីជំនាញនេះក៏នៅបានមិនអនុវត្តច្បាប់ប្រទេសនេះទៀតផង។ ច្បាប់ប្រទេសនេះកំណត់ថា មិនអនុញ្ញាតឲ្យឈ្មួញនាំត្រីចាបចូលពីប្រទេសជិតខាងនោះឡើយ ប៉ុន្តែមន្ត្រីជលផល ដោយសារអំណាចរបស់ឈ្មួញជនជាតិវៀតណាមឈ្មោះ តូម បានអនុញ្ញាតឲ្យនាំត្រីចាបចូលដោយសេរី ។ ត្រីរ៉ស់ ត្រីឆ្តោ អាចថា ជារឿងមួយដើម្បីបំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋប៉ុន្តែត្រីចាបត្រូវបានច្បាប់ហាមដាច់ខាត ៕