ខេត្តព្រះសីហនុ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសបញ្ជាក់ហេតុផលសំខាន់ៗជាច្រើន ដែលកម្ពុជានៅតែបន្ដពង្រីកការវិនិយោគនៅទូទាំងប្រទេស ស្របពេលដែលពិភពលោកជិតមានសង្រ្គាមពាណិជ្ជកម្ម។
នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករនិយោជិក កំពង់ផែស្វយ័ត ក្រុងកំពង់សោម ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី គូសបញ្ជាក់ថា វដ្ដនៃសេដ្ឋកិច្ចគឺមានការឡើងចុះ ប៉ុន្ដែប្រសិនបើមើលរយៈពេលវែងគឺតែងតែមានការកើនឡើងជានិច្ច។ ទន្ទឹមនឹងនោះ សេដ្ឋកិច្ចពិភពលោកមិនអាចកាត់ផ្ដាច់បិទច្រកនៃការធ្វើពាណិជ្ជកម្មនោះទេ រាប់ពាន់ឆ្នាំមកហើយ ហើយរាប់ពាន់ឆ្នាំទៅមុខទៀតក៏នៅតែមានការធ្វើពាណិជ្ជកម្មដែរ។
សម្ដេចធិបតី បានបន្ដថា គ្មានប្រទេសណាមួយអាចរស់ដោយខ្លួនឯង ដាំដុះ និងផលិតដោយខ្លួនឯងគ្រប់មុខនោះទេ។ អ៊ីចឹងពឹងផ្អែកលើការផលិតខ្លះរបស់យើងលក់ទៅឱ្យគេ និងការផលិតខ្លះរបស់គេលក់មកឱ្យយើងវិញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅក្នុងពិភពលោកដូចគ្នា បើគ្មានការកាត់ផ្ដាច់ពិភពលោកទេ នោះទំនាក់ទំនងពាណិជ្ជកម្មនឹងកាន់តែរីក ព្រោះមនុស្សកាន់តែកើន ទំហំនៃតម្រូវការកាន់តែច្រើន អ៊ីចឹងទំហំនៃទំនិញ ទាំងបរិមាណ និងតម្រូវការកាន់តែច្រើន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការចរចាពាណិជ្ជកម្មជាមួយអាមេរិក មិនមែនងាយស្រួលនោះទេ ហើយបើទោះបីជា លំបាកយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា បន្តប្រឹងប្រែង ដើម្បីការពារប្រយោជន៍ជូនជាតិ និងប្រជាជន។
សម្តេចបានរំលឹកអំពីវិធានការដាក់ពន្ធរបស់សហរដ្ឋអាមេរិក លើប្រទេសជាង២០០នៅលើពិភពលោក ក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយកន្លងមកនេះ មានប្រទេសមួយចំនួនបានចរចាហើយ ប៉ុន្តែរហូតដល់ពេលនេះ មិនទាន់មានប្រទេសណាមួយ បានត្រូវរ៉ូវគ្នានៅឡើយទេ។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «កិច្ចការងារនេះជាកិច្ចការស្មុគស្មាញ ហើយមកដល់ម៉ោងនេះ ហើយមកដល់ម៉ោងនេះ មិនទាន់មានប្រទេសណាមួយចរចាត្រូវទេ សូម្បីតែប្រទេសជប៉ុន ដែលជាមហាអំណាច ជាសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក តាំងពីសង្គ្រាមលោកលើកទី២ចប់ ត្រូវទទួលពន្ធ២៤ភាគរយ ហើយមិនដល់ម៉ោងនេះចរចាអត់ទាន់ត្រូវផង»។សម្តេចបានបន្តថា ប្រទេសជប៉ុន បានចាត់តាំងរដ្ឋមន្រ្តីពាណិជ្ជកម្ម ដោយបានជួបចរចាជាមួយអាមេរិក នៅទីក្រុងវ៉ាស៊ីនតោនហើយ នៅតែចរចាមិនត្រូវទៀត ដោយសារតែស្មុគស្មាញ។ សម្តេចបានបន្ថែមថា «ចរចាពាណិជ្ជកម្មមិនស្រួលទេ ចរចាមួយគឺចរចាទាំងអស់គ្នា បានន័យថាម៉េច បើជប៉ុនឱ្យទៅអាមេរិក ទាល់តែជប៉ុនឱ្យដូចគ្នាទៅប្រទេសទាំងអស់ ដូច្នេះជប៉ុនត្រូវគិតគូរទាំងអស់ បើឱ្យមួយទៅអាមេរិក ត្រូវឯកភាពឱ្យទៅអឺរ៉ុប និងប្រទេសផ្សេង…»។
កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានដាក់ពន្ធលើប្រទេសនានា។ ជាមួយគ្នានេះអាមេរិកបានកំណត់យកពន្ធពីកម្ពុជាចំនួន ៤៩ភាគរយ ប៉ុន្តែពន្ធនេះអនុវត្តជាបណ្តោះអាសន្នត្រឹមតែ ១០ភាគប៉ុណ្ណោះ ក្នុងរយៈពេល៣ខែ គិតចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ តទៅ។ ការដាក់ពន្ធរបស់សហរដ្ឋអាមេរិក ធ្វើឡើងក្រោមហេតុផលថា អតុល្យភាពទំហំពាណិជ្ជកម្ម ដោយប្រទេសទាំងនោះនាំចូលទៅសហរដ្ឋអាមេរិកច្រើនជាងសហរដ្ឋអាមេរិកនាំចេញត្រឡប់ទៅវិញ។
រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីមានវិធានការដាក់ពន្ធនេះ។ សម្តេចបវរធិបតី បានបញ្ជាក់ទៀតថា៖ «ជាមួយកម្ពុជា យើងខិតខំទោះបីជាស្មុគស្មាញយ៉ាងណាក៏ដោយ ទោះបីជាលំបាកយ៉ាងម៉េចក៏ដោយ ក៏យើងបានចាត់វិធានការ និងត្រៀមលក្ខណៈបន្តទៀត ដើម្បីធ្វើកិច្ចការងារ គោលដៅអ្វី គឺគោលដៅការពារផលប្រយោជន៍ពាណិជ្ជកម្ម សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជាពិសេសសេដ្ឋកិច្ចយើង ដោយពឹងផ្អែកទៅលើការនាំចេញ អីចឹងគឺធ្វើយ៉ាងម៉េចធានាគាំទ្រទៅដល់ការងារប្រជាពលរដ្ឋ សេដ្ឋកិច្ចរបស់យើង ដើម្បីហោប៉ៅប្រជាពលរដ្ឋ នៅតែរក្សាបាន នេះជាគោលដៅ ធំរបស់យើង»៕
ដោយ ៖ សិលា