ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូន ផលិតករ និងអ្នកនាំចេញទាំងអស់ ដែលបាននិងកំពុង នាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក មេត្តាជ្រាបថា ប្រកាសអន្តរក្រសួងស្តីពីវិធានការសម្រាប់បង្ការនិង ទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និង ប្រកាសស្តីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញ ទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក នឹងអនុវត្តចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ។
ប្រកាសទាំងពីរនេះ មានគោលបំណងបង្ការនិងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការ អនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញប្រកបដោយតម្លាភាព សម្រាប់ការនាំចេញទំនិញមួយចំនួនពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ជាមួយគ្នានេះ ផលិតករ និងអ្នកនាំចេញ មិនតម្រូវឱ្យបង់កម្រៃសេវាសាធារណៈ សម្រាប់ការស្នើសុំលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញនោះឡើយ។
ប្រកាសទាំងពីរនេះ និងឯកសារគតិយុត្តពាក់ព័ន្ធអាចទាញយកបានតាម QR Code ខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកប្រព័ន្ធទូរស័ព្ទសាធារណៈក្រសួងពាណិជ្ជកម្ម លេខ១២៦៦។
អាស្រ័យហេតុនេះ សូម ផលិតករ និងអ្នកនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកទាំងអស់ មេត្តាជ្រាប ជាព័ត៌មាន និងចូលរួមអនុវត្តឱ្យបានគត់មត់៕
ដោយ៖តារា