ភ្នំពេញ៖ តារាចម្រៀងស្រីម្នាក់ ឈ្មោះ ចាប ចិន្តា ត្រូវបានប្រពន្ធដើមនិងមនុស្សមួយក្រុមជាបងប្អូនប្រពន្ធដើមបើកឡានដេញបុកនិងព្រួតវ៉ៃដោយចោទប្រកាន់ថាតារាចម្រៀងស្រីរូបនេះព្យាយាមទាក់ទងប្តីរបស់គេ ខណៈតារាស្រី ចាប ចិន្តា បដិសេធថាមិនបានទាក់ទងប្តីនរណានោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅត្រង់ចំណុចភ្លើងស្តុបសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពពីនារីរងគ្រោះជាតារាចម្រៀងឈ្មោះ ចាប ចិន្តា បានបញ្ចាក់ថា រូបនាងបានបើករថយន្តមួយគ្រឿងម៉ាក TOYOTA Prius សុខៗស្រាប់តែមានរថយន្តម៉ាក Ford Rabter ពណ៌ស មួយគ្រឿងបើកមកកាក់ពីមុខ រួចមនុស្សប្រុសស្រី២នាក់ចុះមកស្រែកបង្ខំឲ្យរូបនាងចុះពីលើរថយន្តនិងបានប្រើប្រាស់អំពើហិង្សាវ៉ៃបំផ្លាញរថយន្តរបស់នាង។ បន្តាប់មករូបនាងក៏បានបើករថយន្តគេច រហូតដល់ភ្លើងស្តុបសំណង់១២ តែត្រូវបានមនុស្សប្រុសស្រី២នាក់នោះ បើករថយន្តដេញពីក្រោយនិងបំបុកពីក្រោយយ៉ាងពេញទំហឹង ហើយរូបនាងបានចេញពីលើរថយន្តដើម្បីរត់គេច តែត្រូវប្រពន្ធដើមនិងបងប្អូនប្រពន្ធដើម ព្រួតគ្នាវ៉ៃរូបនាងតែម្តង ស្របពេលមនុស្សមួយក្រុមកំពុងនាំគ្នាព្រួតវ៉ៃនាងក៏បានរត់ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋលក់ចាប់ហួយ ពេលនោះប្រជាពលរដ្ឋក៏បានជួយហាមឃាត់មនុស្សមួយក្រុមនោះកុំឲ្យវ៉ៃរូបនាងទៀត។
តាមការបញ្ជាក់ពីប្រពន្ធដើមបានបញ្ជាក់ថា តារាចម្រៀងស្រី ឈ្មោះ ចាប ចិន្តា តែងតែមករវីរវល់ជាមួយប្តីរបស់គាត់ ដើម្បីទាក់ទងគ្នា លុះមកដល់ថ្ងៃកើតហេតុ នារីខាងលើមកគោះទ្វារផ្ទះដើម្បីរកប្តីរបស់គាត់ ទើបធ្វើឲ្យគាត់ខឹងបបួលបងប្អូននាំគ្នាព្រួតដេញវ៉ៃនារីនោះតែម្តង ធ្វើឲ្យរបួសមុខនិងក្បាល។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចុះមកដល់ចំណុចកើតហេតុ រួចនាំនារីរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕