ខេត្តស្វាយរៀង៖ ភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់កន្ត្រាក់បោកបក់បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋយ៉ាងហោចណាស់ចំនួន៧៤ខ្នងដួលរលំនិងប៉ើងដំបូលខ្នងផ្ទះនៅក្នុងស្រុករំដួលនិងស្រុកស្វាយជ្រំ។
ករណីភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់នេះបានកើតឡើងកាលពីវេលាម៉ោង១៨:៣០នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងឃុំចំនួន៦ក្នុងស្រុករំដួល និងស្រុកស្វាយជ្រំខេត្តស្វាយរៀង។
បើតាមលោកមេឃុំជ្រុងពពេលបានឲ្យដឹងថានៅយប់វេលាកើតហេតុខាងលើស្រាប់តែមានមេឃខ្មៅធ្លាក់ភ្លៀងលាយឡំខ្យល់រន្ទះបោកបក់ខ្លាំងៗមកលើភូមិឃុំហើយក្រោយមេឃរាំងភ្លៀងបណ្តាលឲ្យមានផ្ទះប្រជាពលរដ្ឋដួលរលំនិងផ្ទះខ្លះប៉ើងដំបូលធ្លាក់ក្បឿងស័ង្កសីជាដើម។
ប្រភពបានបន្តទៀតថាក្រោយពីស្ងប់ស្ងាត់អាជ្ញាធរចុះស្រង់ស្ថិតិពីផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ហើយផ្ទះពលរដ្ឋដួលរលំធ្ងន់នោះចំនួន២៥ខ្នង មធ្យមចំនួន៤០ខ្នង តិចតួច៩ខ្នងផ្ទះដោយ ប៉ើងដំបូល ក្បឿងនិង ស័ង្កសី។ ចំណែក ក្នុងស្រុករំដួលរងផលប៉ះពាល់ឃុំចំនួន៤មាន ឃុំ ជ្រុងពពេល ឃុំ ម៉ឺនជ័យ ឃុំ កំពង់អំពិល និងឃុំ ថ្នាធ្នង់ ស្រុកស្វាយជ្រំប៉ះពាល់ឃុំចំនួន២មាន ឃុំ អង្គតាសូនិងឃុំធ្លក តាមបណ្តាស្រុកក្រុងនៅក្នុងខេត្តស្វាយរៀងផ្សេងទៀតពុំទាន់មានផលប៉ះពាល់ខូចខាតនោះទេ។
សូមបញ្ជាក់ ថា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចុះពិនិត្យនិងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះផងដែរ៕
ដោយ៖ សុថាន