ភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូចិន ដឹកនាំដោយ សាស្ត្រាចារ្យ ហុង វួយ (HONG WEI) ប្រធានការិយាល័យសហ ប្រតិបត្តិការអន្តរជាតិនៃសាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
ក្នុងឱកាសជំនួបនេះ សាស្ត្រាចារ្យ ហុង វួយ បានថ្លែង អំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានឧទ្ទេសនាមបេក្ខជននិស្សិតប្រកបដោយសមត្ថភាពខ្ពស់ទៅបន្តការសិក្សានៅសាកលវិទ្យាល័យ SUSTech កន្លងមកនេះ និងសូមកោតសរសើរភាពសកម្មរបស់និស្សិតកម្ពុជា ទាំងក្នុងការសិក្សា និងការចែករំលែកអំពីវប្បធម៌ខ្មែរ។ សាស្ត្រាចារ្យ បានស្នើសុំបន្តសុពលភាពកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំជាមួយភាគីកម្ពុជា ដោយបន្តជ្រើសរើសនិស្សិតកម្ពុជាដែលសមស្របតាមលក្ខខណ្ឌឱ្យទៅបន្តការសិក្សានៅសាកលវិទ្យាល័យ SUSTech។ សាស្ត្រាចារ្យក៏បានបង្ហាញនូវចំណាប់អារម្មណ៍បង្កើតកម្មវិធីបណ្ដុះបណ្ដាលរួមគ្នាជាមួយគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដោយអនុវត្តកម្មវិធីឆ្នាំសិក្សាថ្នាក់មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដើម្បីនិស្សិតកម្ពុជាសិក្សាមុខវិជ្ជាមួយចំនួននៅកម្ពុជា មុននឹងទៅបន្តការសិក្សានៅសាកលវិទ្យាល័យ SUSTech ។
ជាការឆ្លើយតប បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យ SUSTech ដែលមានចំណាប់អារម្មណ៍ខ្ពស់លើការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា និងស្នើសាកលវិទ្យាល័យ SUSTech ពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្តុះបណ្តាលរួមគ្នាជាមួយគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលមានភាពលេចធ្លោនៅកម្ពុជា និងផ្តល់អាហារូបករណ៍ដើម្បីឱ្យនិស្សិតកម្ពុជាកាន់តែច្រើនមានឱកាសទៅសិក្សាមុខវិជ្ជាវិទ្យាសាស្ដ្រឈានមុខនៅសាកលវិទ្យាល័យ SUSTech។
ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយស្វាគមន៍ និងចូលរួមសហការគាំទ្រសម្រប សម្រួលនូវរាល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនានាលើវិស័យអប់រំ ក្នុងគោលដៅជំរុញនូវការអភវិឌ្ឍន៍ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៣០ និង២០៥០៕