រឿង រលកជីវិត

ចែករំលែក៖

នៅក្នុងខែមេសាឆ្នាំ ១៩៧០ ភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានធ្លាក់នៅក្រោមអំណាចគ្រប់គ្រងរបស់កងទ័ពរំដោះជាតិ ឬហៅថា កងទ័ពខ្មែរក្រហមទៅហើយ។រហូតដល់ឆ្នាំ ១៩៧៤ ប្រជាជននៅទីនោះកាន់តែរស់នៅក្នុងភាពតានតឹង និងភ័យខ្លាចនូវអំណាចគ្រប់គ្រងរបស់ខ្មែរក្រហម ព្រោះខ្មែរក្រហមបានចាប់កំហុសអ្នកដែលហ៊ានប្រឆាំងយកទៅឃុំឃាំង និងបាត់ខ្លួនជាបន្តបន្ទាប់។ គ្រួសារដែលមានកូន ឬប្ដីប្រពន្ធបម្រើឲ្យ ឬមានទំនាក់ទំនងជាមួយអ្នកធ្វើការឲ្យរដ្ឋាភិបាលលន់ នល់ត្រូវខ្មែរក្រហមជម្លៀសចេញឲ្យទៅរស់នៅជនបទឆ្ងាយដាច់ស្រយាលដូចជានៅលើទឹកដីដែលងាយរងគ្រោះនឹងជំងឺគ្រុនចាញ់ជាដើម។
ពេលនោះការបំពាក់បំប៉នមនោគមវិជ្ជាបានអូសទាញយុវជនយុវនារីជាច្រើនឲ្យចូលរួមក្នុងជួរបដិវត្តន៍។ ខ្មែរក្រហមឲ្យយុវជន យុវនារី កុមារា និងកុមារី បង្កើតជាក្រុមភូមិ ដើម្បីបង្កើតរបាំច្រៀងរាំ ច្រៀងសរសើរតែគុណបដិវត្តន៍ និង កម្ទេចខ្មាំងសម្រាប់អូសទាញប្រជាជនបន្ថែមទៀតឲ្យចូលបម្រើបដិវត្តន៍។
ផ្នែកអប់រំសុខាភិបាលពុទ្ធសាសនា បានធ្លាក់ចុះ និងត្រូវលុបបំបាត់។ ទីផ្សារស្ងាត់ជ្រងំសាលារៀន និងមន្ទីរពេទ្យបិទទ្វារព្រះសង្ឃត្រូវខ្មែរក្រហមឲ្យទៅយាមខ្មាំងជាមួយនឹងប្រជាជនដទៃទៀត។ ប្រជាជនគ្មានសេរីភាពក្នុងការធ្វើដំណើរដោយខ្លួនឯងទៀតទេ។
ម្ដាយឪពុករបស់ខ្ញុំ បាននាំចៅប្រុសកំព្រាទៅកាប់ព្រៃអូរសារ៉ាយ ដើម្បីសង់លំនៅឋាន និងដាំដំណាំចិញ្ចឹមជីវិត។ ប្រជាជនជាច្រើនគ្រួសារបានទៅកាប់ព្រៃសង់លំនៅឋាននៅព្រៃអូរសារ៉ាយដែរ ព្រោះយើងអស់សង្ឃឹមពីជំនួញជួញដូរទៀតហើយ។
នៅក្នុងខែកុម្ភៈឆ្នាំ ១៩៧៤ ក្មួយប្រុសរបស់ខ្ញុំជាយុវជនពេញវ័យ ត្រូវខ្មែរក្រហមតម្រូវឲ្យទៅធ្វើការនៅការដ្ឋានព្រៃក្បាលដំរី។ ពេលនោះប្រជាជនក្នុងភូមិចេះតែមានការភ័យខ្លាចព្រោះមានដំណឹងពីអ្នកស្រុកថា ទាហានលន់ នល់ ចេញវាយលុកគៀងយកប្រជាជនទៅនៅខាងលន់ នល់ ហើយប្រជាជនដែលនៅសេសសល់ខ្លះ ខ្មែររំដោះបានជម្លៀសឲ្យចេញទៅឆ្ងាយពីស្រុក ព្រោះមានយន្តហោះមកទម្លាក់គ្រាប់បែកឆេះផ្ទះសម្បែងអស់គ្មានសល់ ប្រជាជនរស់នៅលំបាកវេទនាណាស់។
* ចាកចេញពីផ្ទះសម្បែង÷
ក្តីព្រួយភ័យរបស់ប្រជាជនបានក្លាយទៅជាការពិត។ ម៉ោងប្រហែល ៥ ល្ងាច ពួកមិត្តៗបានដើរមកប្រាប់គ្រប់ៗផ្ទះថា ឲ្យរៀបចំអីវ៉ាន់ចាកចេញពីផ្ទះជាបន្ទាន់នឹងមានការវាយតគ្នារវាងទាហានលន់ នល់ និងកងទ័ពខ្មែរក្រហមហើយ។ ឮដំណឹងនេះភ្លាមខ្ញុំស្លុតរន្ធត់ណាស់។ ខ្ញុំឱបកូនយំ។ ពេលនោះកូនប្រុសរបស់ខ្ញុំទើបតែមានអាយុ ១១ ខែប៉ុណ្ណោះ។ ឱកូនអើយ! យើងខាននៅផ្ទះយើងទៀតហើយ យើងមិនដឹងជាទៅជ្រកកោននៅទីណានោះទេ។ ប្ដីរបស់ខ្ញុំបានឃាត់ខ្ញុំកុំឲ្យយំ។ គាត់ឱ្យខ្ញុំខំរៀបចំឥវ៉ាន់សំខាន់ៗ ដែលអាចយកទៅរួច ជាពិសេសគ្រឿងឧបភោគបរិភោគ កន្ទេលមុង ភួយ ខ្នើយ ថ្នាំពេទ្យ និងប្រាក់កាសជាដើម។ បងស្រីបងថ្លៃនិងបងប្រុសរបស់ខ្ញុំបានមកដល់។ ពួកគាត់បានពិភាក្សាគ្នាគិតរារែកមិនចង់ចាកចេញទៅទេ ចង់រង់ចាំសិន។ ខ្ញុំយល់ថា បើចង់ទៅណាត្រូវតែប្រញាប់ទៅយកឪពុកម្ដាយរបស់យើងមកនៅជុំគ្នា ព្រមទាំងក្មួយផង មិនត្រូវទៅចោលគ្នាទេ។ ខ្ញុំដឹងថា ពេលមានសង្គ្រាមដូច្នេះប្រសិនបើយើងបែកគ្នាយើងច្បាស់ជាបែករហូតហើយ ព្រោះម្ដាយឪពុករបស់ខ្ញុំចាស់ជរាផង។ យើងកំពុងតែពិភាក្សាគ្នា ស្រាប់តែពួកមិត្តបានមកបង្ខំមិនឲ្យយើងរារង់ទេ។ ខ្ញុំបាននាំគ្នាលើកឥវ៉ាន់ដាក់រទេះគោតែមួយជាមួយបងស្រីរបស់ខ្ញុំ។ ខ្ញុំមានកូនតែមួយទេ ប៉ុន្តែបងប្រុស និងបងស្រីរបស់ខ្ញុំមានកូនច្រើន។
នៅតាមផ្លូវ កងទ័ពខ្មែរក្រហមបានចង្អុលឱ្យយើងចាកចេញទៅឲ្យឆ្ងាយពីស្រុកសំដៅទៅនៅជិតព្រៃខាងជើង។ ពួកយើងបានធ្វើដំណើរទៅដល់ចុងភូមិ ហើយបានទៅជួបជុំគ្នា។ដែលមានរទេះគោជិត ១០០ រទេះក៏នាំគ្នាសម្រាកនៅក្នុងទីនោះ។ បុរសៗបានពិភាក្សាយល់ស្របគ្នារារង់ដោយមិនចេញទៅណាទៀតទេ។លុះដល់ជិតភ្លឺ ឮសូរសំឡេងគ្រាប់កាំភ្លើងបាញ់តបតគ្នាបន្តិច ក៏មានគ្រាប់បែកផ្លោងមកផ្ទួនៗ។ កងទ័ពខ្មែរក្រហមបានដេញពួកយើងទៀតឲ្យចេញទៅព្រោះខ្លាចមានគ្រោះថ្នាក់។ ពួកយើងបានចាកចេញពីទីនោះគ្រប់ៗគ្នា។បងប្អូនរបស់ខ្ញុំទាំងបីគ្រួសារបានយល់ស្របធ្វើដំណើរទៅភូមិអូរសារ៉ាយតែម្ដង។ នៅពេលទៅដល់ភូមិម្ដាយឪពុករបស់ខ្ញុំ ហាក់បីដូចជាត្រេកអរលាយឡំនឹងភាពភ័យព្រួយផង ប៉ុន្តែក្រោយមកពួកគាត់ធូរចិត្តបន្តិចវិញ បន្ទាប់ពីមានប្រជាជនជាច្រើនបានបររទេះមកដល់ភូមិជាហូរហែ។ ប្រជាជនទាំងនោះបានប្រាប់យើងថាយន្តហោះបានទម្លាក់គ្រាប់បែកឆេះផ្ទះអស់ហើយមួយជួរនៅភូមិថ្នល់ចាស់ខាងជើងហើយផ្ទះខ្លះទាហានបើកទ្វារចូលយករបស់មានតម្លៃអស់។
បន្ទាប់ពីពួកយើងបានស្នាក់នៅជុំគ្នាទាំងបីគ្រួសារបានប្រហែល ១០ ថ្ងៃ កងទ័ពខ្មែរក្រហមបានប្រាប់គ្រប់គ្រួសារថា ឲ្យទៅកាប់ព្រៃសង់ផ្ទះស្នាក់នៅទីនោះជារៀងរហូតដោយមិនឲ្យទៅផ្ទះវិញទេ។ លុះយើងបានសង់ផ្ទះគ្រប់ៗគ្រួសារហើយ ព្រៃកប់រស់នោះបានក្លាយទៅជាភូមិកប់រស់ ដែលមានប្រជាជនរស់នៅអ៊ូអរ។ យើងរស់នៅទីនោះបានប្រហែលមួយខែថ្ងៃមួយប្ដីរបស់ខ្ញុំបានមកពីផ្ទះបងស្រីរបស់ខ្ញុំដោយមានទឹកមុខសែនស្រងូតស្រងាត់។ ខ្ញុំឃើញទឹកមុខគាត់យ៉ាងដូច្នោះ ក៏ចាប់ផ្ដើមនិយាយសួរគាត់ថាមានរឿងអីបង? គាត់ឆ្លើយតបប្រាប់មកខ្ញុំវិញថា គេចាប់បុរសៗប្រហែលជាង ១០ នាក់មានស្រីចំណាស់ម្នាក់ដែរ សុទ្ធតែជាអ្នកភូមិយើងផង និងភូមិផ្សេងផង។ ខ្ញុំបន្តសួរគាត់ថា

ចុះបងប្រុសរបស់ខ្ញុំដែលរស់នៅក្នុងភូមិលាបទងដែរនោះ។ ខ្ញុំគិតថាប្រហែលជាកងទ័ពខ្មែរក្រហមរកឃើញថា ប្រជាជនមានកំហុសអ្វីមួយហើយបានចាប់ខ្លួនដូច្នេះ។ ឮដូច្នោះ ប្ដីរបស់ខ្ញុំនិយាយបន្តទៀតថា កំហុសយើងមិនដឹងប្រាកដ តែគ្មានអ្វីក្រៅពីគេចោទថាយើងចង់រត់ទៅនៅជាមួយខ្មាំងព្រោះគេដឹងច្បាស់ថា គេចាប់ពួកក្បាលម៉ាស៊ីន ឬមេខ្លោងមុនយូរហើយ។ ខ្ញុំដកដង្ហើមធំបារម្ភណាស់ខ្លាចមានឈ្មោះសមាជិកគ្រួសាររបស់ខ្ញុំដែរ។ (នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print