សិង្ហបុរីរៀបចំការបោះឆ្នោតសកលលើកទី១៤

ចែករំលែក៖

នៅថ្ងៃទី 3 ខែឧសភា អ្នកបោះឆ្នោតសិង្ហបុរីប្រហែល 2.75 លាននាក់នឹងទៅបោះឆ្នោតជ្រើសរើសសមាជិកសភាថ្មីនៅក្នុងការបោះឆ្នោតសកលលើកទី 14 របស់ប្រទេសកោះនេះ។

សារព័ត៌មាន AFP បានឱ្យដឹងថា ប្រជាជនសិង្ហបុរីបានចាប់ផ្ដើមទម្លាក់សន្លឹកឆ្នោតរបស់ពួកគេចូលក្នុងហិបឆ្នោត នៅថ្ងៃសៅរ៍ ទី៣ ខែឧសភា នៅក្នុងការបោះឆ្នោតសកលមួយដែលនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Lawrence Wong ត្រូវប្រឈមមុខនឹងការធ្វើតេស្ដជាលើកដំបូងដ៏ធំមួយតតាំងជាមួយគណបក្សប្រឆាំងដែលមានកម្លាំងខ្លាំងជាងមុន ចំពោះមុខភាពមិនច្បាស់លាស់បង្កឡើងដោយគោលនយោបាយពន្ធគយរបស់លោក ដូណាល់ ត្រាំ។
គណបក្សសកម្មភាពប្រជាជន (PAP) ដែលជាបក្សកាន់អំណាចរបស់លោក Lawrence Wong ត្រូវបានរំពឹងថានឹងឈ្នះអាសនៈភាគច្រើននៅក្នុងសភា។ ការិយាល័យបោះឆ្នោតបានបើកទ្វារនៅម៉ោង ៨៖០០នាទីព្រឹក (ម៉ោងនៅសិង្ហបុរី) សម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅរយៈពេល១២ម៉ោង ហើយលទ្ធផលបោះឆ្នោតមួយចំនួនត្រូវបានរំពឹងថានឹងត្រូវចេញផ្សាយជាបណ្ដើរៗនៅពាក់កណ្ដាលយប់ ថ្ងៃសៅរ៍នេះ។ ដោយទទួលបានប្រជាប្រិយភាពក្រោយដឹកនាំអង្គភាពប្រឆាំងកូវីដ១៩របស់សិង្ហបុរី លោក Wong បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០២៤ ជំនួសលោក Lee Hsien Loong ដែលជាកូនប្រុសរបស់បិតាស្ថាបនិកសិង្ហបុរី លោក Lee Kuan Yew។
លោក Wong បានលើកឡើងម្ដងហើយម្ដងទៀតថា រូបលោកត្រូវការអាណត្តិដ៏រឹងមាំមួយដើម្បីនាំសិង្ហបុរីឆ្លងកាត់យុគសម័យនៃភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច ដោយសារតែគោលនយោបាយពន្ធគយរបស់លោក ដូណាល់ ត្រាំ។ លោកថែមទាំងបានព្រមានទៀតផងថា សិង្ហបុរីអាចនឹងរងការយកពន្ធគយកម្រិតខ្ពស់ ប្រសិនបើលោក ត្រាំ អនុវត្តតាមការយកពន្ធគយដែលលោកបានប្រកាស និងក្រោយមក បានពន្យារ ពេល៩០ថ្ងៃ លើកលែងតែចិនមួយចេញ។ «ដូច្នេះខ្ញុំសូមនិយាយទៅកាន់ពលរដ្ឋសិង្ហបុរីទាំងអស់ សូមពិចារណាឱ្យបានល្អិតល្អន់។ វាមិនមែនជាហ្គេមមួយនោះទេ។ តែវាជាគ្រួសាររបស់អ្នក អនាគតរបស់អ្នក និងសិង្ហបុរីរបស់ពួកយើង»។ នេះជាការលើកឡើងរបស់លោក Lawrence Wong អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
សិង្ហបុរីមានប្រជាជនមានសិទ្ធិបោះឆ្នោតប្រហែល ២.៧៥លាននាក់ ដែលនឹងត្រូវបោះឆ្នោតជ្រើសរើសសមាជិកសភា ៩៧រូប ក្នុងការបោះឆ្នោតសកលនៅថ្ងៃសៅរ៍នេះ៕ ដោយធីរីណា

...

រូបថត​: Mekongasean

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print