ខេត្តកំពង់ស្ពឺ៖ ករណីផ្ទុះធ្លាយម៉ាស៊ីនខ្យល់នៅរោងចក្រដេរកាបូបយីហោ”ម៉ីសែន ហេនប៊ែក” បណ្ដាលឱ្យកម្មករ កម្មារិនីរោងចក្រចំនួន ១២នាក់បានដួលសន្លប់ ហើយត្រូវដឹកបញ្ជូនយកទៅសង្គ្រោះព្យបាលភ្លាមៗ ខណៈដែលជះចំហាយបណ្តាលជះក្លិនពេញរោងចក្រ និងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍ភ្លាមៗ។
ករណីខាងលើនេះ បានកេីតឡេីងកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ នៅចំណុចរោងចក្រដេរកាបូបយីហោ”មុីសែន ហេនប៊ែក” ស្ថិតនៅក្នុងភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា រោងចក្រដេរកាបូបនេះ គឺមានកម្មករ កម្មការនីសរុបចំនួន៨៤៣នាក់ ក្នុងនោះ ស្រី៥៥៨នាក់។ នៅពេលកើតហេតុនោះ មានកម្មករសន្លប់១២នាក់ ប្រុសម្នាក់ ត្រូវបានរថយន្តដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ២៤ម៉ោងដើមអង្គ្រង សង្គ្រោះព្យាបាល។
ប្រភពដដែលបន្តថា ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចជំនាញ និងអាជ្ញាធរ ព្រមទាំងម្ចាស់រោងចក្របានឱ្យកម្មករ កម្មការិនីសម្រាកការងារសិន ។ ដោយមូលហេតុដែលបណ្តាលឱ្យកម្មករ កម្មការិនីរោងចក្រដួលសន្លប់នោះ មកពីខូចម៉ាស៊ីនខ្យល់ ធ្វើឱ្យខ្យល់ចេញច្រាលពេញរោងចក្រតែម្តង និង បណ្តាលឱ្យកម្មកសន្លប់។
ដោយឡែកលោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនិងករណីកម្មករ កម្មការិនីរោងចក្រដួលសន្លប់នេះដែរ បានឱ្យដឹងថា ពិតជាមានករណីកម្មករ កម្មារិនីរោងចក្រដេរកាបូប យីហោ ម៉ីសែន ហេនប៊ែក ដួលសន្លប់ចំនួន១២នាក់ ប្រុសម្នាក់ពិតប្រាកដមែន ។
បច្ចុប្បន្ន នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ ករណីផ្ទុះធ្លាយម៉ាស៊ីនខ្យល់នេះ គឺមានស្ថានភាពធូរស្រាល ហើយខាងម្ចាស់រោងចក្រ ក៏បានឱ្យកម្មករចូលបំរើការងារវិញធម្មតា ។ ចំណែកកម្មករ កម្មការិនីទាំង១២នាក់ ដែលរងគ្រោះត្រូវបានអនុញ្ញាតនៅសម្រាកនៅផ្ទះដេីម្បីព្យាបាលសុខភាពឱ្យល្អប្រសើរឡើងវិញ៕ដោយ៖តារា