សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧​

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅរសៀលថ្ងៃទី​០៣​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ ខួបទី៣២ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ ” ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាព សារព័ត៍មាន និងប្រព័ន្ធផ្សព្វផ្សាយ “​ ថ្ងៃទី​៣ ឧសភា ១៩៩៣ ~ ៣ ឧសភា ២០២៥​ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ​ ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងរដ្ឋ និងឯកជនដែលបានចុះផ្សាយព័ត៌មានស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានយកដំណឹងពី បញ្ហាពលរដ្ឋប្រាប់ដល់រាជរដ្ឋាភិបាលឲ្យបានទាន់ពេលវេលាជាដើមនោះ។

-សម្តេចធិបតី បានចាត់ទុកអ្នកសារព័ត៌មានគឺជាមែកធាងគ្រប់គ្រង របស់រដ្ឋ ហើយរាជរដ្ឋាភិបាលប្រកាសថានឹងគោរពឲ្យបានល្អបំផុតចំពោះសិទ្ធអ្នកសារព័ត៌មានស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា។

-សម្តេចធិបតី ថ្លែង​ប្រកាសលើកទឹកចិត្តដល់អ្នកសារព័ត៌មានដែល បានផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ខណៈការផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈនេះ បានជួយដល់រាជរដ្ឋាភិបាលក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមអ្នកនយោបាយប្រឆាំងមួយចំនួនក្តាប់តូចនោះ។ 

-សម្ដេចធិបតី ថ្លែងអំពាវនាវឲ្យរួមគ្នាទប់ស្កាត់ព៌ត័មានក្លែងក្លាយ ជាពិសេសក្នុងយុគសម័យទំនើប ជឿនលឿននៃបច្ចេកវិទ្យា AI, សម្ដេចមានប្រសាសន៍ថា អាវុធទំនើបយ៉ាងណាក៏ដោយវាមិនដែលសម្លាប់មនុស្សទេ មានតែមនុស្សទេដែលសម្រេចចិត្តបាញ់គ្នា។

-សម្តេចធិបតី​ ថ្លែង​អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវរួមគ្នាទប់ស្កាត់នូវព័ត៌ មានក្លែងក្លាយឲ្យខាងតែបាន ខណៈផ្សព្វផ្សាយព័ត៌ត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈនោះ នឹងមិនបាត់បង់នូវទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋនោះឡើយ ថែមទាំងទទួលស្គាល់ និងមានការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើនផងដែរ។

-សម្ដេចធិបតី ថ្លែងថា​ ព័ត៌មានដែលល្អ និងមានអ្នកចូលចិត្តច្រើន គឺជាព័ត៌មានដែល ប្លែក ពិត លឿន សុក្រឹត។

-សម្តេចធិបតី ថ្លែងថា ព័ត៌មានប្លែក ពិត និងសុក្រិត្យ ពលរដ្ឋ នឹងបន្តតាមដាន និងជឿជាក់ ហើយឲ្យតម្លៃ ដូច្នេះហើយអ្នកសារព័ត៌មានទាំងអស់គប្បីត្រូវប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួនឲ្យខាងតែបានកុំបំភ្លើស កុំបំភ្លៃ។

-សម្ដេចធិបតី​ ថ្លែងថា​ បញ្ហាកាវវាស់ផ្ទៃដីក្រឡារបស់ប្រទេសកម្ពុជាយើងក៏ដូចជា នៅលើពិភពលោកក៏មានការប្រែប្រួលពីការវាសវែងផ្ទៃដីព្រំដែនដែរគឺដោយសារប្រព័ន្ធនៃការគណនានិងកត្តាបច្ចេកទេស ។

-សម្តេចធិបតី ថ្លែង​ប្រកាសអះអាងថា ផ្ទៃដីកម្ពុជាដែលមានប្រវែង ១៨១,០៣៥គីឡូម៉ែត្រការ៉េនោះ គឺមិនបានរាប់បញ្ចូលនូវកោះកម្ពុជាចំនួន៧១ និងផ្ទៃដីសមុទ្រដែលកំពុង មានបញ្ហាជាមួយប្រទេសជិតខាងនៅឡើយទេ។ 

-សម្តេចធិបតី ថ្លែងអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់កុំយកអាជីពអ្នកកាសែតទៅចុះផ្សាយនិយាយអាក្រក់ពីអ្នកដទៃ ដើម្បីតែផលប្រយោជន៍ខ្លួនឯងឲ្យសោះ ដោយត្រូវប្រកាន់ខ្ជាប់នូវសុក្រិតភាព និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន។

-សម្តេចធិបតី ថ្លែង​ផ្តាំទៅក្រុមអ្នកសារព័ត៌មានមួយចំនួនកុំយកអា ជីពអ្នកសារព័ត៌មានឯករាជ្យ ហើយទៅរំលោភបំពានសិទ្ធគេឲ្យសោះ គប្បីត្រូវគោរពគ្នាទៅវិញទៅមក ត្រូវ មានសុចរិតភាព និងត្រូវមានព្រំដែនឲ្យច្បាស់លាស់។

-សម្តេចធិបតី ថ្លែងប្រកាសលើកទឹកចិត្តដល់អ្នកសារព័ត៌មានឲ្យ មានការផ្សព្វផ្សាយនូវភាពចន្លោះប្រហោង និងកង្វះខាតរបស់មន្រ្តីរាជរដ្ឋាភិបាល ប៉ុន្តែត្រូវមានសុក្រឹតភាព និងត្រឹមត្រូវច្បាស់លាស់។

-សម្តេចធិបតី ថ្លែង​ប្រាប់ដល់អ្នកសារព័ត៌មានទាំងអស់កុំខ្លាចអត់មានអ្នកមើល ការដែលយើងផ្សព្វផ្សាយព័ត៌មានពិតប្រាកដ និងច្បាស់លាស់។

-សម្ដេចធិបតី​ ថ្លែងថា​ អ្នកសារព័ត៌មានមិនត្រឹមតែពង្រឹង​សមត្ថភាព​វិជ្ជាជីវៈនោះទេយើងត្រូវពង្រឹងសមត្ថភាព​បច្ចេកទេសដើម្បីឲ្យសារព័ត៌មានយើងកាន់តែទំនើបព័ត៌មានកាន់តែច្បាស់លាស់គ្រប់ជ្រុងជ្រោយ និង​មានការជឿជាក់មកលើអ្នកសារព័ត៌មានរបស់យើង។ 

-សម្តេចធិបតី ថ្លែងថា​ ឯកភាពតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយមិនគិតថ្លៃសេវាចំពោះការដូរDomain បរទេស មកDomain KH របស់កម្ពុជាចាប់ពីពេលនេះ ដល់ចុងឆ្នាំឆ្នាំ២០២៧ ដើម្បីលើកទឹកចិត្តឱ្យស្ថាប័នសារព័ត៌មាននានាងាកមកប្រើប្រាស់Domainដែលជារបស់កម្ពុជាវិញ។ 

-សម្តេចធិបតី ថ្លែង​អះអាងថា ការវាស់វែងដោយប្រព័ន្ធបច្ចេកទេសទំនើប ត្រឹមត្រូវ និងច្បាស់លាស់ចុងក្រោយ បង្ហាញថា ផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា គឺមាន១៨១,៤៣៦គីឡូម៉ែត្រក្រឡា ច្រើនជាងទិន្នន័យដែលវាស់វែងដោយបារាំងកាលពីជាង១០០ឆ្នាំមុន។ 

-សម្តេចធិបតី គូសបញ្ជាក់​ថា ទិន្នន័យផ្ទៃដីថ្មីនេះ  មិនទាន់រាប់បញ្ចូលកោះចំនួន៧១កោះនៅឡើយផងទេ។

-សម្ដេចធិបតី​ ថ្លែង​ថា អ្នកសារព័ត៌​មានមិនត្រឹមតែពង្រឹង​សមត្ថភាព​វិជ្ជាជីវៈនោះទេ​ ត្រូវពង្រឹងទាំងសមត្ថភាព​បច្ចេកទេសដើម្បីឲ្យសារព័ត៌មានយើងកាន់តែទំនើប​ ព័ត៌មានកាន់តែច្បាស់លាស់គ្រប់ជ្រុងជ្រោយ និង​មានការជឿជាក់មកលើអាជីពអ្នកសារព័ត៌មានរបស់យើងផងដែរ។ 

នាឱកាសនោះដែរ​ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីនៃក្រសួងព័ត៌មាន បានឲ្យដឹងថា ជំនួបមហាគ្រួសារអ្នកសារព័ត៌មាននេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងប្រចក្សនូវការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរពីសុខទុក្ខអ្នកសារព័ត៌មាន អាជីពនិងអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍ទាំងអស់របស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីហើយមួយវិញទៀតជំនួបនេះក៏ជាការបន្តថែរក្សាបាននូវកេរតំណែលនៃភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។

លោករដ្ឋមន្ត្រី​ នេត ភក្ត្រា បានលើកឡើងថា   ពិធីជួបជុំអ្នកសារព័ត៌មានប្រចាំឆ្នាំលើកទី ៧នេះប្រព្រឹត្តទៅក្នុងបរិយាកាសដែលកម្ពុជារស់ក្រោមដំបូលដ៏ត្រជាក់ នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តពីបិតាស្ថាបនិកសន្តិភាពកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ក្នុងនោះវិស័យសារព័ត៌មាននៅកម្ពុជាក៏មានការរីកចម្រើនមានសណ្តាប់ធ្នាប់ និងលំហនៃសេរីភាព សារព័ត៌មានកាន់តែរីកធំប្រកបដោយការទទួលខុសត្រូវ និងការគោរពក្រមសីលធម៌ វិជ្ជាជីវៈ សេរីភាពសារព័ត៌មានកាន់តែមានភាពប្រសើរឡើង។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ បានអះអាងថា តាមរយៈការសិក្សាដោយផ្អែកលើមូលដ្ឋាន និងវិធីសាស្ត្រស្រាវជ្រាវបែបវិទ្យាសាស្ត្ររបស់ក្រសួងព័ត៌មាន និងតាមរយៈការផ្តល់ចម្លើយលើការស្ទង់មតិអ្នកសារព័ត៌មាន ចំនួន ៨១,៤ ភាគរយ បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជាឆ្នាំ២០២៥នេះ មានភាពល្អប្រសើរខណៈ ភាពល្អប្រសើរដោយសារអ្នកសារព័ត៌មានសង្កេតលើការរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មានបានល្អ ឃើញកើនឡើងការគោរពអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ រួមនឹងវិធានការទាំងឡាយក្នុងការពង្រឹងសន្តិសុខព័ត៌មាន សិទ្ធិទទួលព័ត៌មាន គុណភាពព័ត៌មាននិងសុវត្ថិភាពព័ត៌មានមានប្រសិទ្ធភាពល្អជាដើម។

បន្ថែម​ពីនេះ​ លោករដ្ឋមន្ត្រី​ ក៏បានអះអាងថា ក្នុង​គោលដៅ​ពង្រឹងប្រសិទ្ធភាព វិជ្ជាជីវៈអ្នកសារព័ត៌មាន និង​ហេដ្ឋារចនា​សម្ព័ន្ធផ្សព្វផ្សាយ ក្រសួងព័ត៌មានបានយកចិត្តទុកដាក់លើការលើកកម្ពស់​គុណភាពព័ត៌មាន តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងអ្នកសារព័ត៌មាន, ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងការជំរុញនិងលើកទឹកចិត្តឱ្យ​ការផលិតខ្លឹមសារសម្រាប់ការផ្សព្វផ្សាយឈរលើមូលដ្ឋានការពិត ត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងប្រកបដោយ​ចំណេះដឹងជាដើម។ ក្នុងឆ្នាំ២០២៤ កន្លងទៅ និងនៅដើមឆ្នាំ២០២៥ នេះ ក្រោមកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្រសួងព័ត៌មានបានបន្តរៀបចំវគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លីសំខាន់ៗ ដល់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មាន​ស្តីពីអនក្ខរកម្មប្រព័ន្ធ​ផ្សព្វផ្សាយឌីជីថល និងការធ្វើ​សេចក្តីរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងការពង្រឹង​តួនាទីអ្នកនាំពាក្យសម្រាប់មន្ត្រីព័ត៌មាន។

លោក នេត ភត្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ បានអះអាងស្តីពីសុវត្ថិភាពព័ត៌មានថា ក្រសួងព័ត៌មានបានជំរុញការតាមដាន និងតម្រង់ទិសជាយុទ្ធសាស្ត្រលើការប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យបានរហ័សទាន់សភាពការណ៍ និងប្រសិទ្ធភាពខ្ពស់តាមគ្រប់មធ្យោបាយផ្សព្វផ្សាយ និងបណ្ដាញទំនាក់ទំនងសង្គម នៅព្រះរាជាណាចក្រកម្ពុជា ដោយបានពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងយុត្តិធម៌ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមានជាដើម។

លោក នេត ភក្រ្តា បានលើកឡើងថ ការគ្រប់គ្រងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ នៅឆ្នាំ២០២៤កន្លងទៅ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិតាមរយៈប្រព័ន្ធឌីជីថល ក្រសួងព័ត៌មានបានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនា គមន៍រៀបចំថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.com.gov.kh)។ គិតមកត្រឹមត្រីមាសទី១ ឆ្នាំ២០២៥  ក្រសួងព័ត៌មានបានចេញបណ្ណសារព័ត៌មានដែលបានបំពាក់ QR code រួចរាល់ជូនដល់អង្គភាព និងអ្នកសារព័ត៌មានបានចំនួន៨០៦២ បណ្ណ។

លោករដ្ឋមន្ត្រី​ នេត ភក្ត្រា ក៏បានរំលឹកថា ដោយមានការគាំទ្រដល់ការអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍ រាជរដ្ឋាភិបាលបានផ្តល់ការលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ ជាបន្ទុករបស់រដ្ឋក្នុងរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងបានកាត់បន្ថយថ្លៃអាជ្ញាបណ្ណស្នើសុំបង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០ភាគរយ ដើម្បីលើកទឹកចិត្តអ្នកសារព័ត៌មាន តាមប្រព័ន្ធអនឡាញឱ្យចុះបញ្ជីស្របច្បាប់។ឆ្នាំ២០២៤រាជរដ្ឋាភិបាលក៏បានលើកលែងការបង់កម្រៃសេវាសាធារណៈចុះបញ្ជីពាណិជ្ជកម្ម រយៈពេល៣ ឆ្នាំ (២០២៤-២០២៧)ផងដែរ។

លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា​ ដើម្បីពង្រឹងប្រសិទ្ធភាព និងបង្កើនសមត្ថភាពស្ថាប័នព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្រសួងព័ត៌មាន ត្រូវបន្តជំរុញការផ្លាស់ប្តូរការផ្សាយពីប្រព័ន្ធអាណាឡូកទៅឌីជីថល ជំរុញការអភិរក្សការផ្សាយតាមវិទ្យុ និងការបង្កើនសមត្ថភាពអ្នកសារព័ត៌មាន។ ក្នុងន័យនេះ ក្រសួងព័ត៌មាននឹងត្រូវរៀបចំច្បាប់ចាំបាច់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួន រួមមាន៖ ការពិនិត្យឡើងវិញច្បាប់ស្តីពីរបបសារព័ត៌មាន; ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសោតទស្សន៍;រៀបចំគោលនយោបាយអភិវឌ្ឍន៍ទូរទស្សន៍ឌីជីថលកម្ពុជា និង រៀបចំគោលនយោបាយធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។

...

លោក នេត ភក្ត្រា បានប្រកាសថា ដើម្បីអនុវត្តតាមអនុសាសន៍របស់ សម្តេចធិបតីក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីឆ្នាំ២០២៤ ក្រសួងព័ត៌មានបានរៀបចំគោលការណ៍មួយចំនួន លើការផ្តល់ការលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន។ នៅក្នុងន័យនេះ ក្រសួងព័ត៌មានសូមគោរពស្នើសុំការអនុញ្ញាតផ្តល់ការលើកទឹកចិត្ត តាមរយៈការផ្តល់មេដាយការងារជូនបងប្អូនអ្នកសារព័ត៌មាននៃស្ថាប័នរដ្ឋនិងឯកជន អ្នកមានឥទ្ធិពលក្នុង បណ្តាញសង្គម ដែលមានស្នាដៃ ក្នុងការបំពេញភារកិច្ចក្នុងការផ្តល់ព័ត៌មានប្រកបដោយគុណភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការនាំយកព័ត៌មានពិតពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលដើម្បីជាប្រយោជន៍សង្គម សុខដុមនីយកម្ម និងចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាក្នុងរបបពីរ (២) ឆ្នាំម្តងចាប់ពីឆ្នាំ ២០២៦តទៅ៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print