ភ្នំពេញ៖ ជនសង្ស័យ២នាក់បានចូលក្នុងវិហារអ៊ិស្លាមធ្វើសកម្មភាពរុះរើកាបូបបម្រុងលួចអីវ៉ាន់ ត្រូវអ្នកនៅខាងក្នុងឃើញតាមកាមេរ៉ាសុវត្ថិភាពស្រែកផ្អើលឆោឡោចាប់បានវាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅសង្គ្រោះ។
ករណីប៉ុនប៉ងលួចអីវ៉ាន់នេះកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅក្នុងព្រះវិហារអ៊ិស្លាម ខាងក្រោយសណ្ឋាគារ ភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់នៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺអ្នកនៅក្នុងវិហារអ៊ិស្លាមបាននាំគ្នាសូត្រធម៌ ដោយទុកកាបូបនិងសម្ភារមួយចំនួននៅកន្លែងផ្សេង។ ប្រភពបានបន្តថា ពេលដែលកំពុងសូត្រធម៌មានបុរសម្នាក់ដែលគាត់មិនបានចូលរួមពិធីសូត្រធម៌ បានយកទូរស័ព្ទដៃមកឆែកមើលកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យ២នាក់ ដោយម្នាក់កំពុងរុះរើកាបូបនិងម្នាក់ទៀតចាំមើលផ្លូវ។ ពេលដែលឃើញដូច្នេះក៏ស្រែកផ្អើលឆោឡោ និងនាំគ្នាចាប់ព្រួតគ្នាវាយម្នាក់មួយដៃម្នាក់មួយជើងបណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបាននាំជនសង្ស័យទាំង២នាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតទើបធ្វើកំណត់ហេតុជាក្រោយ៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...