រឿង រលកជីវិត (ត)

ចែករំលែក៖

* ខ្មែរក្រហមហៅប្ដីខ្ញុំទៅមណ្ឌលកសាងខ្លួន ÷
មួយខែក្រោយមក ប្រហែលជាម៉ោង ១ រសៀល មានមិត្តម្នាក់ដែលជាអ្នកគ្រប់គ្រងភូមិបានមកប្រាប់ដំណឹងដល់ប្ដី និងបងថ្លៃរបស់ខ្ញុំឲ្យរៀបចំខ្លួននៅពេលល្ងាចនេះ។ ពួកគេនឹងនាំខ្លួនទៅមណ្ឌលកសាងខ្លួន។ ខ្ញុំរន្ធត់ចិត្តណាស់នឹកឃើញថា យើងព្រាត់គ្នាហើយ។ ទឹកភ្នែករបស់ខ្ញុំហូរទល់មុខគ្នាជាមួយនឹងប្ដីរបស់ខ្ញុំ។ចំណែកឯកូនប្រុសរបស់ខ្ញុំក្រោកពីអង្រឹងមកស្រវាឱបឪពុកហើយស្រែកហៅថាប៉ាៗ។ ទុក្ខរបស់ខ្ញុំពីរនាក់ប្ដីប្រពន្ធគ្មានអ្វីប្រៀបបាន។ពេលនោះប្ដីរបស់ខ្ញុំលើកកូនពទៅអង្គុយលើអង្រឹងមើលមុខកូនទាំងទឹកភ្នែកហូររហាមហើយពោលទៅកាន់កូនទាំងអួលដើមកថា កូនប្រុសប៉ា ប៉ាត្រូវចាកចោលកូន និងម៉ាក់នៅពេលល្ងាចនេះហើយ។ ប៉ាស្រឡាញ់កូនណាស់កូនប្រុសប៉ា។មិនដឹងជាប៉ាបានវិលមកជួបមុខកូនវិញឬទេ កូនខំញ៉ាំបាយណាកូន កូនឈប់អ៊ឹមទឹកដោះម៉ាក់ទៅណាកូន។ ខ្ញុំខំពង្រឹងជំហររបស់ខ្លួនឯងហើយនិយាយជាមួយប្ដីរបស់ខ្ញុំថា តាមមើលទៅ បងមានកំហុសស្រាលទេបានជាគេមកឲ្យដឹងមុនអ៊ីចឹង។ ចំពោះអ្នកដែលចាប់ទៅមុនៗ គេគ្មានឲ្យដំណឹងទេ មកដល់ចាប់ចងតែម្ដង។ បងសម្រួលអារម្មណ៍ឲ្យបានធូរស្រាលណាបង។ បងនឹងបានត្រឡប់វិលវិញ។ បងពង្រឹងស្មារតីដើម្បីថែទាំសុខភាព។បងត្រូវពាក់អាវពីរជាន់ ខោពីរជាន់អាវក្នុងខោក្នុងពីរជាន់ដូចគ្នា។ បងសម្រាន្តឱ្យលក់សិនទៅខ្ញុំទៅដាំបាយសិន។
និយាយលើកទឹកចិត្តប្ដីរួច ខ្ញុំយកកូនមកជិតខ្លួនរបស់ខ្ញុំ និងរៀបចំធ្វើម្ហូប។ ពេលនោះកូនប្រុសរបស់ខ្ញុំចេះដើរតតេះតតះ និងចេះហៅម៉ាក់ប៉ាទៅហើយ។ លុះម្ហូបអាហារចម្អិមរួចស្រេច ប្ដីរបស់ខ្ញុំបានក្រោកទៅងូតទឹករួចខ្ញុំហៅគាត់ឲ្យហូបបាយ។ គាត់ថា មិនឃ្លានទេហើយក៏ហូបមិនចូលដែរ។ គាត់និយាយប្រាប់ខ្ញុំជាបណ្ដាំថា អូនមានផ្ទៃពោះជិតពីរខែមែន តាមគំនិត និងក្តីអាណិតអូន បងចង់ឱ្យអូនជំនំបងប្អូនត្រូវរកវិធីណាកុំឲ្យសាច់មួយដុំនេះនៅតទៅទៀតបាន ព្រោះបងមើលទៅ ឃើញតែផ្លូវវេទនាពេកណាស់។ អូន និងកូនប្រហែលជាមិនរស់នៅទីកន្លែងនេះជិតម្ដាយឪពុកយើងទៀតទេ។មើលទៅ ប្រាកដជាគេនឹងជម្លៀសទៅឆ្ងាយហើយ។ កូនមានតែមួយរក្សាឲ្យល្អ។ កុំបណ្ដោយឲ្យឈឺស្រាលទៅជាធ្ងន់។ ដល់វ័យកូនអាចទទួលការអប់រំបាន អប់រំកូនឲ្យមានគំនិតល្អ បង្រៀនកូនឲ្យចេះលេខអក្សរកុំឲ្យងងឹតអាប់អួ ។ អូនត្រូវត្រៀមកុំឱ្យប្រហែស បើទៅណាកុំឱ្យដាច់ស្បៀងអាហារ ថ្នាំព្យាបាល ព្រោះយើងបានទិញទុកការពារហើយ។ ប្ដីរបស់ខ្ញុំនិយាយត្រឹមនេះ ខ្ញុំបង្ខំគាត់ឲ្យហូបបាយទើបគាត់ហូប។ ខ្ញុំបង្ខំគាត់ឲ្យហូបបានច្រើន ហើយគាត់និយាយទៀតថា អូនត្រូវពង្រឹងជំហរឲ្យរឹងប៉ឹង ទៅទីណារៀបខ្លួនឲ្យចុះសម្រុងនឹងគេ ចេះបត់បែនតាមកាលៈទេសៈ។ និយាយដល់ត្រឹមនេះគាត់ទៅស្លៀកពាក់តាមការណែនាំរបស់ខ្ញុំដោយមានហ៊ុំកក្រមា រួចលើកកូនថើបបង្ហូរទឹកភ្នែកម្ដងទៀត។ ស្រាប់តែកងទ័ពខ្មែរក្រហមបានមក ហើយឲ្យទៅជាមួយនឹងបងថ្លៃរបស់ខ្ញុំ។ គេបណ្ដើរពួកគាត់ទៅតាមសម្រួល។ ប្ដីរបស់ខ្ញុំងាកក្រោយមើលមកផ្ទះ។ ខ្ញុំស្ទុះចូលទៅក្នុងផ្ទះអោបកូនដោយទ្រូងអួលណែនស្ទើរបែកធ្លាយទៅហើយ។ ចំណែកបងស្រីរបស់ខ្ញុំវិញ ក៏មិនខុសអ្វីពីខ្ញុំដែរ ចំពោះក្តីទុក្ខបារម្ភទៅលើប្ដីរបស់គាត់។ ម្ដាយឪពុករបស់ខ្ញុំបានឮដំណឹងនេះ ភ័យព្រួយចំពោះកូនអំពីសភាពការឈានទៅរកក្តីនិរាសព្រាត់ប្រាស់នេះណាស់។
បីរាត្រីកន្លងទៅហើយដែលប្ដីរបស់ខ្ញុំបានចាកចេញទៅ។ ក្នុងរាត្រីចន្ទពេញបូណ៌មី ប៉ុន្តែពុំមានឃើញពន្លឺព្រះចន្ទទេ ព្រោះតែមេឃធ្លាក់ភ្លៀងយ៉ាងច្រើនលាយឡំនឹងផ្គរលាន់ស្រែកក្រហ៊ឹមពេញមេឃ ផ្លេកបន្ទោឆ្វិតឆ្វែងគ្រប់ទិសទី។ ខ្ញុំនឹកខ្លោចចិត្តអាណិតប្ដី អាណិតកូន អាណិតខ្លួនអាណិតម្ដាយឪពុក ដែលជរាត្រូវទីពឹងកូន។ គិតសព្វគ្រប់ចង្អៀតទ្រូង ខ្ញុំបានស្រែកយំបន្ធូរអារម្មណ៍យំបន្លំនឹងសំឡេងទឹកភ្លៀងដែលកំពុងតែស្រក់ចុះឆ្លើយឆ្លងជាមួយផ្គរ។ ក្នុងចិត្តរបស់ខ្ញុំនឹកថាតើថ្មើនេះបងកំពុងធ្វើអ្វី ? តើគេឲ្យបងធ្វើអ្វី? តើបងនៅទីណា ហើយមានជម្រកសម្រាប់ជ្រកភ្លៀងដែរឬទេ?
* បន់ព្រះអង្គនាគប្រក់÷
ខ្ញុំផ្ដេកខ្លួនក្បែរកូនរបស់ខ្ញុំ បានធ្វើឲ្យខ្ញុំនឹកឃើញនូវរឿងមួយដែលខ្ញុំគិតថាជាទីពឹងពាក់ចុងក្រោយ។ខ្ញុំបានយកធូបមកអុជ និងឧទ្ទិសដល់ព្រះអង្គនាគប្រក់នៅក្នុងព្រះវិហារវត្តក្តីដើរ។ កន្លងមកព្រះអង្គធ្លាប់មានបារមីស័ក្តសិទ្ធណាស់នជាទីពឹងរបស់ជនពុទ្ធបរិស័ទជាច្រើន។ ពេលនេះខ្ញុំអុជធូបដោយប្រណម្យរំលឹកដល់ព្រះអង្គមកជួយការពាររក្សាប្ដីរបស់ខ្ញុំឲ្យគេលើកលែងទោសឲ្យ និងកុំឲ្យគេធ្វើទារុណកម្មហើយបានរស់រានមានជីវិតបានត្រឡប់មកជួបជុំក្រុមគ្រួសារវិញ។ ខ្ញុំនឹងថ្វាយបង្វាយដល់ព្រះអង្គ។ បន្ទាប់ពីបន់ស្រន់រួច ខ្ញុំបានចូលដំណេក ប៉ុន្តែមិនទាន់គេងលក់ទាំងស្រុងនោះទេ។ ខ្ញុំស្រាប់តែឃើញរូបព្រះអង្គនាគប្រក់នៅចំពោះមុខអណ្ដែតទាំងបល្ល័ង្គនៅនឹងកន្លែងនញាប់ញ័ររំជួល ប៉ុន្តែមានឆនព្វណ្ណរង្សីស្រអាប់។ ខ្ញុំដឹងខ្លួនច្បាស់ថា ព្រះអង្គនឹងទទួលបាននូវអ្វីដែលខ្ញុំបានបន់ដល់ព្រះអង្គ។ ខ្ញុំយល់ថា ព្រះអង្គនឹងយល់ពីទុក្ខសោករបស់ខ្ញុំមែន ហើយប្ដីរបស់ខ្ញុំអាចនៅមានជីវិតពិតប្រាកដ។ ៤៥ថ្ងៃក្រោយមកបងថ្លៃរបស់ខ្ញុំបានដោះលែងរួចពីការលត់ដំកសាងខ្លួនមកដល់ផ្ទះវិញ ខ្ញុំត្រេកអរណាស់។ ខ្ញុំសួរពីប្ដីរបស់ខ្ញុំ គាត់ថាចាំគេលែងលើកក្រោយទៀត។ ឮដូច្នោះហើយខ្ញុំនឹកក្នុងចិត្តថា តើលើកក្រោយយូរប៉ុណ្ណាទៅ

រួចខ្ញុំពកូនដើរត្រឡប់មកផ្ទះដោយក្នុងទ្រូងល្ហិតល្ហៃ។(នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print