ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា មានក្រុមហ៊ុនមួយរបស់បរទេសស្នើសុំគោលការណ៍ក្នុងការបង្កើតរោងចក្រផលិតបារីអេឡិចត្រូនិចនៅកម្ពុជា។ ជុំវិញការស្នើសុំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់លោកជំទាវ ចម និម្មល រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម មិនឱ្យបង្កើតរោងចក្រផលិតបារីនៅកកម្ពុជានោះទេ ទោះបង្កើតសម្រាប់នាំចេញទៅក្រៅប្រទេសក្តី។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តន៍ជាផ្លូវការ « ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥ – ២០៣០ » នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះបីកម្ពុជា មិនមានរោងចក្រផលិតបារីក៏កម្ពុជាមិនក្រនោះដែរ ហើយយើងមានជម្រើសវិនិយោគច្រើន ដូច្នេះការវិនិយោគលើការផលិតបារីអេឡិចត្រូនិច មិនបាច់ទទួលក៏បានដែរ។
ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យយុវជនដែលជាសិស្សានុសិស្សចៀសឆ្ងាយពីបារីអេឡិចត្រូនិច និងកុំហ៊ឺហារជាមួយបារីប្រភេទនេះ តែត្រូវហ៊ឺហារនឹងការខិតខំប្រឹងប្រែងរៀនសូត្រឲ្យទទួលបានលទ្ធផលល្អវិញ ទើបប្រសើរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កាជក់បារី ការប្រើប្រាស់វេបនេះ ថ្ងៃមុនក្រសួងសុខាភិបាល, ឯកឧត្តម នេត សាវឿន បានដាក់គោលការគ្រប់គ្រងមើលក្មេងៗ តាមព័ត៌មាន គឺសិស្សសាលាអីនេះ គឺប្រើច្រើន ធ្វើមិចគ្រប់គ្រងឱ្យជាប់អារឿងការប្រើប្រាស់អាវេបនេះ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យស្ថានប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ សូមជួយពិនិត្យមើល ជាពិសេសក្មេងៗសិស្សសាលា ដែលមានការជក់បារី ជក់វែប ដោយសម្តេចថ្លែងថា សិស្សសាលា មិនមែនហ៊ឺហារដោយសារជក់បារី ជក់វែប នោះទេ ភាពហ៊ឺហាររបស់សិស្សសាលាគឺជាភាពជោគជ័យនៃការសិក្សា ការរៀនសូត្រឱ្យបានពូកែ ទើបពិតជាភាពហ៊ឺហាររបស់សិស្សពិតប្រាកដ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «ថ្ងៃមុនមានប្រទេសមួយនោះ ខ្ញុំទៅ ហើយមានក្រុមហ៊ុនវិស័យឯកជនរបស់គាត់ ហើយរហូតទៅដល់រដ្ឋមន្ត្រីរបស់គាត់ មកនិយាយជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សួរពីគោលការណ៍ដើម្បីមកផលិតបារីអគ្គិសនីនៅកម្ពុជា ខ្ញុំថា មិនបាច់ទេ ទោះបីផលិតនាំចេញក៏មិនបាច់ដែរ» ៕
ដោយ ៖ សិលា