ភ្នំពេញ៖ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនក្នុងអំឡុងខែមេសា ឆ្នាំ២០២៥ថ្មីៗនេះ កម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវ និងឃាត់ខ្លួនមនុស្សសរុបចំនួន ៩០៨នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ៣៥៤ករណី ។ នេះបេីយោងតាមរបាយការណ៍ប្រចាំថ្ងៃ របស់អគ្គស្នងការនគរបាលជាតិ។
ជាក់ស្ដែងរបាយការណ៍បង្ហាញថា ពេញមួយខែមេសា បានធ្វើប្រតិបត្តិការយ៉ាងសកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងសកម្មភាពពាក់ព័ន្ធ។ ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ អាជ្ញាធរបានរឹបអូសបានសម្ភារ បរិក្ខារ និងសារធាតុញៀនជាច្រើនទៀត ដែលពាក់ព័ន្ធនឹងការផលិត និងកែច្នៃគ្រឿងញៀនខុសច្បាប់។ វត្ថុតាងដែលរឹបអូសបានទាំងនេះត្រូវបានបញ្ជូនបន្តទៅសាលាដំបូងរាជធានី ខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ។
បន្ថែមពីលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានបញ្ជូនជនសង្ស័យពាក់ព័ន្ធករណីទាំងនេះទៅតុលាការពាក់ព័ន្ធ ដើម្បីកាត់ទោសតាមក្របខណ្ឌច្បាប់របស់កម្ពុជា។ ក្រៅពីការបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន អាជ្ញាធរក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែងនៅទូទាំងវិស័យផ្សេងទៀត ដើម្បីទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅទូទាំងប្រទេសផងដែរ៕ដោយ៖តារា