ស្ថានទូត​បារាំងរៀប​ចំ​ព្រឹត្តិការណ៍«​រំឭក​​ខួប ៥០​ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ»​​ចាប់ពីថ្ងៃទី៦ ខែ ឧសភា ដល់ថ្ងៃទី២២ ខែសីហា ដើម្បីឧទ្ទិសដល់ជនរងគ្រោះ និងការចងចាំ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជារៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ៦ ខែឧសភា ដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ ដើម្បីរំឭកខួបលើកទី ៥០ នៃការដួលរលំទីក្រុងភ្នំពេញទៅក្នុងកណ្ដាប់ដៃខ្មែរក្រហម កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥។ ស្ថានទូតរៀប ចំកម្មវិធីនេះ ដើម្បីឧទ្ទិសដល់ជនរងគ្រោះ និងរក្សាការចងចាំអំពីព្រឹត្តិការណ៍ទាំងនេះ ដែលរួមបញ្ចូលកម្មវិធីពិព័រណ៍ ពិធីរំឭកវិញ្ញាណក្ខន្ធ និងការបញ្ចាំងភាពយន្ត។

យោងតាមសេចក្តីប្រកាសព័ត៌មាននៃស្ថានទូតបារាំងឱ្យដឹងថា ព្រឹត្តិការណ៍ទាំងនេះមានគោលបំណងលើក កម្ពស់ការចងចាំដល់មនុស្សជំនាន់ក្រោយ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងចំពោះទំនាក់ ទំនងជាមួយកម្ពុជា ដែលផ្អែកលើការទទួលស្គាល់អតីតកាល ការសន្ទនា និងទំនុកចិត្ត។

ស្ថានទូតរៀបចំកម្មវិធីរំឭកនឹងចាប់ផ្តើមនៅថ្ងៃទី ៦ ខែ ឧសភា វេលាម៉ោង ៦:៣០ ល្ងាច ជាមួយនឹងការបើកពិព័រណ៍«ប្រឈមមុខនឹងខ្មែរក្រហម-ស្ថានទូតបារាំងជាប់ក្នុងការដួលរលំទីក្រុងភ្នំពេញ (ថ្ងៃទី ១៧ មេសា – ៨ ឧសភា ១៩៧៥)» នៅវិទ្យាស្ថានបារាំងនៅកម្ពុជា។ ពិព័រណ៍នេះនឹងបើកឱ្យសាធារណជនចូលទស្សនាដោយសេរីរហូតដល់ថ្ងៃទី ២២ ខែសីហា ហើយជាកិច្ចសហការរៀបចំរវាងស្ថានទូតបារាំង និងវិទ្យាស្ថានបារាំង។

ឯកសារនេះឱ្យដឹងទៀតថា ស្ថានទូតនឹងរៀបចំវេទិកាពិភាក្សាជាមួយសាធារណជននឹងប្រព្រឹត្តទៅ នៅថ្ងៃពុធ ទី ៧ ខែឧសភា វេលាម៉ោង ៦:៣០ ល្ងាច នៅវិទ្យាស្ថានបារាំង ដោយមានវាគ្មិនពីររូប ដែលជាសាក្សី ផ្ទាល់ភ្នែកនៃការដួលរលំទីក្រុងភ្នំពេញគឺ លោក ហ្វ្រង់ស័រ ប៊ីហ្សូ (François Bizot) ដែលជាអ្នកជំនាញខាងពន្ធុវិទ្យា និងជាអ្នកនិពន្ធជនជាតិបារាំង និងលោក រ៉ូឡង់ ណឺវ៉ឺ (Roland Neveu) ដែលជាអ្នកថតរូបសារព័ត៌មាន។ ចំណែកឯនៅថ្ងៃទី ៨ ខែឧសភា ស្ថានទូតបារាំងនឹងរៀបចំពិធីរំលឹក និងឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់អ្នកដែលបានមកស្វែងរកការជ្រកកោននៅក្នុងស្ថានទូតបារាំង ក៏ដូចជាជនរងគ្រោះទាំងអស់ ដោយមានការចូលរួមពីអ្នករស់រានមានជីវិត សាក្សី តំណាងសង្គមស៊ីវិល តំណាងអាជ្ញាធរកម្ពុជា និងអង្គទូត ។

ជាមួយគ្នានេះ វិទ្យាស្ថានបារាំងនៅកម្ពុជា សហការជាមួយមជ្ឈមណ្ឌលបុប្ផាណា ចាប់ពីថ្ងៃទី ១០ ខែឧសភា ក្នុងការចាក់បញ្ចាំងភាពយន្ត និងភាពយន្តឯកសារប្រមាណ ១២ រឿង ដែលផ្តោតលើប្រវត្តិសាស្ត្រប្រទេសកម្ពុជាក្រោមរបបខ្មែរក្រហម។

ស្នាដៃទាំងនេះជាស្នាដៃរបស់អ្នកផលិតភាពយន្តខ្មែរ និងបរទេស ដូចជាលោក ប៉ាន់ រិទ្ធី លោក ដាវី ជូ លោក Denis Do​ លោកស្រី អែនជេលីណា ជូលី (Angelina Jolie) លោក Arthur Dong និងលោក ឆាយ បូរ៉ា ដែលបង្ហាញពីការចងចាំផ្ទាល់ខ្លួន និងការចងចាំរួម អំពីអំពើហិង្សាក្នុងរបបខ្មែរក្រហម ហើយឆ្លុះបញ្ចាំងពីបញ្ហានៃការបញ្ជូនចំណេះដឹងអំពីរបបខ្មែរក្រហម និងការតស៊ូជម្នះលើការប៉ះទង្គិចផ្លូវចិត្ត។ ​

សូមរំឭកជូនថា កាលពី៥០ឆ្នាំមុន នៅថ្ងៃដ៏សោកសៅនោះ ខណៈដែលកងកម្លាំងខ្មែរក្រហមបានចូលកាន់កាប់រាជធានីភ្នំពេញ ស្ថានទូតបានផ្តល់ជម្រកដល់ពលរដ្ឋបារាំងជាង ៥០០ នាក់ និងពលរដ្ឋប្រមាណ ១០០ នាក់មកពី ២០ ប្រទេសផ្សេងទៀត។ គេប៉ាន់ប្រមាណថា ប្រជាជនខ្មែរប្រហែល ៦០០ នាក់ក៏បានរកឃើញទីពឹងបណ្ដោះអាសន្ននៅក្នុងបរិវេណស្ថានទូតបារាំងផងដែរ។អស់រយៈពេលជាងពីរសប្តាហ៍ ទីធ្លាស្ថានទូតបានក្លាយជាទីកន្លែងហ៊ុមព័ទ្ធមួយ មុននឹងឈានទៅរកជោគវាសនាដ៏សោកសង្រេង។

ពលរដ្ឋខ្មែរត្រូវបានបង្ខំឱ្យចាកចេញជាបន្តបន្ទាប់ ហើយជនបរទេសត្រូវបានជម្លៀសទៅកាន់ប្រទេសថៃជាពីរក្រុមតាមក្បួនរថយន្ត នៅថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ៦ ខែឧសភា ឆ្នាំ ១៩៧៥៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print