ភ្នំពេញ÷ ជនសង្ស័យមួយក្រុមមានគ្នា ៧ នាក់ជិះម៉ូតូ៣ គ្រឿង បានធ្វើសកម្មភាពវាយប្លន់ម៉ូតូម៉ាកនិច ១ គ្រឿង ពីយុវជន១ក្រុម មានគ្នា ៦នាក់ ជិះម៉ូតូ២ គ្រឿង ដែលឌុបគ្នាមកពីហូបអាហារ មួយកន្លែងនៅម្តុំមុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចុនតុង។
ហេតុការណ៍វាយប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០ នាទី ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៥ នៅផ្លូវបេតុង ខាងក្រោយវត្តសំរោងអណ្ដែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុពួកគេបានណាត់គ្នាទៅហូបអីនៅមុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងដោយពួកគេ ៥ នាក់មកពីម្តុំព្រែក លៀប មកយកគ្នាម្នាក់ទៀតនៅម្តុំអ៉ីអអន២សរុបមានគ្នា ៦ នាក់ ជិះម៉ូតូ២ គ្រឿង១គ្រឿង ម៉ាកនិចនិង ១គ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥។
ជនរងគ្រោះបានបន្តថា លុះនៅមុនវេលាម៉ោងកើតហេតុ ពួកគេបាននាំគ្នាត្រឡប់មកវិញ ដោយជូនមិត្តម្នាក់ដែលស្នាក់នៅម្តុំអ៉ីអ៉ម២ ទៅផ្ទះវិញ។ ពេលមកដល់ផ្លូវបេតុងវត្តសំរោងអណ្ដែត ស្រាប់តែឃើញជនសង្ស័យ ១ ក្រុម មានគ្នា ៧ នាក់ ជិះម៉ូតូចំនួន ៣ គ្រឿង បានជិះដេញ និងកាក់ម៉ូតូពួកគាត់ ហើយស្រែកថា «ពួកឯងឌឺអី» ហើយក៏យកមួកសុវត្ថិភាពមកវាយ ព្រមទាំងយកដុំថ្មគប់ពួកគាត់ទាំង៣នាក់ដែលជិះលើម៉ូតូបណ្ដាល ឲ្យដួលម៉ូតូ ហើយរត់ចោលម៉ូតូ។ ភ្លាមៗ ជនសង្ស័យ ក៏ បាននាំគ្នាលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្ដង។ ម៉ូតូដែលជនសង្ស័យប្លន់ម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CS-1947។
ក្រោយពេលកើតហេតុ នគរបាលសង្កាត់គោកឃ្លាង បានមកដល់នាំជនរងគ្រោះយកទៅសួរនាំបន្តនៅប៉ុស្តិ៍នគរបាល ដើម្បីដាក់ពាក្យបណ្ដឹងតាមស្រាវជ្រាវរកជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕