ខេត្តស្វាយរៀង៖ រោងការមួយកន្លែងដួលរាបដល់ដីនិងខូចខាតផ្ទះ៩ខ្នង ដោយសារ
ខ្យល់កន្ត្រាក់លាយឡំនឹងផ្គររន្ទះ ប៉ុន្តែសំណាងល្អមិនមានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។
យោងតាមអនុសាខាកាកបាទក្រហមកម្ពុជាស្រុករំដួលបានឲ្យដឹងថា នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៨និង១០នាទី មានករណីខ្យល់កន្រ្តាក់លាយឡំភ្លៀងបក់បោកយ៉ាងខ្លាំងបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋខូចខាតចំនួន ៩ខ្នងនៅឃុំបុសមន ក្នុងនោះរលំទាំងស្រុងចំនួន២ខ្នង ខូចខាតមធ្យមចំនួន២ខ្នង និងស្រាលចំនួន៥ខ្នងផ្ទះ។
បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ មេឃខ្មៅមានភ្លៀងរន្ទះខ្យល់បោកបក់យ៉ាងខ្លាំង។ លុះមួយសន្ទុះក្រោយមកស្រាប់តែមានដំបូលផ្ទះប្រក់ស័ង្កសីពណ៌ខៀវ ហោះហើរមកធ្លាក់ពីលើរោងការតែម្តងបណ្តាលឲ្យដួលរោងការនិងតុកៅអីដួលពេញដី។
ប្រភពបានបន្តទៀតថា នៅក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្សរងរបួសអ្វីនោះទេគ្រាន់តែខូចខាតរោងការ ហើយរោងការនេះជាថ្ងៃចូលរោង បើចំថ្ងៃហូបការធំវិញ មិនដឹងថាមានមនុស្សប៉ុន្មាននាក់រងរបួសនោះទេ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តស្វាយរៀងតែងតែអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ ខណៈពេលមេឃភ្លៀង ផ្គររន្ទៈះ សូមបិទវិទ្យុ ទូរទស្សន៍ ទូរស័ព្ទ និងរកកន្លែងមានសុវត្ថិភាព ជៀសវាងជួបគ្រោះថ្នាក់ដោយគ្រោះធម្មជាតិជាយថាហេតុ៕