រោងការមួយកន្លែងដួលរាបដល់ដីនិងខូចខាតផ្ទះ៩ខ្នង ដោយសារខ្យល់កន្ត្រាក់លាយឡំនឹងផ្គររន្ទះនៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង​៖ រោងការមួយកន្លែងដួលរាបដល់ដីនិងខូចខាតផ្ទះ៩ខ្នង ដោយសារ

ខ្យល់កន្ត្រាក់លាយឡំនឹងផ្គររន្ទះ ប៉ុន្តែសំណាងល្អមិនមានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។​

យោងតាមអនុសាខាកាកបាទក្រហមកម្ពុជាស្រុករំដួលបានឲ្យដឹងថា នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៨និង១០នាទី មានករណីខ្យល់កន្រ្តាក់លាយឡំភ្លៀងបក់បោកយ៉ាងខ្លាំងបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋខូចខាតចំនួន ៩ខ្នងនៅឃុំបុសមន ក្នុងនោះរលំទាំងស្រុងចំនួន២ខ្នង ខូចខាតមធ្យមចំនួន២ខ្នង និងស្រាលចំនួន៥ខ្នងផ្ទះ។

បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ មេឃខ្មៅមានភ្លៀងរន្ទះខ្យល់បោកបក់យ៉ាងខ្លាំង។ លុះមួយសន្ទុះក្រោយមកស្រាប់តែមា​នដំបូលផ្ទះប្រក់​ស័ង្កសី​ពណ៌​ខៀវ ហោះហើរមកធ្លាក់ពីលើរោងការតែម្តងបណ្តាលឲ្យដួលរោងការនិងតុកៅអីដួលពេញដី។​

ប្រភពបានបន្តទៀតថា នៅក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្សរងរបួសអ្វីនោះទេគ្រាន់តែខូចខាតរោងការ ហើយរោងការនេះជាថ្ងៃចូលរោង បើចំថ្ងៃហូបការធំវិញ មិនដឹងថាមានមនុស្សប៉ុន្មាននាក់រងរបួសនោះទេ។​

ជាមួយគ្នានេះ អាជ្ញាធរខេត្តស្វាយរៀងតែងតែអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះ​គ្រោះធម្មជាតិ ខណៈពេលមេឃភ្លៀង ផ្គររន្ទៈះ សូមបិទវិទ្យុ ទូរទស្សន៍ ទូរស័ព្ទ និងរកកន្លែងមាន​សុវត្ថិភាព​ ជៀសវាងជួបគ្រោះថ្នាក់ដោយគ្រោះ​ធម្មជាតិ​ជាយថាហេតុ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print