ប្រទេសឥណ្ឌូណេស៊ី៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងវេទិកាអន្តរជាតិ នៅប្រទេសឥណ្ឌូណេស៊ី យ៉ាងដូច្នេះថា៖ ការចូលរួមរបស់វៀតណាមដែលបានចូលរួមជួយកម្ពុជា ប្រឆាំងជាមួយខ្មែរក្រហម ហើយបើកឱ្យកម្ពុជាស្វែងរកសន្តិភាពមកដល់ពេលបច្ចុប្បន្ន។
សម្តេចប្រធានព្រឹទ្ធសភា ក៏បានបដិសេធការចោទប្រកាន់ថា វៀតណាម រំលោភដែនអធិបតេយ្យរបស់កម្ពុជា ហើយពន្យល់ថា ប្រសិនបើសម្តេចមិនពឹងវៀតណាម តើប្រទេសណាជួយកម្ពុជា ខណៈខ្មែរក្រហមកំពុងកាប់សម្លាប់ពលរដ្ឋខ្លួនឯង។
ជាមួយគ្នានេះ សម្តេចតេជោ បានសម្រក់ទឹកភ្នែក នៅក្នុងវេទិកាអន្តរជាតិ ក្នុងប្រទេសឥណ្ឌូណេស៊ី នៅពេលនឹកដល់រឿងរ៉ាវដែលកើតឡើងពេលកម្ពុជាមានសង្គ្រាមរាំរៃកាប់សម្លាប់ខ្មែរគ្នាឯង ហើយប្រទេសជាតិក្លាយជាភ្នក់ភ្លើង និងបែកបាក់ប្រពន្ធកូន ចេញស្វែងរកសន្តិភាពជូនជាតិ និងនាំសន្តិភាពមកដល់ពេលបច្ចុប្បន្ន។
សម្តេចតេជោ បានថ្លែងបន្តថា ប្រសិនបើវៀតណាមចង់រំលោភយកទឹកដីកម្ពុជា គឺមានជម្រើសច្រើន ពោលគឺវៀតណាមអាចកុំជួយកម្ពុជាហើយទុកឱ្យសង្គ្រាមរាំរៃផ្ទៃក្នុងកម្ពុជា ហើយខ្មែរនឹងដាច់ពូជ ហើយវៀតណាមមានឱកាសអាចលេបយកទឹកដីកម្ពុជាតែម្តង ឬក៏ជួយកម្ពុជាហើយវៀតណាមក៏អាចវៃយកតែម្តង។ ប៉ុន្តែវៀតណាមមិនបានធ្វើយ៉ាងដូច្នេះទេ ថែមទាំងគោរពសេចក្តីសម្រេចចិត្តរបស់កម្ពុជាថែមទៀតផង៕ដោយ៖ស តារា